ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌីជី​បន្ត​រៀប​ចំ​សិក្ខា​សាលា​ស្តីអំពី​អាជីវ​កម្ម​តាម​ប្រព័ន្ធ​អីុនធើរណេត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​បង្កើន​ការ​យល់ដឹង​ទាក់ទង​នឹងការ​ប្រើប្រាស់​អីុនធើរណេត​ឱ្យ​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ប្រសើរ​ក្រុម​ហ៊ុន​អីុនធើរណេត​ឌីជីបាន​និងកំពុង​បន្ត​បេសក​កម្មរបស់​ខ្លួនក្នុង​ការ​រៀបចំសិក្ខាសាលា​មួយស្តី​អំពី «អីុនធើរណេត​សម័យ​ទំនើប ៖ យល់ដឹង ដើម្បី​អាជីព» នៅ​តាមគ្រឹះស្ថាន​ឧត្តមសិក្សា​នានា​នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុងចំណោម​នោះផង​ដែរ នាព្រឹកថ្ងៃទី១៦ សីហា ឌីជីបាន​រៀបចំ​សិក្ខា​សិលា​នេះ​ឡើង​នៅ​សកល​វិទ្យាល័យ​ឯកទេស​នៃកម្ពុជា​ដែលមាន​វត្តមានពី​​ចូល​រួម​សំណាក់​សិស្ស និសិ្សត ព្រមទាំង​​សាស្ត្រា​ចារ្យយ៉ាង​ច្រើនកុះ​ករ។ គួបញ្ជាក់​ឱ្យ​ដឹង​ផងដែរ​ថា វិស័យ​ព័ត៌មាន​វិទ្យានៅ​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុងតែ​មានការ​រីក ចំរើន គួរ ឱ្យ​កត់​សម្គាល់។ វិស័យ​នេះបាន​ដើរតួ​នាទីយ៉ាង​សំខាន់​ក្នុងការ​ប្រកប​ការ​ងារ​ការសិក្សា​ស្រាវ​ជ្រាវ ការ​ទំនាក់ទំនង ព្រមទាំងការ​កម្សាន្ត ផ្សេងៗ។ ប៉ុន្តែអ្វីដែល​អ្នកប្រើប្រាស់​អីុនធើរ​ណេតនៅ​កម្ពុជា​ដែល​ភាគ​ច្រើន គឺជា​សិស្ស និស្សិត​មិនទាន់​សូវបាន​នឹកគិត​ដល់នោះ គឺ​ការ​យក​ប្រព័ន្ធ​អីុនធើរណេត​មកធ្វើជា​មធ្យោ​បាយ​មួយក្នុង​ការរក​ប្រាក់ចំណូល។

ប្រធាន​ផ្នែកទីផ្សារ​នៃក្រុម​ហ៊ុនឌីជី លោក​នាក់ ឡុងឃាង បានមាន​ប្រសាសន៍​ថា «គោល​ដៅចម្បង​នៃសិក្ខា​សាលា​នេះ គឺផ្លាស់​ប្តូរ និង​បំផុស​ទស្សនៈ​របស់​សិស្ស និសិ្សតដែល​ធ្លាប់តែយល់ថា អីុនធើរណេត គឺអាច​ប្រើ​ប្រាស់បាន​សម្រាប់តែធ្វើការ​ស្រាវ​ជ្រាវ​សិក្សា ប្រាស្រ័យ​ទាក់ទង និង​កម្សាន្ត​ ឱ្យ​បែរ​មក​ប្រើប្រាស់​អីុនធើរណេត ដើម្បីធ្វើ​អាជីវ​កម្មរក​ប្រាក់​ចំណូល​វិញម្តង។ ខណៈពេល​នេះ​យើង​កំពុង​តែណែនាំ​ពួកគាត់​អំពីអាជីវ​កម្មមួយ​ដែល​ពួកគាត់​មិន​ចាំ​បាច់​ចំណាយទុន​អ្វីច្រើន​ឡើយ គឺពួក​គាត់ពឹងផ្អែក​សំខាន់ទៅ​លើភាព​ប៉ិនប្រសប់​របស់ពួក​គាត់​ប៉ុណ្ណោះ នោះគឺអាជីវ​កម្មតាម​ប្រព័ន្ធ​អីុនធើរណេត។ ម្យ៉ាង​ទៀត​ពួក​គាត់អាច​បង្កើតការងារ ដោយខ្លួន​ឯងស្រប​ពេល​ជាមួយ​នឹងការ​ប្រកួត​ប្រជែងនៃ​ទីផ្សារការ​ងារនៅ​កម្ពុជា​ទៀតផង។

តាមរយៈ​សិក្ខា​សាលា​នេះ ឌីជីបាន​ជំរុញ ផ្តួច​ផ្តើម​គំនិត​ក៏ដូចជា​ផ្តល់​ឱកាសដល់​សិស្ស និសិ្សត​ដែលមាន​គំនិតល្អលើ​អាជីវ​កម្មតាម​ប្រព័ន្ធ​អីុនធើរ​ណេត​ធ្វើការ​អនុវត្ត និងបញ្ចេញ​ភាព​ប៉ិន​ប្រសប់​របស់ខ្លួន​ផង​ដែរ។ ដោយក្នុង​នោះ ឌីជី នឹងធ្វើការ​គាំទ្រ ព្រមទាំង​ផ្ដល់ជំនួយ​លើផ្នែក​ហិរញ្ញវត្ថុ ក៏​ដូច​ជា​គំនិត​ចំពោះ​អ្នកដែល​នឹងត្រូវ​ជ្រើសរើស​ក្នុងការ​ចាប់ផ្ដើម​គម្រោង​អាជីវ​កម្មនេះ ហើយពួកគាត់​អាចដាក់​ពាក្យ​ជាមួយ​នឹង​គម្រោង​អាជីវ​កម្ម​របស់​គាត់​តាម​រយៈ​គេហ​ទំព័រ http://www.digi.com.kh/education។ បន្ថែមពី​នេះ ឌីជី នឹង​ត្រូវបាន​ផ្តល់ឱកាស​ការងារ​នៅ​ក្រុម​ហ៊ុន​រ​បស់​ខ្លួន​ចំពោះ​អ្នក​ដែល​មាន​ភាព​ប៉ិន​ប្រសប់​ជាង​គេ​ទៀត​ផង៕