រាជធានីភ្នំពេញ ៖ បើទោះបីជាសាលាខណ្ឌដូនពេញ ក៏ដូចជាអាជ្ញាធរសង្កាត់ធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលមកកម្សាន្តតាមមាត់ទន្លេ និងរមណីយដ្ឋានត្រូវតែបោះសំរាមក្នុងធុងសំរាម និងការបន្ទោបង់ត្រូវចូលបន្ទប់អនាម័យ ក៏ប៉ុន្តែនៅតែមានជនអគតិមួយចំនួនតូចលួចបន្ទោបង់តាមច្រាំងទន្លេ និងបោះចោលសំរាមពាសវាលពាសកាលដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់បរិស្ថាន ទើបនៅព្រឹកថ្ងៃទី១៦ សីហា ២០១២ លោកសុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីលោកអភិបាលរង ចៅសង្កាត់ទាំង១១ ព្រមទាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសរុបជាង១០០នាក់ ចុះធ្វើអនាម័យ និងបាញ់ទឹកលាងច្រាំងទន្លេចាប់ពីសួនច្បារផ្សារកណ្តាលរហូតដល់វេទិកាបុណ្យអុំទូកមុខព្រះបរមរាជវាំង។
លោកអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា យា៉ងតិចក្នុងមួយសប្តាហ៍យើងត្រូវតែធ្វើអនាម័យ និងបោសសំអាតតាមមាត់ទន្លេ និងបាញ់ទឹកលាងច្រាំងទន្លេឲ្យបានមួយដងដែរ ដោយមានសង្កាត់ទាំង១១ និងផ្សារ ព្រមទាំងមន្រ្តីការិយាល័យចំណុះខណ្ឌចូលរួម ហើយទីក្រុងស្អាតត្រូវតែមានការចូលរួមចំណែកពីប្រជាពលរដ្ឋមន្រ្តីរាជការ ដោយមិនអាចខ្វះបាននោះទេ ។ នេះគឺជាការពញ្ញាក់មួយ ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌរាជធានី ថែរក្សាអនាម័យ បរិស្ថាន។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ