រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនមួយព្យាយាមបើកវ៉ារថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងមិនផុតជួបឧបសគ្គជាន់ហ្រ្វាំងបង្ខំរេចង្កូតទៅបុកចំទ្វាររថយន្តដឹកកុងតឺន័រមួយគ្រឿងទៀតរបស់ក្រុមហ៊ុនមួយផ្សេងទៀត ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យបត់ក្បាល និងរយះកាប៊ីនរងការខូចខាតធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាពុំបង្កឱ្យអ្នកបើកបររងរបួសឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៦ សីហា នៅមុខផ្ទះលក់គ្រឿងសំណង់យីហោទេព សោភ័ណ្ឌ ផ្ទះលេខ៤៣៩អា ផ្លូវជាតិលេខ៥ ភូមិទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដឹកកុងតឺន័រម៉ាកនីស្សាន់ពណ៌ខៀវ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងមានល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុក៏បានបើកវ៉ារថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងដែលនៅពីមុខ។ តាមសាក្សីបន្តទៀតថា ខណៈពេលបើកវ៉ាក៏ប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ហើយអ្នកបើករថយន្តកុងតឺន័របានជាន់ហ្រ្វាំង ក៏រេចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងជ្រុលទៅបុកចំទ្វាររថយន្តដឹកកុងតឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យរថយន្តកុងតឺន័រដែលបុកគេកៀបជាប់អូសត្រឡប់ក្បាល រយះកាប៊ីនស្ទើរតែដាច់ចេញធ្លាក់ទាំងអស់។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកបើករថយន្តបង្ករួមជាមួយព្រូម្នាក់បានចុះពីលើរថយន្តទាំងព្រលឹងចុងសក់ ដោយពុំមានរងរបួសគេចខ្លួនបាត់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ