រាជធានីភ្នំពេញ ៖ ៖លោកកោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ សីហា បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ១-ឈ្មោះឡេ យ៉ាំងមីញ ភេទប្រុស អាយុ៤០ឆ្នាំ ២-ឈ្មោះ ង្វៀង ធីហុង ភេទស្រី អាយុ៤៧ឆ្នាំ ៣-ឈ្មោះឡៃ ធីមី ភេទស្រី អាយុ២៥ឆ្នាំ ៤-ឈ្មោះជិន ធីមិញធូ ភេទស្រី អាយុ ៤៥ឆ្នាំ និង៥-ឈ្មោះផាត់ ប៊ុនឆន ភេទប្រុស ដាក់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ។
ផ្តន្ទាទោសឈ្មោះយឿង មិនលួង ភេទប្រុស អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល ព្រមទាំងផ្តន្ទាទោសកំបាំងមុខឈ្មោះយូ ប៊ុនសាយ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិអូស្រ្តាលី ដាក់ពន្ធនាគារ៣០ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ព្រមទាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសរូបនេះដើម្បីយកមកអនុវត្តទោសតាមសាលក្រម ។ ជាមួយនេះ តុលាការក៏បានបើកផ្លូវឱ្យប្តឹងទាស់ និងឧទ្ធរណ៍ផងដែរ ។
គួររំលឹកថា មនុស្សប្រុសស្រីទាំង៦នាក់ខាងលើ បានត្រូវសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២១ មេសា នៅផ្ទះជួលលេខ៩៣និងលេខ៩៥ ផ្លូវលេខ១៦៦ ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។
ជាមួយនឹងការឃាត់ខ្លួនមនុស្សទាំងនេះ នគរបាលបានដកហូតសម្ភារមួយចំនួន ដើម្បីទុកធ្វើជាវត្ថុតាងមានដូចជា ម៉ាស៊ីនក្រឡុកសារធាតុផ្សំចំនួន៦គ្រឿង ម្សៅសារធាតុពណ៌ប្រផេះទម្ងន់២ក្រាម ម្សៅពណ៌សទម្ងន់៣៦,៥គីឡូក្រាម ម្សៅពណ៌លឿង៦៦ក្រាម ម្សៅពណ៌ខៀវខ្ចី៣,៥គីឡូក្រាម ម្សៅពណ៌បៃតងខ្ចី៤,៨គីឡូក្រាមម្សៅពណ៌ពងមាន់១១គីឡូក្រាម សារធាតុផ្សំគ្រឿងញៀនហេរ៉ូអីុនចំនួន២ដុំ ក្នុង១ដុំទម្ងន់១គីឡូក្រាមមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ៕



ចែករំលែកព័តមាននេះ