រាជធានីភ្នំពេញ ៖ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី១៦ សីហា មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ថ្លែងក្នុងសុន្ទរកថា នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីសូរ ឃុន បានឱ្យដឹងថា យើងបានឯកភាពទាំងស្រុងទៅលើទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ដែលបានលើកឡើងក្នុងរបាយការណ៍ ។
គ្រប់បណ្តាបទអន្តរាគមន៍ទាំងអស់សុទ្ធតែបានរំលេចឡើងនូវរាល់បណ្តាបញ្ហាប្រឈម និងបណ្តាវិធានការសំខាន់ៗ មានគំនិតច្នៃប្រឌិតដោយភាពប៉ិនប្រសប់ក្នុងការដោះស្រាយ ដឹកនាំ គ្រប់គ្រង និងការធ្វើសេវាកម្ម អាជីវកម្ម កន្លងមក ។ ហើយនេះក៏ជាវេទិកានៃការរៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ការយល់ដឹងក្នុងការដឹកនាំធ្វើសកម្មភាពការងារឆ្ពោះទៅរកភាពរីកចម្រើន ។ការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់អង្គប្រជុំ គឺបន្តជំរុញការពង្រឹង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យទាំង២ឱ្យដល់ទីជនបទ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ជំរុញកំណើនសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមចក្ខុវិស័យកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រីបន្តថា រយៈពេលកន្លងមក យើងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីគោលដៅ «ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងការពង្រឹងសេវាកម្មទាំង២ឱ្យកាន់តែប្រសើរជាងមុន ឆ្ពោះទៅទីជនបទ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់» ។ពិសេសការអភិវឌ្ឍធនធានមនុស្ស ការរៀបចំគោលនយោបាយច្បាប់ លិខិតបទដ្ឋាន ការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរូបវន្ត ។ល។ ចំពោះវិធានការសំខាន់ៗមួយចំនួនជាយុទ្ធសាស្ត្រសម្រាប់បន្តអនុវត្តដូចខាងក្រោម ៖
១- បន្តអនុវត្តគោលនយោបាយកែទម្រង់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយយកចិត្តទុកដាក់ពង្រឹងកិច្ចដំណើរការធ្វើអាជីវកម្មរបស់ទូរគមនាគមន៍(ទ.ក) និងប្រៃសណីយ៍កម្ពុជា(ប.ក) ។ ជំរុញការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា(ប.ទ.ក) និងការរៀបចំមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) ។
២- បន្តជំរុញកសាងលិខិតបទដ្ឋាននៃវិស័យនីមួយៗ តាមដានត្រួតពិនិត្យការអនុវត្តជាក់ស្តែងធានាឱ្យទទួលបានប្រសិទ្ធភាពដូចការរំពឹងទុក ។
៣- ជំរុញការលើកទឹកចិត្តចំពោះការចូលរួមវិនិយោគវិស័យឯកជន ពិសេសការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរួម(Backbone Sharing) ។
៤- បន្តយកចិត្តទុកដាក់ដល់ការគ្រប់គ្រង ថែរក្សា និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរួម(Backbone Sharing) ។
៥- បន្តយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងតួនាទីស្ថាប័នគ្រប់គ្រង ។
៦- យកចិត្តទុកដាក់សហការឱ្យបានប្រសើរជាមួយប្រតិបត្តិករជាដៃគូ ៕


ចែករំលែកព័តមាននេះ