ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​អប់រំ​​​​ផ្តាច់​​​​​សារធាតុញៀន​​​ទទួល​​​​អំណោយ​​ឧបត្ថម្ភ​​​​ពី​នាយឧត្តម​សេនីយ៍​​​​​ចាយ សាំងយុន​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នៅព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ លោក​នាយឧត្តមសេនីយ៍ ​ចាយ​ សាំងយុន រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​​ជាតិ​ បានអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ​​និង​​​នាំ​យក​​​​អំណោយ​​​ទៅ​ផ្តល់​​ជូន​ដល់​យុវជន​ទទួលការ​អប់រំ​ផ្ដាច់សារធាតុញៀននៅបញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថខេត្ត និង​អម​ដំណើរដោយ​លោក​​ឧត្តម​សេនីយ៍ឯក​ឡាញ់ កៅ មេបញ្ជាការ​ទ័ព​រថ​​ក្រោះ​និងលោក​​ឧត្តម​សេនីយ៍ត្រី​ ភ្លន់ តារា មេ​​បញ្ជាការ​​​តំបន់​​​ប្រតិបត្តិការ​សឹករង​​ខេត្ត ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រា៊ង​ មេបញ្ជា​ការ​រងកង​រាជអាវុធហត្ថលើផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថខេត្ត ​មានប្រសាសន៍​​ថា​ ទន្ទឹម​នឹង​ការខិតខំ​អនុវត្តតួនាទី​ភារកិច្ចស្នូល​ឱ្យ​បានជោគជ័យ និងប្រសិទ្ធភាពនោះ អង្គភាព​​លោក​ក៏បានបំពេញ​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ចាប់​តាំងពី​ឆ្នាំ​២០០២​មកម្លេ៉ះ  ដោយ​បាន​ទទួល​ការ​អប់រំ​ផ្ដាច់សារធាតុ​ញៀន​ដល់​យុវជន​ប្រើ​ប្រាស់​បំពាន​សារធាតុញៀន​ ដើម្បីស្ដារ​នីតិ​​សម្បទាពួក​គេឡើង​វិញ ។ ​រហូត​មកដល់​បច្ចុប្បន្ន​មាន​យុវជន​មកទទួល​សេវានេះ​២.១០០​នាក់​ បានជាសះស្បើយ ហើយវិលត្រឡប់ទៅ​សហគមន៍​របស់ពួកគេវិញ​ចំនួន១.៩៣៧​នាក់​កំពុង​នៅបន្ត១៧១​នាក់ ហើយ​នឹងទទួល​បន្ត​បន្ទាប់ទៀត ។

លោកឧត្តមសេនីយ៍ទោរ័ត្ន ស្រ៊ាង បាន​បន្ត​ថា ការងារមនុស្សធម៌នេះ កងរាជ​អាវុធ​ហត្ថពុំ​អាចធ្វើ​តែ​ឯកឯង​បានទេ គឺដោយ​បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពីសម្ដេច​តេជោ ហ៊ុន សែន  នាយក​រដ្ឋ​មន្ត្រី​ និងលោកជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ពីលោក​​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធ​​ហត្ថ​លើផ្ទៃ​ប្រទេស​​អាណាព្យាបាល និងសប្បុរសជន​ជាតិ-អន្តរ​ជាតិ​ជាច្រើនទៀត ។ យុវជន និងកុមារ៣​ប្រភេទ​មកពីទូទាំងប្រទេស​​រហូត​ពីក្រៅប្រទេស​ បាន​មកទទួល​សេវានេះ​ដែល​​វិធីព្យាបាល​តាម​លក្ខណៈ​​ធម្មជាតិប៉ុណ្ណោះ ​ជារួម​មានការ​​អប់រំ​​កាយ​សម្បទា​ដោយ​ហ្វឹកហាត់​បញ្ចេញ​អស់សារ​ធាតុ​ញៀន​ និងអប់រំ​ចិត្តសាស្ត្រ​​ មាន​ច្បាប់រដ្ឋ ច្បាប់​សីល​ធម៌ សាសនាជាដើម ។

លោកនាយ​ឧត្តមសេនីយ៍ ចាយ សាំងយុន  មាន​​ប្រសាសន៍​ថា កងរាជ​អាវុធ​ហត្ថ​​ខេត្ត​បន្ទាយ​​មានជ័យ​បានចាប់ផ្ដើម​ទទួល​អប់រំ​យុវជន​ញៀន​គ្រឿងញៀន​មុនគេ​បង្អស់​នៅ​ក្នុង​​ប្រទេស​ និង​បានបន្តជួយ​ការងារមនុស្សធម៌​ដ៏សំខាន់​ ហេតុ​នេះហើយ​ធ្វើឱ្យយុវជន​ដែលមក​ទទួល​សេវា​ព្យាបាលនៅទីនេះ​​ត្រូវអនុវត្ត​តាមគ្រូ​បង្វឹក​បន្សាប​​សារធាតុញៀន​ ដើម្បីបានស្ដារ​កាយ​សម្បទា​វិលមកជាកូនល្អ ពលរដ្ឋល្អឡើងវិញ​ ។ លើស​ពីនេះ​ទៀត សុំជួយ​ទប់ស្កាត់​ខ្លួនឯង ​និង​​មិត្តភិក្តកុំឱ្យធ្លាក់ខ្លួនញៀនថ្នាំញៀនជាថ្មី​ កសាង​ខ្លួននិង​កសាង​សង្គម​គ្រួសារតូចឱ្យបាន ​ល្អ ។

លោករដ្ឋលេខា​ធិការ​ បានបញ្ជាក់ថា នៅ​ពេល​ក្មួយៗ​ទទួល​អប់រំ​ផ្ដាច់​សារ​ធាតុញៀន​ ត្រូវ​អនុវត្ត​តាមកម្មវិធី​របស់​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​​តាមរយៈ​គ្រូបង្វឹក​ ក៏ដូច​ជា​  ក្មួយ​ៗ​បានជួយខ្លួនឯង​ ជួយក្រុមគ្រួសារ​និង​សង្គម​​ជាតិ​ ដែល​ជាគោលដៅ​អនុសាសន៍​របស់​សម្ដេច​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​បាន​លើកឡើង​​​ផងដែរ ។ ក្នុង​ឱកាស​​​នោះ​ លោក​​​រដ្ឋលេខា​ធិការ​បាន​ឧបត្ថម្ភ​អំណោយ​ដល់យុវជន​អប់រំ​ផ្ដាច់​សារធាតុ​ញៀន​នៅបញ្ជាការ​​ដ្ឋាន​​កងរាជ​អាវុធ​ហត្ថបន្ទាយ​មានជ័យ ​មាន​អង្ករ​ចំនួន​២,៥តោន មី៥០កេស នំ២០ធុង និង​​លុយ​​ចំនួន​៣លានរៀល គ្រាន់ជួយទុកឱ្យក្មួយៗ​សម្រាប់​ការហូបចុក ៕