រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានឆាប ឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីការទុស្សេចរន្តរអគ្គិសនីបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ហើយរថយន្តពន្លត់អគ្គិភ័យបានត្រៀមចេញអន្តរាគមន៍បាញ់ពន្លត់ទៀតផង ប៉ុន្តែក្រោយមកភ្លើងបានរលត់ទៅវិញបន្ទាប់ពីសមត្ថកិច្ចយកបំពង់ពន្លត់អគ្កិភ័យបាញ់អស់ចំនួន១០បំពង់ ។ ហេតុការណ៍នេះបានធ្វើឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរៗនោះភ័យព្រលឹងចុងសក់គ្រប់ៗគ្នាផងដែរ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវចោមចៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព៌ត័មានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានការទុស្សេខ្សែភ្លើងតិចៗទេ លុះបន្តិចក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនិងលាន់ឮសំឡេងគួរឱ្យខ្លាចបំផុត ខណៈនោះប្រជាពលរដ្ឋដែលមានទីលំនៅក្បែរកន្លែងកើតហេតុមានការភិតភ័យយ៉ាងខ្លាំង ព្រោះខ្លាចឆាបឆេះរាលដាលដល់ផ្ទះរបស់ខ្លួន ។ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ចំណែកឯរថយន្តពន្លត់អគ្គិភ័យបានត្រៀមចេញបាញ់ទឹកពន្លត់ដែរ ប៉ុន្តែពេលនោះមិនទាន់បានចេញទៅនៅឡើយភ្លើងក៏បានរលត់ទៅវិញដោយសារសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន១០បំពង់ ហើយមន្ត្រីអគ្គិសនីបានបិទបារ៉ែតទាន់ពេលវេលា ។
ប្រភពដដែលបានបន្តទៀតថា នៅពេលមានហេតុការណ៍បែបនេះកើតឡើង ប្រជាពលរដ្ឋដែលមានលំនៅឋានជិតនោះមានការជ្រួលច្របល់យ៉ាងខ្លាំង ព្រោះខ្លាចឆាបឆេះដល់ផ្ទះរបស់ខ្លួន ប៉ុន្តែសំណាងល្អ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ទាន់ពេលវេលាទើបមិនបណ្តាលឱ្យឆេះដល់ផ្ទះរបស់ពួកគាត់ ។ កន្លងមក នៅតំបន់នោះឧស្សាហ៍កើតមានការទុស្សេខ្សែភ្លើងបែបនេះណាស់មិនដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះឡើយ ហើយនៅពេលមានហេតុការណ៍បែបនេះកើតឡើងម្តងៗធ្វើឱ្យប្រជាពលរដ្ឋភ័យព្រលឹងចុងសក់ ៕





ចែករំលែកព័តមាននេះ