ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់ជើង​គណ​បក្ស​នយោបាយ​​អ្នក​ចាញ់​ដេក​ពេទ្យ​អ្នក​ឈ្នះ​ជាប់គុក

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ប៉ូលិស​ស្រុក​គិរីវង់​បាន​ឃាត់​​ខ្លួន​​​​បុរស​ម្នាក់​​រួ​ចបញ្ជូន​មក​​កាន់​​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ខេត្ត​ ​ដើម្បី​ចាត់​ការ​បន្ត​​ដោយ​​ចោទ​ប្រកាន់​ពី​បទ​វាយ​​ជន​រងគ្រោះ​ម្នាក់​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ខណៈ​​មាន​ទំនាស់​​ជជែកគ្នាប្រកាន់​គណបក្ស​នយោបាយ​រៀង​ៗខ្លួន។ ​​​ហេតុការណ៍​នេះ​បានកើតឡើង​កាល​ពីថ្ងៃទី​១៤ សីហា ​វេលាម៉ោង​១១និង​៣០​នាទី​​​ថ្ងៃ​ត្រង់​​នៅ​ភូមិ​ថ្នល់​លោក​ ឃុំ​ព្រៃ​អំពក​​ ស្រុក​​គិរីវង់ ​។ ​បើ​តាម​បញ្ហា​​ខាងលើ​នេះពិត​ជា​គួរ​ឱ្យ​ហួស​ចិត្ត​​ពេក​ណាស់​ ​ដែល​មានការ​វាយ​តប់​គ្នា​ព្រោះ​តែ​ប្រ​កាន់​​គណ​បក្ស​នយោបាយ​​ តើមាន​ប្រយោជន៍​អ្វី​ដែល​នាំ​គ្នា​ផ្ទុះ​ជ​ម្លោះ​បែប​នេះ ​។ ​

លោក​វរសេនីយ៍​ត្រី​យ៉ុក ​សារ៉ាត់ ​អធិការ​ប៉ូលិស​​ស្រុក​គិរីវង់​​បាន​ឱ្យដឹងថា ​​បុរស​​​ដែល​ត្រូវ​​ឃាត់​ខ្លួន​​នេះ​ឈ្មោះ​វ៉ាន់​ ថូ ​ហៅ​ជួ​ង ​​អាយុ​៣៤​ឆ្នាំ​ រស់​នៅ​​ក្នុង​​ភូមិ​-ឃុំ​ខាង​លើ​ ​បាន​យក​ចបកាប់​ទៅ​លើ​ជន​រងគ្រោះ​ឈ្មោះ​ជួង ញ៉ុន ​ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ​រស់​នៅ​ភូមិ​ជាមួយ​គ្នា​​​បណ្តាល​​ឱ្យ​របួស​ធ្ងន់​​​​​ក្រោម​ភ្នែក​ខាង​ឆ្វេង​មុត​ដល​់​ឆ្អឹង​​ លើ​ត្រចៀក​​ខាង​ឆ្វេង​ និង​ក្បាល​​ពី​​ខាង​ក្រោយ​​​ ​ហើយ​​​ត្រូវ​បាន​សាច​់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក ។ លោក​អធិការ​​ប៉ូលិស​ស្រុក​​​បន្ត​​ថា ​ មុន​ពេល​កើត​ហេតុ​​ ​ភាគី​ទាំង​២​បាន​អង្គុយ​និយាយ​​គ្នា​លេង​នៅ​ផ្ទះបង​ប្អូន​​​ក្នុង​ភូមិ​ ។ ​​ពេល​អង្គុយ​​និយាយ​គ្នា​​លេង​​នោះ​ ស្រាប់​តែ​ជន​រង​គ្រោះ​​​និយាយ​​ដល់​រឿង​​គណបក្ស​​នយោបាយ​តាម​​បែប​​កាន់​ជើង​គណបក្ស​ដែល​ខ្លួ​ន​ស្រឡាញ់​​ ក៏​​ប៉ះ​ពាល់​ដល់​ម្នាក់​ទៀត​ដែល​កាន់​ជើង​​បក្ស​មួយ​ទៀត ​ ពេល​នោះ​ជន​រងគ្រោះ​​បាន​និយាយ​​​បង្អាប់​​​គណ​បក្ស​ដែល​ជន​ដៃ​ដល់​ស្រឡាញ់​ ហើយ​​​ដោយ​សា​រ​ក្តៅ​ចិតុ្ត​​​ជនដៃ​ដល់​​ក៏​​​យក​ចប​នៅ​​ក្បែរ​នោះ​កាប់​ទៅ​លើ​ជន​រងគ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ។ ​​

នៅចំពោះ​មុខ​ប៉ូលិស​​​ បុរស​ឈ្មោះ​​វ៉ាន់​ ថូ ​ហៅ​ជួង​ ​និយាយ​​ថា ​រូបគេ​ពិតជាបាន​កាប់​​​ជន​រងគ្រោះ​​ឱ្យ​របួស​​​ប្រាកដ​មែន ​មូលហេតុ​​ដោយ​សារ​អ្នក​នោះ​​​បាន​​បង្អាប់​​​គណ​បក្ស​​​ដែល​​​ខ្លួន​ស្រឡាញ់​ទើបរូប​​គេ​កាប់​​​​ជាការ​ព្រមាន​។ ​លោក​យ៉ុង ​ញីវ ​នាយ​រង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​​កម្រិត​ស្រាល​ខេត្ត​​​ឱ្យដឹងថា ​ជន​ដៃ​ដល់​ត្រូវ​បាន​​​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៥ សីហា ៕