ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​​បុរស​ខ្មែរ​អ៊ិស្លាម​2នាក់​ ដែល​​ឆ​បោក​ប្រាក់ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រចេះ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ចៅក្រមស៊ើប​សួរសា​លា​​ដំបូងរាជធានីភ្នំពេញ​ កាល​ពីរ​សៀល​ថ្ងៃទី​១៥​ សីហា​ បាន​សម្រេច​ឃុំ​ខ្លួន​បុរស​​ខ្មែរ​អ៊ិស្លាម​២នាក់ ដែល​ពាក់​ព័ន្ធនឹង​ការ​ឆ​បោក​យក​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ប្រគល់ដី​ នៅ​​ឃុំ២ធ្នូ​ ស្រុកស្នួល​ ខេត្តក្រចេះ​ ចាប់ពីបង្គោល​គីឡូម៉ែត្រ​លេខ១០៩​ ដល់​បង្គោល​គីឡូម៉ែត្រលេខ១១១ ដែល​បង្ក​ឱ្យ​មាន​បាតុ​កម្ម​បិទ​ផ្លូវជាតិ​លេខ៧៦​ពីខេត្ត​ក្រចេះ​ ទៅ​ខេត្ត​មណ្ឌលគិរី​ ចំនួន២លើក ​ដោយ​ដាក់​ពន្ឋនាគារ​បណ្តោះ​អាសន្ន​ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​​រក​បក្ស​ពួក​៣​នាក់ទៀត​ដែល​គេច​ខ្លួន ។

​សំណុំ​រឿងនេះ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្តក្រចេះ​បាន​កសាង​​​ដោយ​ភ្ជាប់​អង្គ​ហេតុ​មួយចំនួនបញ្ជូនមក​អយ្យការ​អម​សា​លា​ដំបូង​​ខេត្តក្រចេះ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។​ ប៉ុន្តែ​ដោយ​សារ​សំណុំ​រឿង​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ និង​ជាប់​ជំពាក់​បញ្ហា​ផ្សេងៗ​ច្រើន​ទៀតនោះ អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្តក្រចេះ​ បាន​ផ្ទេរ​សមត្ថកិច្ច​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញវិញ ។ ក្រោយ​ពី​បាន​ទទួល​និង​ពិនិត្យ​សំណុំ​រឿង​នេះ​រួច​ហើយ​ លោក លី​ សុផាណា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី បាន​សម្រេច​ចោទ​ប្រកាន់​បុរស​​ខ្មែរ​អ៊ិស្លាម​ចំនួន​៣នាក់​ និង​នារី​ខ្មែរ​អ៊ិស្លាម​ចំនួន​២​នាក់​ ពីបទ​​ឆបោក​ រួច​បញ្ជូន​សំណុំ​រឿងនេះទៅឱ្យលោក​លឹម​ មករន្ទ​ ចៅ​ក្រម​ស៊ើប​សួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី ។

គួរ​រំលឹក​ថា កាល​ពី​ដើម​ឆ្នាំ​២០១២​កន្លង​ទៅ​បុរស-ស្ត្រី​ខ្មែរអ៊ិស្លាមទាំង៥នាក់នេះ​ បាន​ដើរ​បំផុស​ដើម្បី​ប្រមូល​ប្រាក់​ពី​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៨០០គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ពី២០​ម៉ឺន​រៀល​ឡើងទៅ​ដោយ​យក​លេស​ថា​ ទៅ​រត់​ការ​សុំ​ច្បាប់​ពីរដ្ឋាភិ​បាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​មាន​សិទ្ធិគ្រប់​គ្រង​ដី​នៅ​តំបន់ ក្នុងឃុំ២ធ្នូ​ ស្រុកស្នួល ខេត្តក្រចេះ​ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១០៩ ដល់​បង្គោល​គីឡូម៉ែត្រ​លេខ១១១​ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​យក​ប្រាក់​នេះ​ទៅ​រត់ការទេ​ ពោល​គឺ​ស៊ី​ដាច់​តែម្តង ។ ដោយសារតែបានបង់ប្រាក់រួចហើយ ទើប​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះ​​នាំគ្នា​មក​សាង​សង់លំនៅឋាន​ជា​ច្រើន​នៅ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​​ រហូត​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាត់វិធាន​ការ​បណ្តេញ​ចេញ​ ក៏កើត​ចេញ​ជា​ការ​តវ៉ា​តាម​រូប​ភាព​បាតុ​កម្ម​បិទ​ផ្លូវតែម្តង ។

នៅដំណាក់កាលនេះ​ ចៅ​ក្រម​ស៊ើប​សួរ​បាន​ចាត់​ការ​ជាបន្ត​បន្ទាប់​តាម​នី​តិវិធី​រហូត​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាលនាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុងក្រសួងមហាផ្ទៃ ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៥នាក់​មក​សាក​សួរ​ពីដំណើរ​រឿង​ដែល​ត្រូវ​ចោទ​ប្រកាន់នេះ​ ។​ ​នៅថ្ងៃទី១៣​ សីហា​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ខ្មែរអ៊ិ​ស្លាម​ទាំងពីរ​នាក់​នេះ​គឺ​ឈ្មោះ​ ស្លេះ​ សិទ្ធ​ អាយុ​៦៧​ឆ្នាំ​ និង​ឈ្មោះ​ សា​ វ៉ាន់​ អាយុ៤៤ឆ្នាំ​ រួច​បញ្ជូន​មក​សាលា​ដំបូងនៅ​រសៀល​ថ្ងៃទី១៤​ សីហា ។

នៅ​ចំពោះ​មុខ​លោក​ស្រី គឹម​ ដានី​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បុរស​​ខ្មែរ​អ៊ិស្លាម​ទាំង​ពីរនាក់នេះ​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន​ ប៉ុន្តែ​បាន​​ទទួល​ផល​ត្រឹម​តែ​ក្នុង​ម្នាក់ៗ ១០​លាន​រៀល​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​សន្យា​ថា​នឹង​រក​ប្រាក់​សង​ទៅ​​ឱ្យប្រជាពលរដ្ឋវិញ ៕