ទទួលទានពងក្រហមរបស់ស៊ុតមាន់ឬទាជាប្រចាំនឹងធ្វើឱ្យគ្រោះថ្នាក់ដល់បេះដូងស្មើនឹងការជក់បារីដោយ វាបានធ្វើឱ្យសរសៃឈាមបេះដូងឡើងរឹងនិងកកស្ទះព្រោះមានការប្រមូលផ្តុំសារធាតុខ្លាញ់ច្រើនតួយ៉ាងដូចជា កូឡេស្តេរ៉ូល។
បន្ទាប់ពីពិសោធន៍លើមនុស្សប្រុសស្រី១២៣១នាក់ វេជ្ជបណ្ឌិត David Spenceបានអះអាងថា ទទួលទានពងក្រហមរបស់ស៊ុតគឺអាក្រក់ដូចជាការជក់បារីប្រហែលជា ២/៣ ហើយថា នេះជាបច្ច័យដែលនាំទៅរកការកើតមានជំងឺគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ទទួលទាន៣ដងក្នុងមួយសប្តាហ៍ ការប្រឈមកាន់តែមានច្រើនធៀបទៅនឹងអ្នកដែលទទួលទានវាតិចជាង២ដងក្នុងសប្តាហ៍ ។
តាមលោកវេជ្ជបណ្ឌិត Spenceឱ្យដឹងថា មនុស្សភាគច្រើនយល់ច្រឡំថា ផ្នែកក្រហមរបស់ស៊ុតគឺជាអាហារដែលផ្តល់នូវសុខភាពសម្រាប់ពួកគេ ។ លោកបន្តថា ៖«ការទទួលទានអាហារដែលសំបូរដោយសារធាតុកូឡេស្តេររ៉ូលបង្កើនការស្ទះសរសៃឈាមបេះដូង ហើយផ្នែកក្រហមនៃស៊ុតគឺផ្ទុកកូឡេស្តេរ៉ូលច្រើនបំផុត »។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ការសិក្សាស្រាវជ្រាវបន្ថែមទៀតនឹងត្រូវធ្វើលើកក្រោយ តែយ៉ាងណា លោកបានសង្កត់ធ្ងន់ថា បុគ្គលដែលងាយប្រឈមនឹងជំងឺបេះដូងគួរតែបោះបង់ការទទួលទានពងក្រហមជាប្រចាំ ៕


ចែករំលែកព័តមាននេះ