ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​ផ្ទះ​ដង្ខៅ​គោ​យក​បាន​ទ្រព្យ​សន្ធឹក​សន្ធាប់​

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ក្រុម​ចោរ​​ប្រដាប់​ដោយ​​កាំ​ភ្លើង​​អា​កា​១​ក្រុម​​ បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ដង្ខៅ​គោ​​​ម្នាក់​ជាមួយ​នឹង​ការ​បាញ់​គំរាម​​​​៣​ទៅ​៤​គ្រាប់​​​​ប្រមូល​យក​អស់​ទ្រព្យ​សម្បតិ្ត​សន្ធឹក​សន្ធាប់​​ទៅ​បាត់​​​​ ខណៈ​ពេល​​​ម្ចាស់​ផ្ទះ​​ ខ្លះ​​​កំពុង​​ធ្វើ​ម្ហូប ខ្លះ​កំពុង​​ងូត​ទឹក​។ ក្នុង​សកម្មភាព​​ប្លន់​នោះ​ ក្រុម​ចោរ​​បាន​​ចាប់​​រុញ​បុរស​ជា​​ម្ចាស់​ផ្ទះ​​ផ្ទប់​​នឹង​ជញ្ជាំង​​ផ្ទះ​បណ្តាល​ឱ្យ​​បែក​ក្បាល​​ ​និង​យក​ម៉ូតូ​​ស៊េរី​ទំនើប​​២គ្រឿង​ជិះ​​ទៅ​​ផងដែរ ​ប៉ុន្តែ​ដោយ​សារ​សមត្ថ​កិច្ច​​ធ្វើការ​ពួន​​ស្ទាក់គ្រប់​ច្រក​​ល្ហក​​​ ទើប​​​ក្រុម​ចោរ​​ប្លន់​​​ទុក​​ម៉ូតូ​ចោល​នៅ​ក្នុង​​ស្រែខាង​កើត​ផ្លូវ​ជាតិ​​លេខ​​៣១​​ចម្ងាយ​ពី​លំនៅឋាន​​ដែល​​ប្លន់​ប្រមាណ​១០​គីឡូ​ម៉ែត្រ ​។

​ហេតុការណ៍​ក្រុម​ចោរ​ប្រដាប់​​ដោយ​កាំ​ភ្លើង​អាកា​​ប្លន់​​ផ្ទះ​ដង្ខៅ​គោ​​នេះ​ ​បាន​កើ​ត​​ឡើង​កាលពី​ថ្ងៃ​​ទី​១៥ សីហា ​វេលា​ម៉ោង​៦​និង​៤២​នាទី​ល្ងាច​​​ នៅ​ភូមិ​​ប្រឹស​លើ ឃុំ​ខ្វាវ ​ស្រុក​ទ្រាំង ​។ លោក​វរសេនីយ៍​ទោ​សែម ​សុជាតិ ​​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្ត​បាន​​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ដែល​ត្រូវ​​​ចោរប្លន់​​​នេះ​​ ប្តី​ឈ្មោះ​​លឹម​ ​វន ​អាយុ​៤៩​ឆ្នាំ​ ត្រូវ​ចោររុញ​ផ្ទប់​​នឹង​​ជញ្ជាំង​​ថ្ម​​បណ្តាល​ឱ្យ​របួស​​​ក្បាល​ ឯ​ប្រពន្ធ​ឈ្មោះ​អ៊ុយ​ ញី ​អាយុ​៥៩​ឆ្នាំ​ ​គ្រួសារ​នេះជាអ្នក​មាន​ទ្រព្យ​សម្បត្តិ​ធូរធារ​នៅ​ក្នុង​​ភូមិ​ ​ដោយ​សារប្តី​ជាអ្នក​​រក​​ស៊ី​ប្រមូល​ទិញ​គោ​ពី​ស្រុក​ខ្មែរ ​ដឹក​ទៅ​លក់​នៅ​​វៀតណាម ​។ ​

លោក​នាយ​ការិយាល័យ​​បាន​​ឱ្យ​ដឹង​ទៀតថា ​​ផ្ទះ​ដង្ខៅ​​គោ​​ដែល​​រងគ្រោះ​​​នេះ​​ធ្វើ​ពី​​ថ្ម​ក្រោម​​ ឈើ​​​​លើ​​ ប្រក់​ក្បឿង​ ចំណែក​​របង​​ផ្ទះ​ចាក់​​បេតុង​​​ពីខាង​មុខ​ តែ​​​សងខាង​និ​​ងខាង​ក្រោយ​ជារបង​បន្លា​លួស​ធម្មតា ​ហើយ​ក្រុម​ចោរចូល​តាម​របង​ពីខាង​ត្បូង​ផ្ទះ​ដោយ​កាត់​បន្លាលួស​ ។ ​​តាម​​ប្រភព​ថា​ ​ពេល​​​ចូល​ទៅ​​ដល់​​ក្នុង​ផ្ទះ​មាន​ការ​ប្រវាយ​ប្រតប់​​ជាមួយ​ម្ចាស់​​ផ្ទះ​​ ទើប​ក្រុម​ចោរ​ប្លន់​ភ្ជង់​​និងបាញ់​គំ​រាម​​៣​ទៅ​៤គ្រាប់​ ។ ​ក្រុម​ចោរ​​ត្រូវ​បាន​កត់​សម្គាល់​​ថា​មាន​បក្ស​ពួក​៥នាក់​​ ហើយ​​ក្នុង​ចំណោម​នេះ​​​មាន​ម្នាក់​បិទ​ម៉ាស់​មុខ​ជិត​និង​ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា១ដើម​ ​និងកាំ​ភ្លើង​ខ្លី​មិន​ស្គាល់​ម៉ាក​១ដើម​។ ​ដោយ​សារ​មាន​ការផ្ទុះ​អាវុធ​​ខ្លាច​ឮ​ដល់​សមត្ថ​កិច្ច​នោះ​ ទើបពួក​​​ចោរ​ធ្វើ​សកម្មភាព​​ប្លន់​តែ​១៥​នាទី​​ប៉ុណ្ណោះ​ ។ ​តា​មប្រភព​​ព័ត៌​មាន​​និយាយ​ថា ទ្រព្យ​សម្បត្តិ​ដែលចោរប្លន់​យក​ទៅ​​មាន​លុយ​​១០០លាន​រៀល​ និងជាង​២.០០​០​​ដុល្លារ​អាមេរិក​ ចំណែក​​គ្រឿង​​អលង្ការ​​មាន​​មាស​១តម្លឹង​​៨​ជី​ បា្លទីន​១​តម្លឹង​​៧ជី​​ និងម៉ូតូ​​ស៊េរី​ទំនើប​​ចំនួន​២គ្រឿង​ គឺ​​១គ្រឿង​ម៉ាក​​ឃ្លីក​ ស៊េរី​២០១២​ ​ពណ៌ខ្មៅ​ ​និង១​​គ្រឿង​​ទៀត​ម៉ាក​​​ហុងដា​ឌ្រីមសេ​១២៥​ ស៊េរី​២០១២ ពណ៌ខ្មៅ​ ​​ ។

លោកនាយ​ការិយាល័យ​​បន្ត​​ទៀត​ថា អ្នក​នៅ​ក្នុង​ផ្ទះ​មាន​គ្នា​៥នាក់​ ​ហើយ​ពេល​​ចោរចូល​ទៅ​ដល់​​ក្នុងផ្ទះ ក៏​បាន​​​ភ្ជង់​គំរាម​និងបាញ់​គំរាម​មិន​​ឱ្យ​អ្នកជិតខាង​ជួយ​អន្តរាគមន៍​ រួច​​ធ្វើ​សកម្មភាព​​ប្រមូល​ទ្រព្យសម្បត្តិ​ ហើយ​គេច​ខ្លួន​តែម្តង ​។ ​

​លោកឧត្តម​សេនីយ៍​​ត្រី​ អ៊ុក ​សំណា​ង​​ ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ថា ក្រោយ​​ពេល​កើត​ហេតុ​ភ្លាម​ ​អធិការនគរ​បាល​​​ស្រុក​បាន​រាយការណ៍​មក​រូប​​លោក ពេល​នោះ​លោក​ក៏​បាន​​បញ្ជា​ទៅ​នគរ​បាល​​ស្រុក​ទ្រាំង​ និង​នគរ​បាល​​ស្រុក​​ត្រាំ​កក់ និង​​​​​​សុំ​កិច្ច​សហការ​ពី​នគរ​បាល​​​​ស្រុក​​​អង្គរជ័យ​ ខេត្តកំពត​ ព្រោះ​​សង្ស័យថា​ក្រុម​ចោរ​អាច​រត់​​ទៅ​ចូល​ទឹក​ដី​​ខេត្តកំពត ​ដោយ​ធ្វើ​ការ​ពង្រាយ​​កម្លាំ​ង​​គ្រប់​ច្រក​ល្ហក​ទាំង​ផ្លូវ​ជាតិ​និង​ផ្លូវលំ​ ។ ដោយ​ក្រុម​ចោរ​ប្លន់​ដឹងថា ​សមត្ថ​កិច្ច​អាច​ស្ទាក់​ផ្លូវ​ ទើប​ពួកគេ​​​​បើក​ម៉ូតូ​​រត់​តាម​បណ្តោយ​ផ្លូវលេខ​៣១​​ ​ពី​ត្បូង​ទៅ​ជើង​​ លុះទៅ​​​​ដល់​​ចំណុច​ខ្លោង​ទ្វារ​វត្ត​សំណាប​ភូមិសូ​ទៃ ឃុំ​ញ៉ែង​​ញ៉ង ​ស្រុក​​ត្រាំកក់​ ចន្លោះ​​​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៨២​ និង​​លេខ​៨៣​ ​ក៏​​បាន​ប្លុង​​​ម៉ូតូ​ចោល​​​​នៅ​ខាង​កើត​ថ្នល់​ ។ លុះ​នៅ​​​វេលា​ម៉ោង​៥​និង​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​​១៦ សីហា មា​ន​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះយឹម ​មាក​​ ​ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​​ ​រស់​នៅ​ក្បែនោះ​គាត់​មក​​មើលសន្ទូង​​របស់​គាត់​ក៏​បាន​ឃើញ​ម៉ូតូ​​ដែល​ចោរ​ប្លុង​​ចោល​​រួច​​រាយ​ការណ៍​​មក​នគរ​បាល​​ប៉ុស្តិ៍​​ ហើយ​​លោក​ក៏​បាន​​ដឹក​នាំ​​កម្លាំងជំនាញ​​ធ្វើ​កោសល្យ​វិច័យ​រកខ្ចៅ​​ដៃ​របស់​ជន​ល្មើស ​។ ​​ម៉ូតូ​ទាំងពីរគ្រឿង​នេះ​ត្រូវ​បាន​ប្រគល់​​ឱ្យ​ជន​រងគ្រោះ​វិញ​ ។

លោក​ឧត្តម​សេនីយ៍​ត្រី​​អ៊ុក ​សំណាង ​បាន​​បញ្ជាក់​ថា​ ​ទោះ​ជា​បែបណា​​យើង​នឹង​ឱ្យ​កម្លាំង​ជំនាញ​សហការ​ជា​មួយ​នគ​រ​បាល​រាជ​ធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​​មួយ​ចំនួន​ទៀត ដើម្បី​ស្រាវជ្រាវ​វែក​មុខ​ចាប់​ក្រុម​ចោរប្លន់​នេះ​មក​កាត់​ទោស​​ទៅ​តាម​ច្បាប់ ​។​​បើ​តាម​​ការសន្និដ្ឋាន​ក្រុម​​ចោរ​ប្លន់​​ដែល​ប្លុង​​ម៉ូតូ​ចោល​នេះ​​​អាច​មាន​បក្ស​ពួក​របស់​គេ​​បើក​រថយន្ត​មក​ទទួល​ហើយ​ទំនង​ជា​ក្រុម​ចោ​រ​ឆ្ពោះ​​ចូល​ទៅ​រាជធានី​ភ្នំពេញ​ ​៕