ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​កូន​យ៉ាងសាហាវ​ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ ត្រូវគេ​កាត់​ដៃ​ និង​វះ​ពោះ​ចេញ​ពោះ​វៀន​ ឃាតករ​គឺជា​ឪពុក​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​​​​ក្មេង​​ប្រុស​​​​អាយុ​​៧​ឆ្នាំ​​ម្នាក់​​​ បាន​ត្រូវ​​​ឃាត​ករ​​​​មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្គាល់​អត្ត​សញ្ញាណ​​​​សម្លាប់​យ៉ាង​​​សាហាវ​​​ ដោយ​​​ប្រើ​​កាំបិត​​​កាត់​​ដៃ​ត្រឹម​​​លើ​​.ក​ដៃ​​​​ ព្រម​ទាំង​​​​កាប់​មួយ​​​កាំ​បិត​​​​ចំក្រោម​ដោះ​​ រួច​ឆូត​​​​កាំ​បិត​​ចុះ​មក​​ក្រោម​​ប្រវែង​​​​មួយ​តឹក​​ ធ្លាយ​​ពោះ​វៀន​​មក​ក្រៅ​​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​បំផុត​​​​ ​ខណៈ​​​ក្មេង​​​​ប្រុស​នេះ​​​​ទៅ​ចាំ​​សំណាប​​​នៅ​ឯ​ស្រែ​​ចម្ងាយ​​​ប្រមាណ​ជាង​​១០០ម៉ែត្រ​​​​​ពី​ផ្ទះ​ ។ ​​ហេតុ​ការណ៍​​សម្លាប់​​គួរ​​​ឱ្យ​រន្ធត់​នេះ​ បាន​​​ធ្វើ​ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​​​​​កាល​ពី​​​​វេលា​ម៉ោង​​​៦​ល្ងា​ច​ថ្ងៃ​ទី​​​១៥ សីហា ​​​​​​​​​​​នៅ​​ភូមិ​​​​ត្រពាំង​​បី ឃុំ​តាកែន​ ស្រុក​​​ឈូក​​ ​។ ​

លោក​ កឹម វិុត អាយុ​​៤៣​ឆ្នាំ​ ​ជា​ឪពុក​​​កុមារ​​រង​គ្រោះ​​​បាន​​ឱ្យ​សមត្ថ​កិច្ច​​​​ដឹង​ថា ​នៅ វេលា​​ម៉ោង​​​​​២​រសៀល​​​​ថ្ងៃ​នោះ រូប​គាត់​និង​ភរិយា​​​​ បាន​​ឱ្យ​​​កូន​ទៅ​ចាំ​សំណាប​​​នៅ​​​ឯស្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​ចម្ងាយ​ប្រមាណ​ជាង​​១០០​ម៉ែត្រ​​​​ប៉ុណ្ណោះពី​ផ្ទះ ។​ លុះ​​​​ដល់​​ម៉ោង​​​​ជាង​៥​​ល្ងាច​​​មិន​ឃើញ​​​កូន​មក​​​ផ្ទះ​​ ​​​​ក៏​ទៅ​តាម​​​​រក​​ ​ស្រាប់​តែ​​ឃើញ​កូន​​​ស្លាប់​​​បាត់​បង់​ជី​វិត​​​នៅ​​ក្បែរ​​​​ថ្នាល​សំណាប​​ ដោយ​មា​ន​​​​ស្នាម​​​​កាប់​​នឹង​កាំ​បិត​​​​ចំ​ក្រោម​ដោះ​ រួច​វះ​ពោះ​​​​ធ្លាយ​​ពោះ​វៀន​​​ចេញ​មក​ក្រៅ​​ ព្រម​ទាំង​​​កាត់​ដៃ​​​​ឆ្វេង​​​​​ត្រឹម​​​​​​ក្រោម​​​កំភួន​​ដៃ​បន្តិ​ច​​​​​ដាច់​បាត់​​​មិន​​ឃើញ​ដៃ​​​​​​​​​​​ដែល​ដាច់​​​​​​នោះទេ​ ។​ ​​​ពេល​ឃើញ​​​​ហេតុ​ការ​​​ណ៍ដូច្នេះ​​​​​គាត់​ក៏​រត់​​​​​ទៅ​ប្តឹង​នគរ​បាល​​​​​​ប៉ុស្តិ៍​រដ្ឋ​បាល​​​​​ ​ហើយ​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​​បាល​​​​​ក៏​​​រាយ​ការ​​​ណ៍​ភ្លាម​ៗ​​​​មក​​អធិការ​នគរ​បាល​​​​​​ស្រុក​​​ឈូក​​ ដើម្បី​​​ឱ្យ​នគរ​បាល​​​​ជំនាញ​ចុះ​ពិនិត្យ​​​​​​​សព ។​

នៅ​វេលា​​​ម៉ោង​​៧​​​​យប់​​​ថ្ងៃ​ដដែល ​ទើប​​​កម្លាំង​​​​អធិការ​​ដ្ឋាន​នគរ​បាល​​​​ស្រុក​ រួម​​​​​នឹង​​សមត្ថ​កិច្ច​​​​បច្ចេក​ទេស​​នៃស្នង​ការ​​​​ដ្ឋាន​នគរបាល​​​​ខេត្ត​​ចុះ​ពិនិត្យ​​​ដល់​កន្លែង​​​កើត​ហេតុ​​​ ។ ក្រោយ​​ពី​ពិនិត្យ​​​​​​​​​ភិន​ភាគ​ ស្លាក​ស្នាម​​​​​​​​​​​​​​​​​​​ស​ព​ សមត្ថ​កិច្ច​​​សង្ស័យ​​​​ថាជា​រឿង​គំនុំ​របស់​​មនុស្ស​ចាស់​​ ទើប​​​ឈាន​ដល់​​​ការ​សម្លាប់​​​កាត់​ដៃ​​ ហើយ​វះ​​​ពោះ​​​ដើម្បី​បញ្ឈឺ​​​ ​ប៉ុន្តែ​​​​ពោះ​វៀន​​​ដែល​ធ្លាយ​​នោះ​​ ត្រូវ​​​បាន​គេ​ញាត់​​​ចូល​វិញ​​ មិន​បាត់​​បង់​គ្រឿង​​ក្នុង​​​​អ្វី​​​​ទេ​ ​បាត​់​តែ​​​​ដៃ​មួយ​កំណាត់​​​ មិន​ដឹង​​​ឃាត​ករ​​កាត់​ហើយ​​​គ្រវាត់​​​ចោល​ ឬ​​​យក​ទៅ​ណា​ឡើយ​ ។​

​​​ជុំ​វិញ​​ករណី​​ឃាត​កម្ម​​​​បិទ​មុខ​​​​ខាង​លើ​​នេះ​ ​​​សមត្ថកិច្ច​​​​​​បាន​ដាក់​​ការ​សង្ស័យ​​លើ​​​ចំណុច​ខ្លះៗ​​ហើយ​ ប៉ុន្តែ​​​​ដោយ​​​​ក្រុម​គ្រួសារ​​​កុមារ​​រង​គ្រោះ​​កំពុង​មាន​ទុក​​​​​្ខ​កង្វល់​​​ សមត្ថកិច្ច​​ពុំ​​ទាន់​អាច​ធ្វើ​ការ​​​​សួរ​នាំ​​​​ដើម្បី​​រក​ប្រភព​​វែក​មុខ​​​ឃាត​ករ​​​បាន​នៅឡើយ​ទេ ។​ ​មន្ត្រី​សមត្ថ​កិច្ច​អះអាង​​ថា ​នឹង​រក​ឃើញ​ឃាត​ករ​​​​នៅ​ពេល​ដ៏​ខ្លី​​​ខាង​មុខ​​​ ក្រោយពី​​គ្រួសារ​​​កុមារ​​រង​គ្រោះ​​​​ចប់​ពី​​ពិធី​បុណ្យ​​សព ។​​ សូម​បញ្ជាក់​​​ថា កុមារ​​រង​គ្រោះ​​​​ឈ្មោះ​​វ៉ែន សុធា ​​អាយុ​​​៧​ឆ្នាំ​​ ​​​​ជា​កូន​ពៅ​​​​ ក្នុង​ចំណោម​​​បង​ប្អូន​​​ទាំង​​៧នាក់​​ក្នុង​បន្ទុក​​​ឪពុក​ម្តាយ ។

ជុំ​វិញ​​ករណី​​​ឃាត​កម្ម​​សម្លាប់​​ក្មេង​ប្រុស​​អាយុ​៧​​​ឆ្នាំ​ម្នាក់​​ដោយ​កាត់​ដៃ​មួយ​កំណាត់​​ត្រឹម​​កដៃ និង​វះ​ពោះ​តាម​ ​ប្រភព​អះ​អាង​ពី​ក្រុម​គ្រួសារ​​ថា​ ឱ្យ​កូន​ទៅ​​ចាំ​សំណាប​​ រួច​​ត្រូវ​ជន​មិន​​ស្គាល់​​មុខ​សម្លាប់​​បំបិទ​​ភស្តុ​តាង​ ។ ក្រោយ​​ពី​កើត​ហេតុ សមត្ថ​​កិច្ច​​ជំនាញចុះ​ទៅ​ស្រាវ​ជ្រាវ​​ទើប​មាន​ការ​​សង្ស័យ​​ទៅ​លើ​​ឪពុក​​ក្មេង​នោះ​តែ​ម្តង ។

ប្រភព​​មួយ​ឱ្យ​សមត្ថ​កិច្ច​​ដឹងថា ពេល​ហូប​បាយ​​ថ្ងៃ​ត្រង់​រួច​​ឪពុក​បាន​​ដេញ​កុមារ​​រង​គ្រោះ​ជា​កូន​​ឱ្យ​ទៅ​ងូត​ទឹក​ រួច​​ឱ្យ​​ទៅ​​ចាំ​សំណាប​​ផង​ ។ ពេល​កុមារ​​រង​គ្រោះ​ចេញ​ទៅ​​ឪពុក​ក៏​ដើរ​តាម​ពី​ក្រោយ​ ​ព្រម​ទាំង​​កាន់​កាំ​បិត​​បន្ទោះ​​ចុង​ស្រួច​​នៅ​នឹង​ដៃ​ផង ។ លុះ​ទៅ​​ដល់​កន្លែង​ជិត​​ថ្នាល​​សំណាប​​​ដែល​​នៅ​ក្បែរ​នោះ​មាន​​ត្រពាំង​​ទឹក​មួយ​​ឪពុក​ក៏​ចាប់​​ផ្តើម​សម្លាប់​​កូន​ដោយ​ចាក់​ក្រោម​​ដោះ​មួយ​​កាំ​បិត​​ រួច​អូស​​ចុង​កាំ​បិត​ចុះ​ក្រោម​រហូត​​កុមារ​រងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​​ និង​យក​​ចុង​កាំ​បិត​ឆ្កឹះ​​​ពោះ​វៀន​​ហើយ​កាត់​ដៃ​កូន​មួយ​​កំណាត់​យក​ទៅ​កប់​ទុក​នៅ​ក្បែរ​​ត្រពាំងទឹក​មួយ​​ រី​ឯ​ខ្លួន​សាក​សព​បាន​​បី​យក​ទៅ​លាក់​ក្នុង​ព្រៃ​ស្បូវ​មួយ​កន្លែង​​នៅ​ក្បែរ​ត្រពាំង​ទឹក​​​នោះ​ដែរ ហើយ​ក៏​ដើរ​មក​ផ្ទះ​ជា​ធម្ម​តា​ ។ លុះ​ពេល​ល្ងាច​ម៉ោង​​៥​ថ្ងៃទី​១៥ សីហា បាន​ដេញ​កូន​ប្រុស​​បង​ឱ្យ​ទៅ​តាម​រក​ប្អូន។ ចំណែក​​​កូន​ប្រុស​ដែល​ទៅតាម​រក​ប្អូន​​នោះ​ដោយ​​រក​មិន​ឃើញ​ ក៏​ត្រឡប់​មក​​ប្រាប់​ឪពុក​វិញ ។

​ក្រោយ​​មក​បុរស​​​ជា​ឪពុក​​​មាន​ចិត្ត​ហាក់​ដូច​ជា​​នឹក​អាណិត​កូន​​ដែល​ខ្លួនសម្លាប់​​​ហើយ​​យក​ទៅ​​លាក់​នោះ​ ក៏​ដើរ​​​ទៅ​​បី​សព​កូន​​ពី​ក្នុង​ព្រៃ​​ដែល​លាក់​​ទុក​នោះ​មក​ផ្ទះ​ ធ្វើ​ឱ្យ​​សមត្ថ​កិច្ច​ដឹង​​ហេតុ​ការណ៍​​នេះ ទើប​មាន​ចំណុច​សង្ស័យ​​​ក៏​ឃាត់​ខ្លួន​រួច​សួរ​នាំ​​ទៅ​ទើប​​ឪពុក​​​សារ​ភាព​​ថា កូន​ប្រុស​​នេះ​ខ្លួន​បាន​​សម្លាប់​ដោយ​​ផ្ទាល់​ដៃ​​មែន​ ​​ដោយ​ខ្លួន​យល់​ថា កូន​​នេះ​ជា​សត្វ​ទើប​​ខ្លួន​សម្លាប់​​ហើយ​កាត់​ដៃ​​យក​ទៅ​កប់​ទៀត ។ ក្រោយ​ពេល​មក​ដល់​ផ្ទះ​​​វិញ​ខ្លួន​​ដូច​ជា​​ភ្ញាក់​ខ្លួនដឹង​ថា ​ការសម្លាប់​នេះ​​គឺ​សម្លាប់​​កូន​ខ្លួន​ឯង​​មិន​មែន​ជា​សត្វ​ទេ ​។ ក្រោយពី​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​មក​សួរ​​នាំ​ ជន​នេះ​​បាន​សារ​​ភាព​​​​​ប្រាប់​​សមត្ថ​កិច្ច​​ដូច​​ខាង​លើ ​ព្រម​ទាំង​​​នាំ​សមត្ថ​កិច្ច​​ទៅ​កាយ​​កន្លែង​​កប់​ដៃ​​​កូន​មក​​វិញ​​ផ​ងដែរ ។​​ តាមសម្តី​​អ្នក​​​ស្រុក​​រស់​នៅ​​ភូមិ​​ត្រពាំង​បី ​ឃុំ​តា​កែន ​ស្រុក​​ឈូក នេះ​បាន​អះ​អាង​ប្រាប់​សមត្ថ​កិច្ច​​ក្រោយ​ពេល​មាន​កើត​​ហេតុ​ខាង​លើ​​​ថា​ បុរស​​​ឈ្មោះ​​កឹម ​វ៉ិត អាយុ​​​៤៣​​ឆ្នាំ​ ​នេះ​​ជា​មនុស្ស​​រៀន​​មន្ត​អាគម​អាប​​ធ្មប់ អ្នក​ណា​​ក៏​ខ្លាច​​ឈ្មោះ​នេះដែរ​​​ ពី​​ព្រោះ​​ឈ្មោះ​​នេះ​ច្រើន​​តែ​​កំរោល​​ចូល​ វាយ​ប្រពន្ធ​កូន ​ជា​ញឹក​ញាប់​ ។ បច្ចុ​ប្បន្ន​​ប្រពន្ធ​​កូន​ពុំ​សូវ​ហ៊ាន​​នៅ​ជិតគាត់​​ទេ ​​ហើយ​​​មាន​ថ្ងៃ​​ខ្លះ​បុរស​​រូប​នេះ​​បាន​​សាច់​សត្វ​​ព្រៃ​មក​​ស៊ី​ឆៅ​​មិន​បាច់​ចម្អិន​​ក៏​​មាន​​ដែរ ។ ​

​ក្រោយ​ពី​ជន​​នេះ​បាន​សារ​ភាព​​ពី​សកម្មភាព​​ដែល​ខ្លួន​​បាន​ប្រព្រឹត្ត​​ សមត្ថ​កិច្ច​​ការិយា​​ល័យ​​នគរ​បាល​​កណ្តាល​យុត្តិ​ធម៌​​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​​បាន​ឃាត់​ខ្លួន​​ជន​នេះ​នាំ​​​មក​​កាន់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​នៅ​ល្ងាច​​ថ្ងៃ​ទី​​១៦ សីហា ​ដើម្បី​​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​ ​​​ផ្តន្ទា​ទោស​​តាម​ច្បាប់ ៕​​​