ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ចំនួន៣៩នាក់ បានពុលផ្សែងដុតអាគុយ ក្នុងនោះ៥នាក់រង
ការពុលធ្ងន់ធ្ងរ ចំណែក១៤នាក់ផ្សេងទៀតបានជម្លៀសខ្លួនរត់ចេញពីលំនៅឋានដោយសារតែការដុតរំលាយអាគុយមានទម្ងន់រាប់តោនរបស់ឡដុតអាគុយចាស់ៗមួយដែលទើបបង្កើតថ្មី ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៥ សីហា នៅចំណុចឡដុតអាគុយចាស់ៗ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ។
លោកអ៊ុក ញ៉ុន មេភូមិស្រះកែវបាននិយាយថា នៅវេលាម៉ោងជាង៦យប់ មានខ្យល់បក់មកពីខាងលិច ចេញពីភូមិស្រងាំ មកកាត់ចំភូមិស្រះកែវ ពេលនោះក៏មានក្លិនអ្វីម៉្យាងដែលពិបាកទ្រាំ ហើយអ្នកភូមិមួយចំនួនបានពុលក្អួតចង្អោរ តឹងទ្រូង ថប់ដង្ហើម និងស្ងួតបំពង់ក ។ ភ្លាមនោះអ្នកខ្លះក៏រត់ចេញ ពីភូមិ ដើម្បីឱ្យផុតពីក្លិនអាក្រក់ពិបាកដកដង្ហើមនេះ ហើយទម្រាំតែស្ងប់ខ្យល់ មនុស្សក្នុងភូមិចំនួន៣៩នាក់បានពុលផ្សែងនេះ ក្នុងនោះ៥នាក់ពុលខ្លាំង និង១៤នាក់ទៀតបានរត់គេចពីផ្ទះសម្បែង១យប់ ភ្លឺឡើងទើបត្រឡប់មកវិញ ។ លោកមេភូមិរូបនោះបានបញ្ជាក់ថា ការពុលនេះ គឺបណ្តាលមកពីផ្សែងចេញពីឡដុតអាគុយចាស់ៗមួយកន្លែង ដើម្បីរំលាយយកសំណ ។
បើតាមការប្រាប់របស់ឈ្មោះតាយ ឈឿង ជាម្ចាស់ឡបាននិយាយប្រាប់មន្ត្រីជំនាញថាអាគុយចាស់ៗដែលបានដុតនេះ សរុប៦តោន ដុតដោយប្រើធ្យូងថ្ម ដើម្បីយកសំណ ។ លោកបានបញ្ជាក់ថា ការដុតនេះគឺបានធ្វើខុសបច្ចេកទេស ទើបធ្វើឱ្យជះក្លិនចេញមកក្រៅ ហើយលោកសន្យានឹងលែងឱ្យមានកំហុសលើកក្រោយទៀតហើយ ។
ប្រជាពលរដ្ឋ មេភូមិ មេឃុំ បានធ្វើសំណើសុំថ្នាក់ខេត្តឱ្យបញ្ឈប់ការដុតអាគុយយកសំណរបស់សិប្បកម្មមួយនេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ។
លោកអ៊ុក រស់ ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត បាននិយាយថា ក្រោយពីផ្ទុះរឿងបែបនេះ មន្ទីរបានផ្អាកសកម្មភាពរបស់សិប្បកម្មនេះមួយរយៈសិន ដើម្បីត្រួតពិនិត្យ តែបើមើលឃើញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នឹងអនុញ្ញាតឱ្យដំណើរការឡើងវិញ។
ទោះបីយ៉ាងណាក៏ដោយស្ថានភាពខាងលើនេះបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនេះ ហើយក៏ប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរណាស់ ព្រោះនៅក្នុងអាគុយមានសំណ ទឹកអាស៊ីត និងជ័រផងដែរ ៕
ចែករំលែកព័តមាននេះ