ខេត្តកំពង់ឆ្នាំង ៖ បដិមាជាទេវរូប៦អង្គដែលធ្វើពីលោហ ក្នុងចន្លោះសតវត្សទី១១ និងទី១២ ត្រូវបានក្រុមក្មេងឃ្វាលគោប្រទះឃើញ និងធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ សីហា នៅចំណុចបឹងកន្ធរ ស្ថិតក្នុងភូមិខ្លែងព័រ ឃុំត្រងិល ស្រុកកំពង់លែង ។ បន្ទាប់ពីបានប្រទះឃើញទេវរូបបុរាណ៦អង្គមានតូចមានធំទាំងនោះមក ចាស់ៗបាននាំយកមកដាក់តាំង និងរៀបចំទីសក្ការដុតធូបទៀន គោរពបូជានៅផ្ទះរបស់លោកជិន សុផល អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិខ្លែងព័រ នេះផងដែរ ។
នៅព្រឹកថ្ងៃទី១៦ សីហា កញ្ញាប្រាក់ សាកន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានដឹកនាំមន្ត្រីមន្ទីរចុះទៅពិនិត្យមើល និងស្នើសុំនូវទេវរូបបុរាណនេះមករក្សាទុកនៅសារមន្ទីរខេត្តផងដែរ ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីប៉ូលិស និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
ឈ្មោះជិន សុផល ជាម្ចាស់ផ្ទះ និងត្រូវជាឪពុកក្មេងឈ្មោះជិន ឌីណា អាយុ១៥ឆ្នាំ បាននិយាយថា នៅវេលារសៀលថ្ងៃទី១៥ សីហា កូនប្រុសគាត់បានចេញទៅឃ្វាលគោដូចសព្វដងជាមួយមិត្តភក្តិចំនួន៥នាក់ទៀត ដែលមានអាយុស្របាលគ្នា ។ នៅពេលនោះពួកគេបានចុះងូតទឹកស្រះលេង(ស្រះទើបជីកថ្មី) ហើយក៏បានឃើញព្រះសិរសាមួយអង្គ ក៏នាំគ្នាខ្វេះមើលស្រាប់តែលេចចេញព្រះបដិមាចំនួន៦អង្គនៅផ្តុំគ្នា គឺស្មើនឹងពួកក្មេងឃ្វាលគោទាំង៦នាក់ ហើយពួកគេបានចែកគ្នាកាន់ម្នាក់១អង្គយកមកផ្ទះតែម្តង ។ លោកបានបន្តថា ក្រោយពីមកដល់ផ្ទះហើយចាស់ៗក្នុងភូមិក៏បានយកមកដាក់តាំងឱ្យគេមើលភ្ញាក់ផ្អើលពេញភូមិ និងបានដុតទៀនធូបគោរពបូជា ។
លោកឡោ វិចិត្រ អភិបាលរងស្រុកកំពង់លែង បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក៏ដូចជាអាណាព្យាបាលក្មេងៗទាំង៦នាក់ដែលប្រទះឃើញព្រះបដិមាទាំងនេះថា ដើម្បីធានាសន្តិសុខសុវត្ថិភាពបងប្អូន ពិសេសសម្បត្តិវប្បធម៌បុរាណដែលបានប្រទះឃើញនៅពេលនេះ ក្នុងនាមលោកក៏ដូចជាខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្នើសុំទេវរូបទាំង៦អង្គនេះទៅថែរក្សានៅសារមន្ទីរខេត្ត ដើម្បីចៀសវាងការបាត់បង់ដោយប្រការផ្សេង២ ។ ក្នុងនោះផងដែរ ក្នុងនាមលោកជាអាជ្ញាធរស្រុកសូមថ្លែងអំណរគុណដល់កុមារទាំង៦នាក់ និងឪពុកដែលបានសហការជួយថែរក្សានូវវត្ថុបុរាណទាំងនេះ ហើយក្នុងនាមលោកក៏ដូចជាអាជ្ញាធរស្រុក លោកសុំផ្តល់នូវអង្ករចំនួន៦០គីឡូក្រាម និងប្រាក់៦ម៉ឺនរៀលដល់ក្មេងទាំង៦នាក់ ។ ចំណែកមន្ទីរវប្បធម៌ខេត្តក៏បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន១០ម៉ឺនរៀលផងដែរ ។
លោកលី សុទ្ធី ប្រធានការិយាល័យអភិវឌ្ឍវប្បធម៌នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ទេវរូបទាំង៦អង្គនេះធ្វើពីលោហក្នុងសតវត្សទី១១ឬ១២ នាសម័យអង្គរ និងជារូបចម្លង តែបើសិនយកទៅពិនិត្យឃើញថា មានតម្លៃជាងនេះទៀត និងយកទៅរក្សាទុកនៅសារមន្ទីរជាតិតែម្តង ។ លោកបានបញ្ជាក់ថា ស្រុកកំពង់លែងមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ តាំងតែពីសតវត្សទី៨មកម៉្លេះ ។ ចំណែកបដិមាដែលប្រទះឃើញនៅពេលនេះមិនដឹងថា នៅទីនេះតែម្តងឬក៏ត្រូវជនខិលខូចយកពីទីណាមកលាក់ទុកនៅទីនេះឡើយ ។
កញ្ញាប្រាក់ សាកន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានមានប្រសាសន៍ថា ការយកព្រះបដិមាទៅរក្សាទុក គឺធានាកុំឱ្យបាត់បង់ដោយជនខិលខូចលួចយក ហើយសព្វថ្ងៃនៅសារមន្ទីរខេត្តមានវត្ថុបុរាណជាង៩០ប្រភេទ សម្រាប់បងប្អូនចូលទស្សនា ពិសេសប្អូនទាំង៦នាក់នេះ ពេលធំដឹងក្តីបន្តិចទៀតអាចទៅមើលបានថា ព្រះអង្គមួយណាដែលប្អូនរើសបាន ហើយការយកទៅរក្សាទុកនេះ គឺធ្វើកំណត់ហេតុជាលាយលក្ខអក្សរបានត្រឹមត្រូវទៀតផង ។ ក្រោយការវាស់វែងព្រះបដិមាចំនួន៦អង្គ គឺមាន១-ព្រះអង្គធំជាងគេ មានកម្ពស់០,៥៥ម៉ែត្រ ទម្ងន់៩គីឡូក្រាម ទី២- កម្ពស់០,២៥ម៉ែត្រ ទី៣- កម្ពស់០,១៦ម៉ែត្រ ទី៤- កម្ពស់០,១៣ម៉ែត្រ ទី៥- កម្ពស់០,១០ម៉ែត្រ និងទី៦- កម្ពស់០,០៦ម៉ែត្រ ។
ព្រះបដិមាទាំង៦អង្គត្រូវបានប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្ត ៕





ចែករំលែកព័តមាននេះ