ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ស្នេហ៍​អូន​ស្មោះ​តែ​ចាស់ៗ…ប្រុស​ផឹ​កថ្នាំ​ពុល​ស្លាប់ នាង​ផឹក​ប្រេង​ជួយ​ទាន់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​​​យុវជនម្នាក់​ដែល​បានភ្ជាប់​ពាក្យជាមួយនាងក្រមុំម្នាក់នៅក្នុងភូមិជាមួយ​គ្នារយៈពេលជិតមួយឆ្នាំមកហើយ តែ​​មិន​ទាន់​កំណត់ថ្ងៃរៀបការនៅឡើយ ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃមុននេះ ម្តាយខាងស្រី​បានទៅផ្តាច់​ពាក្យ​វិញ ធ្វើឲ្យយុវជនរូបនេះ​ខូចចិត្តគិត​ខ្លីលែង​ចង់​រស់​តទៅទៀត ក៏បានផឹកថ្នាំបំពុលកុក​ស្លាប់​បាត់បង់ជីវិតក្រោយពេលក្រុមគ្រួសារនាំទៅសង្គ្រោះដល់មន្ទីរ​ពេទ្យព្រះកុសុមៈ ។ ចំណែក​​នាង​ជាគូដណ្តឹងវិញ​​ ដែល​ស្រលាញ់យុវជននេះ​ខ្លាំង​​មិន​​ចាញ់​គ្នា​ប៉ុន្មាន​​ មិន​ដឹងថាត្រូវធ្វើបែបណា ក្រោយពេល​ដឹងថា យុវជន​ជាគូ​ដណ្តឹង​ផឹ​កថ្នាំពុលសម្លាប់ខ្លួននោះ នាងក៏​បានផឹកប្រេងរំអិល​ម៉ាស៊ីន​ដេរប៉ុនប៉ងសម្លាប់​ខ្លួនដែរ ​ប៉ុន្តែមិន​ស្លាប់​ទេត្រូវ​បានក្រុម​គ្រួសារ​នាំទៅសង្គ្រោះទាន់ពេល​វេលា នៅ​​មន្ទីរ​ពេទ្យ​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀប​ភ្លឺថ្ងៃទី១៦ សីហា ​នៅ​ក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ​។ យុវជន​ដែលស្លាប់បាត់បង់ជីវិត ព្រោះ​តែ​​​ការ​ផ្តាច់​ពាក្យ​ឈ្មោះកើត​ សាវី អាយុ​២២​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​ ​បានផឹក​ថ្នាំ​បំពុលកុក​អស់​ចំនួន​២កញ្ចប់ បណ្តាលឲ្យស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅសង្គ្រោះដល់មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។ ដោយ​ឡែកនាង​ជា​​​គូដណ្តឹង​ឈ្មោះ​អុល ផល្លី ហៅម៉ាប់ អាយុ២៣​ឆ្នាំ មានទីលំនៅក្នុង​ភូមិជាមួយគ្នា ​ជា​កម្ម​ការិនីរោង​ចក្រ​កាត់ដេរ ។ ​នាងបានផឹក​ប្រេង​រំអិល​ម៉ាស៊ីន​ដេរ​អស់កន្លះកូន​ដប​ប៉ុនប៉ង​សម្លាប់​ខ្លួន តែមិន​ស្លាប់ព្រោះត្រូវបានក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ​ទាន់​ពេលវេលា។

ក្រុម​គ្រួសារ​យុវជន​ខូចចិត្តរូបនេះ​ បាន​ឲ្យ​ប៉ូលិសដឹងថា យុវជន​​កើត សាវី និងនាងអុល ផល្លី បានភ្ជាប់ពាក្យជាមួយ​គ្នា​តាំង​ពី​អំឡុង​ខែ​វិច្ឆិកាឆ្នាំ២០១១មកម៉្លេះ តែ​មិនទាន់​បាន​កំណត់​ថ្ងៃរៀបការនៅឡើយ ដែលរហូត​មក​ទល់​នឹងពេលនេះមានរយៈពេលជិត១ឆ្នាំហើយ ។ ថ្វីដ្បិតតែមិនទាន់រៀបការក៏ពិតមែន ប៉ុន្តែពួក​គេ​ទាំងពីរនាក់​ស្រលាញ់គ្នាយ៉ាងប្តូរ​​ផ្តាច់បំ​ផុត គឺ​​ដើរទៅណាមកណាជាមួយគ្នាដូចលលក
ញី​ឈ្មោល ។

ប្រភពព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃទី១១ សីហា រយៈពេល៥ថ្ងៃ​មុន​ពេលកើត​ហេតុ ម្តាយខាងស្រីបាន​ទៅផ្តាច់ពាក្យ​ឈប់ឲ្យ​ពួក​​គេទាំងពីរនាក់រៀបការ ដោយយក​ហេតុផល​ថា យុវជន កើត សាវី គិតតែផឹកស្រា​ស្រវឹងរាល់​ថ្ងៃ ហើយ​គាត់ស្អប់អ្នក​ពូកែផឹក​ស្រា​បែបនេះ​ណាស់ ។ ​បន្ទាប់ពីម្តាយខាងស្រីផ្តាច់ពាក្យ​ ធ្វើ​ឲ្យ​យុវជន កើត សាវី ខូចចិត្តយ៉ាងខ្លាំង ហើយ​រឹត​តែ​ផឹក​ស្រាខ្លាំងឡើងថែមទៀត ​និង​មិន​ហូប​បាយ​​ហូប​ទឹកទេ ព្រោះ​​ឈឺ​ចិត្ត​​​ពេក ​ទោះបី​ជាក្រុម​គ្រួសារ​ និងបង​ប្អូនណែនាំឲ្យ​កាត់ចិត្តកាត់​ថ្លើម​បែប​ណា​​​ក៏​មិន​ស្តាប់​ដែរ ។ លុះដល់ថ្ងៃកើត​ហេតុ យុវ​ជន​​ខូច​ចិត្ត​បានយកថ្នាំបំពុល​សត្វ​កុក​២​កញ្ចប់​ដាក់ក្នុងកែវលាយ​ជាមួយទឹក​រួច​ផឹក​រហូត​ដល់អស់ពី​កែវដើម្បី​សម្លាប់ខ្លួន ហើយភ្លាមៗនោះ​ប្អូនប្រុសរបស់គេម្នាក់​ទៅទាន់ក៏​ស្រែក​ឆោឡោបង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើង ។

ប្រភព​ដដែលបានបន្តទៀតថា ខណៈ​នោះ​គេបាននាំ​យក​យុវជនរងគ្រោះ​ទៅកាន់គ្លីនិកឯក​ជនមួយ​ ដើម្បី​សង្គ្រោះបន្ទាន់​ដែរ ប៉ុន្តែពេល​ទៅដល់​គ្រូពេទ្យ​មិនហ៊ានមើល​ទេ និង​បាន​បញ្ជូន​បន្តទៅ​កាន់មន្ទីរពេទ្យបង្អែកស្រុកអង្គ​ស្នួល ហើយ​គ្រូពេទ្យបានដាក់សេរ៉ូមរួចបញ្ជូន​បន្ត​យ៉ាង​ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ​ទោះ​​បី​ជា​​បែប​ណា​ យឺត​ពេល​​​ទៅ​ហើយ​​​​គ្រូពេទ្យ​​​ពុំ​អាច​​​សង្គ្រោះ​​​បាន​​ក៏ស្លាប់​​​ទៅ ។​

ដោយឡែក នាងជាគូដណ្តឹង​បន្ទាប់ពី​​បាន​ដឹងថា គូកម្ម​របស់​នាង​ផឹកថ្នាំពុល​សម្លាប់​ខ្លួន​បែប​នេះ​ នាង​​ខូចចិត្តយ៉ាងខ្លាំង ព្រោះនាង​ក៏​ស្រលាញ់គេខ្លាំង​ណាស់ដែរ ហើយ​ភ្លាមៗនោះ​នាងបាន​​​យកថ្នាំ​បំពុល​កណ្តុរប៉ុនប៉ងផឹក​សម្លាប់​ខ្លួនដែរ ប៉ុន្តែម្តាយនាងឃើញទាន់​​ក៏​យកចេញ​ទាន់ ។ លុះពេលម្តាយ​ភ្លេចខ្លួន​​បន្តិច នាង​បាន​ស្ទុះ​ទៅ​យក​ប្រេងរំអិល​ម៉ាស៊ីនដេរ​មក​ផឹក​អស់​កន្លះ​កូន​ដប បណ្តាលឲ្យធ្វើ​​​ទុក្ខ​យ៉ាង​​​ខ្លាំង​ និងត្រូវ​បាន​​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​​​​ទាន់​ពេល​វេលា ។

នេះគឺជារឿងមិនគួរឲ្យកើតមាននោះទេ ​ដែល​​អាណាព្យាបាល​គ្រប់រូប​គួរតែ​ចេះ​ពិចារ​ណាមុននឹងទុកដាក់កូន​ចៅឲ្យមាន​គូស្រករ​​ និង​គួរតែពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បី​ចៀសវាងការ​ឯក​ភាព​​​គ្នា​ហើយ​​ បែរជាមិនពេញ​ចិត្ត រួចក៏​​ផ្តាច់ពាក្យវិញនាំឲ្យកើតមាន​រឿងគួរ​ឲ្យសោកសង្រេងបែបនេះ ដែលបង្កើត​​បាន​នូវ​វិប្បដិ​សារី​អស់​មួយ​ជី​វិត​ ៕​