ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជន​ជាតិ​ថៃ​និង​វៀត​ណាម​នាំ​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​នៅ​ភ្នំពេញ​និង​សៀម​រាប​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេតំហ្វេតា​មីន​ជាង​៥គីឡូក្រាម​ត្រូវ​គយ​សហការ​ជា​មួយ​នគរ​បាល​អន្តោ​ប្រវេសន៍​ចាប់​បាន​នៅ​អាកាស​យានដ្ឋាន​សៀម​រាប និង​ភ្នំពេញ​ កាល​ពីល្ងាច​ថ្ងៃទី​១៥​​ សីហា​ និង​ឃាត់​ខ្លួន​ស្រ្តី​ពីរ​នាក់​ម្នាក់​ជា​ជន​ជាតិ​វៀត​ណាម និង​ម្នាក់​ទៀត​ជន​ជាតិ​ថៃ​ដែល​ពួក​គេ​ធ្វើ​ដំណើរពីប្រទេសសិង្ហបុរី ។

នគរបាល​ក្រសួង​មហាផ្ទៃ​មួយ​រូប​បាន​ឲ្យ​ដឹងថា​ នៅល្ងាច​ថ្ងៃទី​១៥ ​​សីហា ​វេលាម៉ោង​៥​និង​២២​នាទី​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​សហការ​ជា​មួយ​នគរ​បាល​អន្តោ​ប្រវេសន៍​បាន​ឃាត់​ខ្លួន​ស្រ្តី​ម្នាក់​ឈ្មោះ​PHANH THI THANH HANG ជន​ជាតិ​វៀត​ណាម​ អាយុ២០ឆ្នាំ លិខិត​ឆ្លង​ដែន​លេខ​បេ​៦៨៦៣១៤១​ ។ ស្ត្រីនេះ​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​​MI​៦០៨​ សិង្ហបុរី-ភ្នំពេញ ​ត្រូវ​សមត្ថ​កិច្ច​គយ​បាន​រក​ឃើញ​ម្សៅ​ពណ៌ស​សង្ស័យ​ជា​គ្រឿងញៀនដែលលាក់ទុកក្នុងកន្រ្តកជ័រឆ្នៃជា​របស់​វត្ថុអនុស្សាវរីយ៍ ។​ ស្រ្តី​ជាប់​ចោទ​ខាង​លើ​បាន​សារភាពប្រាប់សមត្ថកិច្ចថា​ រូប​គេ​មិន​បាន​ដឹង​ថា​មាន​គ្រឿង​ញៀន​លាក់​ទុក​ក្នុង​កន្រ្តកជ័​រ​នោះ​ទេ​ហើយ​កន្ត្រក​នេះ​ត្រូវ​បាន​បង​ស្រី​នាង​ដែល​រស់​នៅ​ប្រទេស​នីកា​រ៉ាហ្គ័រជូន​នាង​ជា​កាដូ​ឆ្នាំថ្មី ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ ម្សៅ​ពណ៌ស​ដែល​សមត្ថកិច្ច​ដក​ហូត​ពី​ស្រ្តីវៀត​ណាម​ ខាង​លើជា​ប្រភេទ​គ្រឿង​ញៀន​មេតំហ្វេ​តាមីន​មាន​ទម្ងន់ ១គីឡូក្រាម​​ ។​

ដោយ​​ឡែក​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ​ពី​បង្រ្កាប​គ្រឿង​ញៀន​នៅ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញបាន១៣នាទី កម្លាំង​គយ​សហការ​ជា​មួយ​នគរ​បាល​អន្តោ​ប្រវេសន៍​ប្រចាំ​អាកាស​យាន​ដ្ឋាន​សៀមរាប​ក៏បាន​បង្រ្កាប​ការ​ជួញ​ដូរ​គ្រឿង​ញៀនឆ្លង​ប្រទេស ​និង​ឃាត់​ខ្លួន​ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ​KOTAMM​ MISS​ NAPAPHON​ អាយុ​២៩ឆ្នាំ​កាន់លិខិត​ឆ្លង​ដែន​លេខវេ​៩៩០៣៨៦​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​លេខMI​៦៣៦​សិង្ហ​បុរី-សៀមរាប ។​ សមត្ថកិច្ច​ឆែក​​ឆេរ​រក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​មាន​ទម្ងន់​៣,៤២៥​គីឡូក្រាម​ដែល​ស្រ្តី​​នោះ​លាក់​ទុក​ក្នុង​កាបូប​ដាក់ខោអាវ ។​ ជាលទ្ធ​ផល​ក្នុង​កិច្ច​ប្រតិ​បត្តិការ​បង្រា្កប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ប្រទេស​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​និង​ខេត្តសៀមរាប​កាល​ពីល្ងាច​ថ្ងៃទី​១៥​​ សីហា ​ដក​ហូត​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​មាន​ចំនួន​៥គីឡូ​៣៤៤,៩​ក្រាម ។

ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ការិ​យាល័យគយ និង​រដ្ឋាករ​អាកាស​​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​ចាត់​ការ​តាម​នីតិវិធី ៕