ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​​តំបន់​ភាគឦសាន​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​​ការ​យក​ព័ត៌​មាន​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ភ្នាក់ងារ​កាសែត​ទូរទស្សន៍ និងវិទ្យុ​ប្រចាំ​តំបន់ប៉ែក​ឦសាន​ប្រទេស​ជាច្រើន​រូប​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ការយក​ព័ត៌​មាន​ពីការ​ប្រែ​ប្រួល​អាកាសធាតុ មានរយៈពេល​២ថ្ងៃ​ជាប់ៗគ្នា​គិត​ចាប់ពីថ្ងៃទី១៦ សីហា ២០១២ នៅ​ក្នុងសាល​ប្រជុំ​សណ្ឋាគារ លីជឺ ក្នុងក្រុងក្រចេះ។

វគ្គ​បណ្តុះ​បណ្តាល​ដែ​លមាន​រយៈ​ពេល២ថ្ងៃ​​ដល់​ភ្នាក់ងារ​កាសែត ទូរទស្សន៍ និងវិទ្យុ​ក្នុងស្រុក​ប្រចាំតំបន់​ភូមិភាគ​ឦសាន​នៃប្រទេស​កម្ពុជា​នេះ គឺ​បាន​រៀបចំ និងសម្រប​សម្រួល​ពីសំណាក់​លោក​មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់ការ​សិក្សា ផ្នែកសារ​ព័ត៌មាន និងផ្តល់​មូល​និធិ​ដោយ​បណ្តាញ​សារព័ត៌​មាន​ផែនដី និងអីុនថឺញូស៌ និង​វាគ្មិន​មកពី​បណ្តា​មន្ទីរ​អង្គការ​ពាក់ព័ន្ធ​នានាជុំវិញ​ខេត្តមួយ​ចំនួនទៀត។

នារី​ឈ្មោះ​ដានី ជាសហ​ការីអ្នក​យកព័ត៌មាន​វិទ្យុក្នុ​ងស្រុក​ប្រចាំនៅ​ខេត្តក្រចេះ និយាយ​ថា វគ្គបណ្តុះ​បណ្តាល​មួយ​ពីការ​ប្រែប្រួល​អាកាស​ធាតុ នេះ​គឺមាន​គុណ​ប្រយោជន៍​សម្រាប់រូប​នាង និងអ្នក​កាសែត ក៏ដូចជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​ត្រូវការ​សរសេរ​អត្ថ​បទ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែ​ប្រួស​អាកាស​ធាតុ​នៅ​តាម​តំបន់រៀង​ខ្លួន​ឱ្យ​​កាន់តែស៊ី​ជំរៅ​បន្ថែម​ទៀត ខណៈពេល​ដែល​ក្នុង​ប្រទេសកម្ពុជា ក៏ដូច​ជានៅ​លើ​សកល​លោក​កំពុង តែមាន​ការ​ប្រឈម​ទៅ​នឹង​បម្រែ​បម្រួលអាកាស​ធាតុនេះ។

លោកពៅ សាវុធ អ្នក​គ្រប់គ្រង​វគ្គបណ្តុះ​បណ្តាល​មកពី​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែកសារ​ព័ត៌មាន​ហៅ​កាត់ថា (CIMS) បាន​មាន​ប្រសាសន៍​ថា ការបើក​វគ្គបណ្តុះ​បណ្តាល​នេះឡើង គឺមាន​គោល​បំណង​ចង់ឱ្យ​អ្នកសារ​ព័ត៌មាន​កាន់​តែមាន​ចំណេះ​ដឹងមូល​ដ្ឋានអំពី​​​បម្រែ​បម្រួល​អាកាស​ធាតុ ព្រោះកត្តានេះ មិន​មែន​ជារឿងបុគ្គល ឬជា​រឿង​គ្រួសារមួយ ឬសហគមន៍​មួយ​នោះទេ ដែល​គេចាត់​ទុកថា ជារឿង​កង្វល់​របស់​ពិភពលោក​ទាំង​មូល និងចាត់ទុក​ថា ជាប្រធាន​បទ​ដ៏សំខាន់ដែល​ពិភព​លោក​មានការ​ព្រួយបារម្ភ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕