ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អូស្ត្រាលី​យល់​ស្រប​លើ​ច្បាប់​កញ្ចប់​បារី​ត្រូវគ្មាន​ស្លាក​យីហោ​

13 ឆ្នាំ មុន

តុលាការ​កំពូល​របស់​អូស្ត្រាលី​ ព្រម​ព្រៀង​លើ​ច្បាប់​ថ្មី​របស់​រដ្ឋា​ភិបាល​ ដែល​កំណត់​លើ​កញ្ចប់​បារី​ដែល​លក់​នៅ​ក្នុង​​ប្រទេស ​ត្រូវ​តែ​ជា​កញ្ចប់​លាត ​ហាម​រំលេច​ស្លាក​យី​ហោ​ តែ​ត្រូវ​បង្ហាញ​រូបភាព​​ពីផល​ប៉ះ​ពាល់​ពី​ការ​ជក់​បារី​ ។ កញ្ចប់​បារី​រូបភាព​ថ្មី​​នៅ​លើ​ផ្ទៃ​កញ្ចប់​ត្រូវមា​ន​ពណ៌​​បៃតង​​ដោយ​មានរូបភាព​ និងពាក្យ​ដាស់​តឿន​​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ជក​់បារី ​។ ច្បាប់​នេះ​ចូល​​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃទី​១​ ខែ​​ធ្នូ ​ខាងមុខត​
ទៅ​ ។ ​

តុលាការ​​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​​ សំឡេង​ភាគ​ច្រើន​របស់​តុលាការ​​បង្ហាញ​​ការ​យល​់ស្រប​ថាច្បាប់​​នោះ​មិនជំទាស់​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​អូស្ត្រាលី​​​ទេ​​ ខណៈ​ពេល​ក្រុម​ហ៊ុន​បារី​ជា​ច្រើន​ រួម​មាន​ ​ក្រុម​ហ៊ុន​ប្រ៊ីធីស ​អាមេរិក​ ​តូបាកូ​ និង​ហ្វ៊ីលីប ​ម័រ​រីស ​បាន​អះអាង​ថា ​ច្បាប់នោះ​​​ល្មើស​នឹង​​កម្មសិទ្ធិ​បញ្ញា ​និង​ប្រឆាំងលើ​រដ្ឋ​ធម្មនុញ្ញ​របស់​អូស្ត្រាលី ។

​អង្គ​ចៅ​ក្រម​តុលាការ​កំពូល​របស់​អូស្ត្រាលី​ដែល​ពិភាក្សា​លើ​បណ្តឹង​រវាង​រដ្ឋាភិបាល​អូស្ត្រា​លី​ និង​ក្រុម​ហ៊ុន​ផលិត​​បារី​នៅ​ក្នុងប្រទេស ​​បញ្ជាក់​​ថា ​ច្បាប់​ដែល​ចេញ​ដោ​យរដ្ឋា​ភិបាល​​​កំណត់​​ឱ្យកញ្ចប់​បារី​ដែល​ដាក់​លក់​ក្នុង​ប្រទេស​ហាម​បង្ហាញ​ស្លាក​យី​ហោ​ទំនិញ​គឺជា​ច្បាប់​មិន​ជំទាស់​នឹងរដ្ឋ​ធម្មនុញ្ញ​ និងមិន​ចាត់​ទុក​ថា ជាការ​ល្មើស​លើកម្ម​សិទ្ធិ​បញ្ញា ​ដូច​ដែល​ក្រុម​ហ៊ុន​បារី​រួមគ្នា​ចោទប្រកាន់​ទេ​​ ។

ច្បាប់​នោះ​បាន​ឆ្លងកាត់​ការ​យល់​ព្រម​ពី​រដ្ឋា​ភិបាល​កាលពី​ឆ្នាំ​មុ​ន ​ដោយ​អាជ្ញាធរ​បាន​បញ្ជាក់​ថា ​កញ្ចប់​បារី​ប្រភេទ​ថ្មី​នេះ ​នឹងជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បារី​បាន​ ​ខណៈ​ពេល​ក្រុម​ហ៊ុន​មាន​អំណះ​អំណាង​ថា ច្បាប់​​​នេះ​នឹងធ្វើ​ឱ្យ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ ​និង​ហាក់​ដូជា​ទ្រទ្រង់​ឱ្យ​មាន​បារី​ក្លែង​បន្លំ​ហូរ​ចូល​ក្នុង​ទីផ្សារ ។ រដ្ឋ​ា​ភិបាលអូស្ត្រាលី​បាន​​ប៉ាន់​ប្រមាណ​ថា ​​ក្នុ​ង​មួយ​ឆ្នាំ​ៗ​មានជន​ជាតិ​អូស្ត្រាលី​ស្លាប់​ដោយ​​ជំងឺ​ ​​​ទាក់​ទង​នឹង​ការជក់បារី​​ជាង​១៥.០០០​នាក់ ​ធ្វើ​ឱ្យ​ខាត​បង់​លើ​ថ្លៃ​ចំណាយ​ក្នុងការ​ព្យាបាល​មួយ​ឆ្នាំ​ប្រហែល​​៣​ម៉ឺន​លាន​ដុល្លារ​អូស្ត្រាលី​ ៕