រាជធានីភ្នំពេញ ៖ លោកកោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១២ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ១-ឈ្មោះឡេ យ៉ាំងមីញ ភេទប្រុស អាយុ៤០ឆ្នាំ ២-ឈ្មោះង្វៀង ធីហុង ភេទស្រី អាយុ៤៧ឆ្នាំ ៣-ឈ្មោះឡៃ ធីមី ភេទស្រី អាយុ២៥ឆ្នាំ ៤-ឈ្មោះជិន ធីមិញធូ ភេទស្រី អាយុ៤៥ឆ្នាំ ៥-ឈ្មោះផាត់ ប៊ុនឆន ភេទប្រុស អ្នកទាំង៥នាក់នេះ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ៦-ឈ្មោះយឿង មិនលួង ភេទប្រុស អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល និងផ្តន្ទាទោសកំបាំងមុខឈ្មោះយូ ប៊ុនសាយ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិអូស្រ្តាលី ដាក់ពន្ធនាគារ៣០ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ព្រមទាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសរូបនេះ ដើម្បីយកមកអនុវត្តទោសតាមសាលក្រម ប៉ុន្តែបើកផ្លូវប្តឹងទាស់ និងឧទ្ធរណ៍ក្នុងកំណត់ច្បាប់។
គួររំលឹកថា មនុស្សប្រុសស្រីទាំង៦នាក់នេះ បានត្រូវសមត្ថកិច្ចប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃឃាត់ខ្លួនជាបន្តបន្ទាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មេសា ២០១១ នៅចំណុចផ្ទះជួលលេខ៩៣ និងលេខ៩៥ ផ្លូវលេខ១៦៦ ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងនេះរួចហើយ ប៉ូលិសដកហូតបានសម្ភារមួយចំនួន ដើម្បីទុកធ្វើជាវត្ថុតាងមានដូចជាម៉ាស៊ីនក្រឡុកសារធាតុផ្សំចំនួន៦គ្រឿង ម្សៅសារធាតុពណ៌ប្រផេះ ទម្ងន់២ក្រាម ម្សៅពណ៌ស ទម្ងន់៣៦,៥គីឡូក្រាម ម្សៅពណ៌លឿង៧៦១,៦ក្រាម ម្សៅពណ៌ខៀវខ្ចី៣,៥គីឡូក្រាម ម្សៅពណ៌បៃតងខ្ចី៤,៨គីឡូក្រាម ម្សៅពណ៌ពងមាន់១១គីឡូក្រាម សារធាតុផ្សំគ្រឿងញៀនហេរ៉ូអីុនចំនួន២ដុំ ក្នុង១ដុំទម្ងន់១គីឡូក្រាមមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក៕



ចែករំលែកព័តមាននេះ