ប្រភពព័ត៌មានពីផ្ទៃកងទ័ពប៉ាគីស្ថានរាយការណ៍ថា មនុស្សយ៉ាងតិច៨នាក់ក្នុងនោះមានអ្នកវាយប្រហារ៦នាក់ និងភ្នាក់ងារសន្តិសុខ២នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃទី១៦ សីហា ប្រឆាំងនឹងមូលដ្ឋានអាកាសចរណ៍មួយនៅប៉ាគីស្ថាន ។
យោងតាមអ្នកនាំពាក្យម្នាក់របស់កងទ័ពអាកាសប៉ាគីស្ថានថា មនុស្ស៦នាក់ប្រដាប់ដោយអាវុធគ្រប់គ្រាន់កាលពីថ្ងៃទី១៦ សីហា វេលាម៉ោង២រំលងអធ្រាត្របានវាយប្រហារប្រឆាំងមូលដ្ឋានអាកាសចរណ៍កាមរ៉ាក្នុងស្រុកអាតតុក ភាគពាយ័ព្យប្រទេសស្ថិតនៅចម្ងាយប្រមាណជា៧០គ.ម ភាគពាយ័ព្យរដ្ឋធានីអុីស្លា ម៉ាបាដ។ ការបាញ់តគ្នា ផ្ទុះឡើងរវាងពួកសកម្មប្រយុទ្ធនិងកងកម្លាំងសន្តិសុខ ហើយអ្នកវាយប្រហារទាំង៦នាក់នោះបានត្រូវសម្លាប់ទាំងអស់ ក្រោយការបាញ់តគ្នារយៈពេលជាង៣ម៉ោង ។
ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ពីដំបូងថា យន្តហោះមួយគ្រឿងរងការបំផ្លាញក្នុងការវាយប្រហារនោះ ក៏ប៉ុន្តែអ្នកនាំពាក្យកងទ័ពអាកាសបានបដិសេធព័ត៌មាននេះដោយអះអាងថា ពួកអ្នកវាយប្រហារពុំអាចចូលទៅដល់យន្តហោះឡើយ ។ ការបាញ់តគ្នាចាប់ផ្តើមពេលមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានយោធាត្រូវចាប់ខ្លួនត្រង់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៃមូលដ្ឋានអាកាសចរណ៍កាមរ៉ា ។ ពួកអ្នកវាយប្រហារអាចឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនត្យ៣កន្លែងតែត្រូវឃាត់ជាប់នៅប៉ុស្តិ៍ទី៤។ ពពកផ្សែងនិងអណ្តាតភ្លើងអាចមើលឃើញពីលើមូលដ្ឋានអាកាសចរណ៍នេះក្រោយការវាយប្រហារ ៕
ចែករំលែកព័តមាននេះ