ខេត្តតាកែវ ៖ ចោរប្លន់ប្រដាប់ដោយកាំភ្លើង AK ១ក្រុមបានចូលធ្វើសកម្មភាពប្លន់ផ្ទះថៅកែរកស៊ីទិញលក់គោ ហើយបាញ់គំរាម៣ទៅ៤គ្រាប់ និងប្រមូលយកអស់ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ទៅបាត់ដោយសុវត្ថិភាព ខណៈពេលដែលម្ចាស់ផ្ទះកំពុងធ្វើម្ហូប ។ សកម្មភាពនេះក្រុមចោរប្លន់បានរុញបុរសជាប្តីផ្ទប់ទៅនឹងជញ្ជាំងបែកក្បាល និងយកម៉ូតូស៊េរីទំនើបចំនួន២គ្រឿង ជិះយកទៅ តែដោយសមត្ថកិច្ចពួនស្ទាក់គ្រប់ច្រកល្ហកនោះធ្វើឱ្យក្រុមចោរប្លន់ផ្តួលម៉ូតូចោលនៅក្នុងស្រែខាងកើតផ្លូវលេខ៣១ ។ ហេតុការណ៍ក្រុមចោរកាំភ្លើងអាកាចេញមុខជាថ្មីទៀតប្លន់ផ្ទះថៅកែរកស៊ីលក់គោនេះបានកើតឡើងកាលពីថ្ងៃទី១៥ សីហា ២០១២ វេលាម៉ោង៦និង៤០នាទីល្ងាច ស្ថិតក្នុងភូមិប្រឹសលើ ឃុំខ្វាវ ស្រុកទ្រាំង ។
លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ជនរងគ្រោះដែលរងការប្លន់ពីសំណាក់ក្រុមចោរកាំភ្លើង AK នេះ ប្តីឈ្មោះលឹម វន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវចោររុញផ្ទប់ជញ្ជាំងថ្មរបួសក្បាល និងប្រពន្ធឈ្មោះអ៊ុយ ញី ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ក្រុមគ្រួសារនេះជាអ្នកមានទ្រព្យសម្បត្តិធូរធានៅក្នុងភូមិ ដោយប្តីជាអ្នករកស៊ីប្រមូលទិញគោពីស្រុកខ្មែរដឹកតាមឡានយកទៅលក់នៅប្រទេសវៀតណាម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ