ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​ឃុំ​​​ឃាំង​ពល​រដ្ឋ​​ខ្លួន​

13 ឆ្នាំ មុន

ចិន​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​ឃុំ​​​ឃាំង​ពល​រដ្ឋ​​ខ្លួន​ ក្រសួង​ពាណិជ្ជ​កម្ម​ចិន​បាន​ស្នើ​ដល់​​ជប៉ុន​​ឱ្យ​​គ្រប់គ្រង​​ឱ្យ​បាន​ត្រឹម​​ត្រូវ​រឿង​ចាប់ឃុំ​ឃាំង​​ជនជាតិ​ចិន​១៤នាក់​​ដែល​ទៅកាន់​ប្រជុំ​​កោះ​​DIAOYU ។​ ​អ្នកនាំពាក្យ​ក្រសួង​នោះ​លោក​​សេន​ដាន​ យ៉ាង​គូសបញ្ជាក់​​កាលពី​ថ្ងៃទី​​១៦ សីហា​​ថា ចិន​​​មានការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ។​

​​ប្រទេសជប៉ុន​​បាន​ចាប់​​ឃុំ​ឃាំង​ជនជាតិ​ចិន​​ហុង​កុង​និង​​ម៉ាកាវ​១៤នាក់​​ដែលទៅ​កាន់ប្រជុំ​កោះ​​ DIAOYU ​កាលពី​រសៀល​​ថ្ងៃទី​​​១៥ សីហា ដើម្បី​​​អះអាង​ពី​​អធិបតេយ្យ​​​ភាព​របស់​​ចិន​​លើ​​ប្រជុំ​កោះ​​នេះ​​តែពួក​​គេត្រូវ​​​​ប៉ូលិស​​ជប៉ុន​ចាប់​ខ្លួន​ពីបទ​ចូល​​ដីជប៉ុន​​ដោយ​ខុសច្បាប់ ។ ​​នាវា​​​នេសាទ​មួយ​គ្រឿង​ដែល​ពួក​សកម្ម​ជន​​​ចិន​ទាំងនោះ​ជិះ​ក៏ត្រូវ​​​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​​ជប៉ុន​ចាប់​ដែរ ។

​អ្នកនាំពាក្យ​​​រូបនេះ​​បន្ត​ថា​ ឆ្នាំនេះ​​​កំណត់​​​ពី​ខួប​​លើក​ទី​​៤០នៃ​ការ​ធ្វើ​​​ឱ្យ​មាន​ប្រក្រតី​​ភាព​​ឡើង​វិញ​​នៃ​ទំនាក់ទំនង​​ចិន​-ជប៉ុន​​ដូច្នេះ​ប្រទេស​ចិន​សង្ឃឹម​​ថា ជប៉ុន​នឹង​ធ្វើ​ការ​​ខិតខំ​ប្រឹង​ប្រែង​​ជាក់​ស្តែង​នានា​​​​ដើម្បី​បង្កើត​​បរិយាកាស​​ល្អមួយ​ជាគុណ​ប្រយោជន៍​ដល់​ការ​ពង្រីក​​ទំនាក់ទំនង​​សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​​រវាង​​ប្រទេស​ទាំង២​ ហើយ​ជំរុញ​ពង្រីក​ទំនាក់ទំនង​​យុទ្ធ​សាស្ត្រ​ដែល​មាន​​​ផល​ប្រយោជន៍​ទៅ​​វិញទៅមក​ ។ ​កាលពី​ថ្ងៃទី១៦ សីហា ​នៅមុខ​ស្ថានទូត​​ជប៉ុន​ប្រចាំ​ក្រុង​ប៉េកាំង​មាន​​មនុស្ស​​​មួយក្រុម​​ធ្វើ​​បាតុកម្ម​​​ទាមទារ​​​​ឱ្យ​ដោះ​​លែង​​សកម្ម​ជន​​ចិន​ទាំង១៤​នាក់​នោះ ៕