រាជធានីភ្នំពេញ ៖ ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន នៅរសៀលថ្ងៃទី១៦ សីហា ២០១២ បានដាក់លិខិតមួយច្បាប់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រយោជន៍ដើម្បីស្នើឲ្យសម្តេចតេជោ ជួយអន្តរាគមន៍បញ្ចុះតម្លៃប្រេងឥន្ធនៈដែលបច្ចុប្បន្នកំពុងមានតម្លៃថ្លៃមកនៅត្រឹមតម្លៃមួយសមរម្យ ។
លិខិតរបស់សហភាពសហជីពកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះតម្លៃប្រេងសាំង ស៊ូពែរមានតម្លៃ៥.៦៥០រៀលក្នុងមួយលីត្រ ហើយប្រេងសាំងធម្មតាមានតម្លៃ៥.៤៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះ ជាតម្លៃហក់ឡើងខ្ពស់ខុសពីធម្មតា ។
លិខិតដែលចុះហត្ថលេខាដោយលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានបញ្ជាក់ទៀតថា ខណៈពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នេះ អ្នកដែលទទួលរងផលប៉ះពាល់មុនគេ គឺអ្នកដែលមានប្រាក់ចំណូលប្រចាំថ្ងៃទាប ដូចជាបងប្អូនកម្មករ-កម្មការិនី គ្រូបង្រៀន មន្រ្តីរាជការ និងកសិករ ហើយពួកគាត់អាចនឹងមានការប្រឈមយ៉ាងខ្លាំងចំពោះជីវភាពរស់នៅរាល់ថ្ងៃ ។ ដូច្នេះហើយ ទើបសហភាពសហជីពកម្ពុជា ស្នើឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃសមរម្យសម្រាប់បងប្អូនកម្មករ-កម្មការិនី គ្រូបង្រៀន មន្រ្តីរាជការ និងកសិករអាចប្រើប្រាស់ និងរស់នៅថ្លៃថ្នូរ៕
ចែករំលែកព័តមាននេះ