រាជធានីភ្នំពេញ ៖ នៅថ្ងៃសោរ៍ទី១៨ សីហា សប្តាហ៍នេះ កីឡាករវ៉ែន សុវណ្ណ អ្នកប្រដាល់មកពីក្លិបកងកេងខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយកីឡាករចាន់ រតនា ដែលជាអ្នកប្រដាល់ជើងខ្លាំងមកពីក្លិបខេមរៈខ្លាហោះ នៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ ។ ប៉ុន្តែផ្ទុយពីគូសងសឹកឯទៀតដែលមានជំនឿយ៉ាងមុតមាំនៅមុនពេលប្រកួតថា នឹងអាចផ្តួលគូប្រកួតបាន កីឡាករវ៉ែន សុវណ្ណបែរជាប្រាប់ថា កំពុងបុកពោះ និងមិនទុកចិត្តចំពោះខ្លួនឯងក្នុងជំនួបសងសឹកគ្នាជាលើកទី៣នេះទៅវិញ ។
ទីបំផុត ការប្រកួតកម្តៅសាច់ដុំធំមួយរវាងកីឡាករវ៉ែន សុវណ្ណ និងកីឡាករចាន់ រតនា មុនពេលពួកគេឈានជើងចូលក្នុងវគ្គប្រកួតជម្រុះដើម្បីទៅប្រកួតដណ្តើមខ្សែក្រវាត់អាជ្ញាធរប្រឆាំងគ្រឿងញៀនពីអូត ភូថង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ពិតជាកើតឡើងមែន ។ អ្នកប្រដាល់ពីររូបនេះធ្លាប់បានជួបប្រកួតគ្នាចំនួន២លើករួចមកហើយ ដោយការប្រកួតទាំង២លើកនោះ គឺវ៉ែន សុវណ្ណ សុទ្ធតែចាញ់ចាន់ រតនា ដោយពិន្ទុ ។ ទោះជាយ៉ាងណា ការប្រកួតលើកទី៣នាថ្ងៃសៅរ៍នេះ គេមិនអាចយកលទ្ធផលដែលពួកគេបានជួបគ្នាតាំងពី២ឆ្នាំមុន និងលើកចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០១២ នោះ យកមកកំណត់លទ្ធផលនៅមុនពេលពួកគេជួបប្រកួតគ្នាបានទេ ដោយសារតែមួយរយៈចុងក្រោយកីឡាករវ៉ែន សុវណ្ណ មានការរីកចម្រើនទាំងស្នៀតជើង ស្នៀតកែង និងកណ្តាប់ដៃ ដែលផ្ទុយគ្នាដាច់ស្រឡះកាលពីកន្លះឆ្នាំមុន ។ តាមការវិភាគចាន់ រតនា ជាកីឡាករសម្បូរស្នៀតប្រដាល់ល្អៗ រួមមានស្នៀតទាត់បកក្រោយ ស្នៀតនាគវាត់កន្ទុយ និងស្នៀតវាយទាត់ធាក់បែបច្រងេងច្រងាងជាដើម ដែលពិបាកឱ្យវ៉ែន សុវណ្ណ ទប់ជាប់ណាស់ ។
ថ្វីដ្បិតតែការប្រកួតលើកចុងក្រោយរបស់ចាន់ រតនា គឺគេបានឈ្នះពិន្ទុកីឡាករអ៊ុង វិរៈ ដែលជាជើងខ្លាំងមួយរូបប្រចាំក្លិបកងពលតូចឆត្រយោង៩១១ ប៉ុន្តែកីឡាកររូបនេះ នៅមានចំណុចខ្វះខាតច្រើនដែលពិបាកជឿថា ក្នុងជំនួបលើកទី៣ដែលជាការប្រកួតសងសឹករបស់វ៉ែន សុវណ្ណ ម្តងនេះគឺលោកនៅតែអាចយកឈ្នះសាជាថ្មី ។ ដោយឡែកចំពោះកីឡាករវ៉ែន សុវណ្ណ វិញ ថ្វីដ្បិតតែមានចំណុចខ្វះចន្លោះជាងកីឡាករចាន់ រតនា បន្តិច តែលោកជាកីឡាករមួយរូបដែលមានកាយសម្បទាល្អ មានស្នៀតប្រដាល់ក៏មិនអន់ ហើយបើនិយាយពីកម្លាំងស៊ុហ្វវិញ គឺរឹងមាំ និងល្អជាងកីឡាករចាន់ រតនា ឆ្ងាយណាស់ ។ ក្រៅពីធ្លាប់ឈ្នះខ្សែក្រវាត់ជើងឯក កាលពីចុងឆ្នាំ២០១០ វ៉ែន សុវណ្ណ ក៏ទើបនឹងឈ្នះពិន្ទុជើងខ្លាំង យុគ យក្សគីល អ្នកប្រដាល់មកពីក្លិបយុវកីឡាខេត្តបាត់ដំបង ដែលធ្វើឱ្យម្នាក់ៗភ្ញាក់ផ្អើល ហើយពិបាកជឿថា លោកនឹងចាញ់ ចាន់ រតនា ក្នុងជំនួបលើកទី៣នេះផងដែរ ។
ប៉ុន្តែបញ្ច្រាសទិសនឹងការវិភាគបែបលើកទឹកចិត្តនេះកីឡាករវ៉ែន សុវណ្ណ បែរជាអះអាថា ខ្លួនបុកពោះនឹងរាងផ្អើលៗសម្រាប់ការប្រកួតសងសឹកជាលើកទី៣នេះទៅវិញ ដែលគេមិនទាន់អាចប៉ាន់ស្មានដឹងថា តើលោកកំពុងខ្លាចចាន់ រតនា ឬគ្រាន់តែនិយាយដាក់ខ្លួនដើម្បីឱ្យគូប្រកួតប្រហែសខ្លួន ឬយ៉ាងណានោះទេ ។ វ៉ែន សុវណ្ណ បញ្ជាក់កាលពីម្សិលមិញថា លោកមិនខ្លាចចាន់ រតនា ទេ ប៉ុន្តែលោកក៏មិនអាចមើលស្រាលចំពោះកីឡាកររូបនេះបានដែរ ដោយសារតែកន្លងមក កីឡាករចាន់ រតនា បានប្រើក្បាច់ច្រងេងច្រងាងម្យ៉ាងដែលពិបាកឱ្យលោកវាយបក ឬប្រើស្នៀតពិសេសរបស់ខ្លួនចូលកៀកគាត់ខ្លាំងណាស់ ។ លោកបញ្ជាក់ដោយខ្វះជំនឿចិត្តថា ការប្រកួតសងសឹកក្នុងជំនួបលើកទី៣នេះ លោកមិនហា៊នសង្ឃឹមលើសពី៥០ភាគរយទេ ប៉ុន្តែលោកនឹងប្រឹងប្រកួតឱ្យបានល្អ បើទោះជានោះជាការប្រកួតបែកកម្តៅសាច់ដុំនៅមុនពេលរូបលោកជួបប្រកួតជាមួយអ៊ុង វិរៈ ដែលលោកទើបតែឈ្នះមុននេះ ក្នុងជំនួបជម្រុះដើម្បីដណ្តើមបេក្ខភាពទៅជួបប្រកួតជាមួយកីឡាករអូត ភូថង នោះក៏ដោយ ។
លោកថ្លែងដោយអារម្មណ៍បែបបុកពោះខុសពីកីឡាករទូទៅនៅមុនការប្រកួតសងសឹកថា «ខ្ញុំអត់ទាន់ច្បាស់ថា អាចយកឈ្នះចាន់ រតនា បានទេ បើទោះជាខ្ញុំប្រឹងប្រែងហ្វឹកហាត់ក្បាច់ប្រដាល់មានការរីកចម្រើនច្រើនខុសពីមុនក៏ដោយ ព្រោះចាន់ រតនា ខ្ញុំយល់ថា ជាគូប្រកួតមួយដែលខ្ញុំពិបាកទប់ទល់ជាងគេ ពិសេសនៅពេលគេប្រើក្បាច់ប៉ាតណាប៉ាតណីនៅលើរេញម្តងៗ!» ។ លោកអះអាងថា សប្បាយចិត្តណាស់ដែលការប្រកួតជម្រុះបើកឆាករបស់លោក គឺមិនបានជួបនឹងចាន់ រតនា ប៉ុន្តែបើលោកពិតជាបានឡើងទៅប្រកួតខ្វែងជាមួយចាន់ រតនា ដើម្បីយកលេខ១ឡើងទៅជួបអូត ភូថង ពិតមែនក៏លោកនឹងពុះពារមិនឱ្យលទ្ធផលរវាងលោក និងចាន់ រតនា នៅតែជាន់ដានចាស់ដដែលដូច២លើកមុនទេ ។ តាមការប្រកាសឱ្យដឹងការប្រកួតជម្រុះរវាងកីឡាករទាំង៤រូបដើម្បីជម្រើសម្នាក់ឡើងទៅជួប អូត ភូថង នោះ គឺកីឡាករអ៊ុង វីរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១ ជួបវ៉ែន សុវណ្ណ ឯកីឡាករវ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ជួប ចាន់ រតនា នៅពេលបន្ទាប់ ។
ក្នុងការប្រកួតនាថ្ងៃសៅរ៍នេះផងដែរ ក៏មានការប្រកួតសងសឹករវាងកីឡាករយ៉ាម ពិសិដ្ឋ មកពីក្លិបរស្មីកុមារកំព្រា ដែលធ្លាប់ចាញ់ម្តងនឹងជួបប្រកួតជាថ្មីជាមួយកីឡាករម៉ាប់ ឆៃយ៉ា មកពីក្លិបបក្សីស្លាបដែក ។ ចំណែកការប្រកួតសងសឹកមួយគូទៀត គឺរវាងកីឡាការិនីញឹម ចំរ៉ុង មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ប្រកួតជាមួយកីឡាការិនីសូយ សុធា មកពីក្លិបអូដឹមកីឡា ដែលកាលពី២លើកមុន គឺពួកគេធ្លាប់ឈ្នះចាញ់គ្នាម្តងម្នាក់ ។ ក្រៅពីនោះក៏មានការប្រកួតរវាងកីឡាករចាន់ មុន្នី មកពីក្លិបនិរោធមានជ័យ ប្រកួតជាមួយអាន សុផល មកពីក្លិបមិត្តប៉ូសិល កីឡាករផាន់ សារ៉ែម មកពីក្លិបគជសារកីឡា ប្រកួតជាមួយកីឡាករសាន សារ៉ុម មកពីក្លិបកងទ័ពជើងគោក និងកីឡាករហ៊ុន ខេង មកពីក្លិបគជសារកីឡា ប្រកួតជាមួយកីឡាករឯម វណ្ណៈ មកពីក្លិបគ្រុឌមានជ័យ ៕
ចែករំលែកព័តមាននេះ