ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ-អាចារិនី​397នាក់ ចូលរួម​​វគ្គ​បណ្តុះ​បណ្តាល​​ភារកិច្ច​និង​ក្រម​សីលធម៌

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អាចារ្យនិងអាចារិនី​​ចំនួន​៣៩៧​អង្គ-នាក់​ បាន​ជួប​ជុំគ្នា​នៅ​ក្រសួង​ធម្មការ​ និង​សាសនា​ដើម្បី​ទទួល​ចំណេះ​ដឹង​បន្ថែម​ក៏ដូចជាការតម្រង់ទិសអាចារ្យទាំងនោះ​ឲ្យ​ឯក​ភាព​គ្នា​ក្នុង​ការ​ដឹក​នាំ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ឲ្យ​យល់​ដឹង​ពី​តម្លៃ​វប្បធម៌​ដ៏​ល្អ​ផូរ​ផង់​របស់​ខ្មែរ​យើង​ កាលពីរសៀលថ្ងៃទី១៥​ សីហា​។

លោក​ មិន​ ឃិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្ម​ការ​ ​និង​សាសនា មាន​ប្រសាសន៍ថា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ពិត​ជា​ផ្តល់​ឱកាស​យ៉ាង​ល្អ​ចំពោះ​អាចារ្យនិងអាចារិនី​ទាំង​អស់​បាន​ជួប​ជុំ​ផ្លាស់​ប្តូរ​​យោបល់​ពីគ្នា​ទៅវិញ​ទៅ​មក​ និង​បាន​យល់​ដឹង​ពី​វិធី​សាស្ត្រ​ក្នុង​ការ​ដឹក​នាំ​​ពិធី​មង្គលការ​និង​ពិធី​បុណ្យ​ផ្សេងៗ ។​

លោក​មិន​ ឃិន​ បាន​កោត​សរ​សើរ​ដល់​លោក​អាចារ្យ​និង​អាចារិនី​ដែល​បាន​លះ​បង់​ពេល​វេលា​ដ៏​មមាញឹក​ក្នុង​រដូវ​វស្សា​មក​សិក្សា​​​ចំណេះដឹង​បន្ថែម​ ​ព្រមទាំងបាន​ជំរុញ​​ឲ្យ​គ្រូ​ឧទ្ទេស​​ទាំង​អស់​ខិត​ខំ​ពន្យល់​ឲ្យបាន​ពិស្តារ​នូវ​រាល់មេរៀននីមួយៗ ។​លោកឧទ្ទេសា​ចារ្យ​ ប៉ុក​ វណ្ណធីរ​ មាន​ប្រសាសន៍​ថា​ក្រសួង​ធម្មការ​និង​សាសនា​ បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ចំនួន​១០វគ្គ រួច​មក​ហើយ​ សរុប​អាចារ្យ​ទាំង​អស់​ចំនួន​៣.០៨៩​  នាក់ ។​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ចំនួន​១០​វគ្គ​រួច​មក​ហើយ​នោះ​ឃើញ​ថា អាចារ្យ​ទាំង​អស់​ចេះ​សាម​គ្គី​គ្នា​ ស្រលាញ់គ្នា​ និងរាប់អានគ្នា និង​បាន​ចង​ក្រងជាសមាគមអាចារ្យខ្មែរ​ ។

តាម​រយៈ​ការ​ផ្តល់​កិច្ចសម្ភាសន៍​ លោក​តា​អាចារ្យ​នៅ​វត្ត​ស្អំ​ ស្ថិត​នៅ​ស្រុក​ពញា​ក្រែក​ ខេត្ត​កំពង់ចាម មាន​ប្រសាសន៍ថា​ រូប​គាត់​មាន​សេចក្តី​រីក​រាយ​ណាស់​ដោយ​បាន​ក្រសួង​ធម្មការ និង​សាសនា​បើក​វគ្គបណ្តុះ​បណ្តាល​នេះ​ឡើង​ គឺ​ដើម្បី​ឲ្យ​អាចារ្យ​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ការ​ងារ​នេះ​ឲ្យបាន​ឯក​ភាព​គ្នាក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន ។

លោកតា ជា​ សុផាន​ អាចារ្យវត្តត្រពាំង ស្ថិត​​នៅ​ស្រុកព​ញាក្រែក​ ខេត្តកំពង់ចាម ​ថ្លែង​​ថា ការ​បណ្តុះ​បណ្តាល​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​​ឧទេ្ទសា​ចារ្យ​ដ៏ល្អ ហើយ​​នៅ​ពេល​ដែលគាត់ត្រឡប់​​​ទៅ​កាន់​មូល​ដ្ឋាន​វិញ​​នឹង​យក​ទៅ​ដឹក​នាំ​​ពុទ្ធ​បរិស័ទ​លើ​ការ​ងារ​ទាក់​ទងនឹង​ប្រពៃណី​ដ៏ល្អ​ផូរ​ផង់​របស់​បុព្វ​បុរស​យើង​​ ៕