ខេត្តតាកែវ ៖ មានរូបមានទុក្ខ គឺជាទ្រឹស្តីព្រះពុទ្ធសាសនាដែលបានជ្រាបក្នុងផ្នត់គំនិតរបស់ពុទ្ធសាសនិកជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមខ្មែរ ។ គ្មានបុគ្គលណាម្នាក់គេចផុតពីសេចក្តីទុក្ខឡើយ គ្រាន់តែតិចឬច្រើនខុសគ្នាទៅតាមបច្ច័យនៃកម្មតែប៉ុណ្ណោះ ។ អ្នកខ្លះបានកើតមកក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិធ្វើឱ្យដំណើរជីវិតបានប្រសើររុងរឿងថ្កុំថ្កើង ឯអ្នកខ្លះទៀត កើតមកក្នុងត្រកូលអ្នកក្រខ្សត់តែងជួបឧបសគ្គស្ទើរតែពេញមួយជីវិតផងក៏មាន ។
ស្ត្រីចំណាស់ កុក យិន ក្នុងវ័យ៦២ឆ្នាំ គ្មានកូនចៅនឹងគេរស់នៅក្នុងសភាពជាស្ត្រីមេម៉ាយស្ទើរតែពេញមួយជីវិតបានរៀបរាប់បណ្តើរដៃទាំងពីរដំកួរស្រូវដែលកាត់មកពីស្រែសល់ពីកសិករប្រមូលផល ឱ្យដឹងថា សព្វថ្ងៃគាត់គ្មានដីស្រែសម្រាប់ប្រកបរបរកសិកម្មទេ គាត់តែងដើររើសកួរស្រូវ ឬស៊ីឈ្នួលច្រូតស្រូវឱ្យបងប្អូនក្នុងភូមិ ។ ស្ត្រី កុក យិន រស់នៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានតែខ្ទមតូចមួយ សម្រាប់ជ្រកហើយសូម្បីដីខ្ទមនេះក៏ជារបស់វត្តភ្នំបុរីដែរ គឺបានដោយសារព្រះចៅអធិការវត្តផ្តល់ឱ្យ ។
ស្ត្រីចំណាស់ខាងលើបញ្ជាក់បន្ថែមទៀតថា រាល់ថ្ងៃគាត់កាប់អុសលក់ ចាប់ត្រី ឬដេរស្លឹកតោ្នតលក់ដើម្បីបានកម្រៃចិញ្ចឹមក្រពះ ពេលខ្លះមានបងប្អូនក្នុងភូមិដែលជួលគាត់ឱ្យធ្វើការបានផ្តល់ជាអង្ករដាំបាយទទួលទាន ហើយអ្វីដែលលំបាកបំផុតនោះ គឺពេលធ្លាក់ខ្លួនឈឺម្តងៗមិនមានលុយកាក់ទិញថ្នាំព្យាបាលនោះទេ ។ស្រ្តីទុគ៌តបានរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនថា អាពាហ៍ពិពាហ៍របស់គាត់និងប្តីត្រូវបានរៀបចំឡើងក្នុងសម័យប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានប្រហែលជា៤-៥ឆ្នាំ គាត់ក៏បានបែកផ្លូវពីប្តីរហូតមក ។ តាំងពីនោះមក គាត់ត្រូវរស់នៅក្នុងសភាពជាស្ត្រីមេម៉ាយ គ្មានកូនចៅឯណាមើលថែទាំងនោះទេ។ តែទោះជាក្រលំបាកយ៉ាងនេះក្តី គាត់នៅតែខិតខំ និងតស៊ូរស់តទៅទៀត ។
ជាចុងក្រោយស្ត្រី កុក យិន ក៏ទទួចអង្វរសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៌ េមត្តាជួយឧបត្ថម្ភដល់ជីវិតរស់នៅដ៏លំបាកតោកយ៉ាករបស់គាត់ផង ៕



ចែករំលែកព័តមាននេះ