ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​​​បញ្ចុះ​​បឋម​សិលា​សាង​សង់​​​បណ្ណា​ល័យ​​2​នៅ​ស្រុក​​បាកាន

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ កាល​​ពី​ថ្ងៃ​ទី​១៥ ​សីហា ​លោក​រដ្ឋ​​​មន្ត្រី​ ស៊ុយ សែម ​​ប្រធាន​ក្រុម​ការងារ​​គណបក្ស​ប្រជា​​​ជន​​កម្ពុជា ​​​ចុះ​ជួយ​​​​ខេត្ត​​​​ពោធិ៍​សាត់​​ ​​បាន​​អញ្ជើញ​​​​​ជា​អធិ​បតី​ក្នុង​ពិធី​​​បញ្ចុះ​​​​បឋម​សិលា​​​​​សាង​សង់​​បណ្ណា​​​ល័យ​ចំនួន​​​​២​​ខ្នង ​​​នៅវិទ្យា​ល័យ​​អូរ​តា​​ប៉ោង ​និង​វិទ្យា​ល័យ​​បា​កាន ​។ ក្នុង​ឱកាស​នោះ​​​ ក៏​មាន​ការ​​អញ្ជើញ​​ចូល​​​រួម​​​​​ពី​សំណាក់​​​​​រ​ដ្ឋ​លេខ​ាធិការ​ ​​​អនុ​រដ្ឋ​​លេខាធិការ​​ ​ក្រសួង​​​ឧស្សាហកម្ម​​​ ​រ៉ែ និង​ថាម​ពល​ ​អភិបាល​​​​រង​ខេត្ត ​ក្រុម​ការងារ​​ សិស្សានុ​សិស្ស​ ​​លោកគ្រូ​ អ្នក​គ្រូ ​និង​​ប្រជា​ពលរដ្ឋ​​​​​ ​សរុបប្រមាណ ​១.០០០​នាក់។

​លោក​​ សៅ ដារឿន អភិ​បាល​ស្រុក​​​បា​កាន ​​​​​បានថ្លែងថា ឆ្នាំ​នេះ​​​​​នៅ​ស្រុក​​បា​កាន​​ធ្វើ​​ស្រែ​​​​បាន​គ្រប់​​ផែន​ការ​​ ៤៥.០០០​​ហិក​តា ​ច្រូត​កាត់​​រួច​​​​ ៨.៥០០​​ហិកតា​​ ​​ប៉ុន្តែ​​​​ជួបគ្រោះ​​រាំង​ស្ងួត​​​​ប្រមាណ​​​ ៥.០០០​​ហិកតា ​​​ ​​ដែល​អាជ្ញាធរ​​​ និងមន្ត្រី​ជំនាញ​​​ធន​ធាន​ទឹក​​កំពុង​​​​​​ខិត​ខំ​​ដោះ​ស្រាយ​​ផ្តល់​ទឹក​​​ពី​ប្រព័ន្ធ​​​​ធារាសាស្ត្រ​​​​ដំណាក់​​​អំពិល ។ ​​​

លោក​​ឱ្យ​ដឹង​​​ថា ឆ្នាំ​​​​នេះ ​គ្រឿង​ចក្រ​​​របស់​លោក​​ប្រធាន​​​ក្រុ​ម​ការងារ​​​និ​ងលោក​​​ឧកញ៉ា​ វិញ ហួរ ​​​កសាង​​​ប្រឡាយ​ទឹក​​បាន​ប្រវែង​​ ៦១.៩៨៤​ម៉ែត្រ ​​ផ្លូវ​​​​លំ​ដី​ស​​ប្រវែង​ ១០៧.០១៧ ម៉ែត្រ  ស្តារ​​អូរ​ប្រវែង ២.៤០០​ម៉ែត្រ  ​​​ជីក​ស្រះ​ទឹក​​បាន​​ ១.៦១១​ ​​​និង​ចិញ្ចឹម​ត្រី​​​បាន​ ​៨៣៥​​​ស្រះ។ ចំពោះ​ ​​វិស័យ​​អ​ប់​រំ​​ក៏​​មាន​ការ​រីក​ចម្រើន​​​ខ្លាំង​​​ដែរ គឺ​​ឆ្នាំ​សិក្សា​​​​២០១១-២០១២ នេះ​ ​មាន​សាលា​​បឋម​សិក្សា​​​ចំនួន​​​​៨២,​​ ​មត្តេយ្យ​​សិក្សាចំនួន២៨​, ​អនុ​វិទ្យា​ល័យ​ចំនួន​៨ វិទ្យាល័យ​ចំនួន​​​៥ និង​អគារសិក្សា​​​​​សរុប​​​​១៨៤​ខ្នង ​ក្នុង​នោះ​​អគារ​ថ្ម​ចំនួន​​១៤៣​ខ្នង ។ ចំណែក​​​ការ​បញ្ចុះ​​​បឋម​សិ​លា​ថ្ងៃ​នេះ​​​​គឺ​​សាង​សង់​​​​​​​បណ្ណា​ល័យ​ចំនួន​​​​២​ខ្នង ដែល​​១​​ខ្នង​ ​នៅក្នុ​ង​វិទ្យាល័យ​​​អូរ​តា​ប៉ោង​​ ​និង​​​​១ខ្នង​ទៀត​នៅ​​វិទ្យាល័យ​​​បា​កាន  ​​​មានទំហំ​​​​​​១៦មែ៉ត្រ​គុណ​​​​២០​​មែ៉ត្រ។ ​

លោក​​រដ្ឋ​មន្ត្រី​ ស៊ុយ សែម ​ថ្លែង​​ថា បណ្ណា​ល័យ​​ទាំ​ងពី​រ​​​​ខ្នង​នេះ​​​ជា​អំណោយ​​របស់​លោក​​ឧកញ៉ា ​​​វិញ​ ហួរ ​​និង​លោក​ជំទាវ​​​​ ផ្តល់​ជូន​​​ជា​គុណ​​ប្រយោជន៍​​​​​​ដល់​កូន​ចៅ​​​យើង​ទាំ​ង​អស់​​​​គ្នា ដែល​លោក​​​​​​មាន​ស្រុក​​កំណើត​​​​នៅស្រុក​​បា​កាន​​​នេះ​ ។​ ​​នៅពេល​​​​សាង​សង់​​​រួច ​លោក​​ឧកញ៉ា ​​​​នឹង​បំពាក់​​​​​សៀវ​ភៅ​ ឯក​សារ​ ​​​​រឿង​​និ​ទាន​  ប្រវត្តិ​ផ្សេង​ៗ​​​​ កុំព្យូទ័រ និង​គ្រឿង​​សង្ហា​​រិម ​​​​​​សម្រាប់​​សិស្សានុ​សិស្ស​​​​​ស្រាវជ្រាវ​​​​​​ និង​រៀន​សូត្រ ។

លោក​​បានផ្តាំ​ផ្ញើ​​​ដល់​សិស្សានុសិស្ស​​​​​ ត្រូវ​ខិតខំ​​​​រៀន​សូត្រ​ ​កុំ​ធ្វើ​​​​ជា​ក្មេង​​​ទំនើង​​​​ដែល​​​សង្គម​​ស្អប់​ខ្ពើម​ ​​កុំ​ជក់​​​ថ្នាំ​ញៀន ​​ឬ​បោះ​បង់​​ការ​សិក្សា​​​​​ទៅ​ធ្វើ​​​ចំណាក​ស្រុក​​​ជា​ដើម ​​គឺ​គ្មាន​​​​​អនាគត​ល្អទេ​ ។​​ ​ជា​មួយ​គ្នា​នេះ​​​​ លោក​រដ្ឋមន្ត្រី​​​​​បាន​អប​អរ​សាទរ​​​​ចំពោះ​​​​លទ្ធ​ផល​​​​​​នៃ​ការ​បោះ​ឆ្នោត​​​​ជ្រើ​ស​រើស​​​​ក្រុម​ប្រឹក្សា​​​ឃុំ​​-សង្កាត់​​​​ អាណត្តិ​​ទី​​៣​​កន្លង​មក​ ​ដែល​ទទួលបាន​​ជោគជ័យ ​លេខ​​១​ទូទាំង​​ប្រទេស​​​ គឺ​ដោយ​សារ​​​បង​ប្អូន​​​យើង​ទាំង​អស់​គ្នា​​ស្រឡាញ់​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ហើយ​​សង្ឃឹម​ថា ​ការ​​បោះ​ឆ្នោត​​​​​ជ្រើស​តាំងតំណា​ង​រាស្រ្ត​នាឆ្នាំ​​២០១៣ ​​​ខាង​មុខ​នេះ ​នឹង​ទទួល​បាន​​​ជោគ​ជ័យ​​​​​ខ្លាំង​​​ជាង​នេះ​​​ថែម​ទៀត​ ​​។

សព្វ​ថ្ងៃ​នេះ​ ​ដី​នៅតំបន់​​​​​២​​ក្នុង​ស្រុក​​​​​បា​កាន​ និង​​ស្រុក​​កណ្តៀង​​​ មានជន​​ខិល​ខូច​​​​​ប្រើ​ល្បិច​​​​ដើរ​ផ្សព្វ​ផ្សាយ​​​​​ថា​ រដ្ឋ​​ដក​ហូត​​​យក​ទាំង​​អស់​ធ្វើ​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ភិត​ភ័យ​​​​​​លក់​ក្នុង​តម្លៃ​ថោក​ៗ​  ​​ហើយ​​​ក្រុម​ជន​ខិល​ខួច​​​​នោះ​បាន​​ទិញ​យកដោយ​​​​សុី​​ឈ្នួល​​​​​ឱ្យ​ក្រុម​ហ៊ុន​​​​ណាមួយ​​​​ដើម្បី​​​​ផល​ប្រយោជន៍​​​​​​របស់​គេ ​ដែល​​​​បញ្ហា​នេះ​​​អាជ្ញាធរ​​​​ភូមិ​​​​ ​ឃុំ​ ស្រុក ​​​ត្រូវ​ទប់ស្កាត់​​​​ឱ្យ​បាន កុំ​​​ចូលដៃ​​​​​​ចូល​​ជើង​​​​ជាមួយ​​​​គេ​​​ហើយ​​​បង​ប្អូន​​​​​ដឹង​ហើយ​​​​ ត្រូវ​​ប្រុង​ប្រយ័ត្ន​​​​កុំ​ចាញ់​​​​​បោក​គេ ។​​ ក្នុង​​ឱកាស​​​​នោះ​ លោក​​ឧកញ៉ា​​​​ វិញ​ ហួរ ​​​​បាន​​ឧបត្ថម្ភ​​​ដល់​​​​ លោកគ្រូ អ្នក​គ្រូ សិស្សានុសិស្ស​​​​ ប្រជា​​​ពល​រដ្ឋ ​និង​កង​កម្លាំង​ប្រដាប់​​អាវុធ​​​​​ សរុប ប្រមាណ​​​​​​​១.០០០នាក់ ​ក្នុង​ម្នាក់ៗ​ ១០.០០០​រៀល​ផង​ដែរ៕