ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងបើក​​ផ្លូវ​ដែក​ថ្មី​ប្រតិភូ​​កម្ពុជា-ថៃ​ចុះ​សិក្សា​រួម​​គ្នា​

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​ប្រតិភូ​​មក​ព​ី​ក្រសួង​ដឹក​ជញ្ជូន​ និង​ផ្លូវដែក​រដ្ឋ​របស់​ប្រទេសថៃ ​ចំនួន​១២​នាក់ បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ដើម្បី​ជួប​ជាមួយ​ប្រតិភូ​​កម្ពុជា និង​​​បាន​ចុះ​សិក្សា​រួម​គ្នា​លើ​គម្រោង​​តភ្ជាប់​ផ្លូវដែក​ថ្មី​នៅ​ព្រឹក​​ថ្ងៃទី​១៦ ​សីហា ២០១២ ។​ភាគី​ខាង​កម្ពុជា​​ដឹក​នាំ​ដោយ​លោក​តូច ចាន់​កុសល ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ និង​​ដឹក​​ជញ្ជូន ​​អម​ដំណើរ​​ដោយ​មន្ត្រី​​មក​ពី​ក្រសួង​​ និង​ស្ថាប័ន​​មួយ​​ចំនួន​​ ក្នុង​នោះ​ក៏​មាន​វត្ត​មាន​លោក​អ៊ុង អឿន ​​អភិ​បាល​​ខេត្ត​បន្ទាយ​មានជ័យ ​លោក​ង៉ោ ម៉េង​ជ្រួន អភិ​បាល​​ក្រុង​ប៉ោយ​ប៉ែត ​ផង​ដែរ។

ចំណែក​ភាគីថៃ​​ពុំ​ត្រូវ​​បាន​គេ​បង្ហើប​ឱ្យ​ស្គាល់​​អត្ត​សញ្ញាណ​នោះ​​ទេ ប៉ុន្តែ​​មន្ត្រី​កម្ពុជា​ប្រាប់ថា ​២​នាក់​​មកពី​​ក្រសួង​​ដឹក​ជញ្ជូន​ និង​១១​នាក់​​ទៀត​មក​ពី​​ផ្លូវដែក​​រដ្ឋ​របស់ថៃ។ ​ប្រតិភូ​​មួយ​ក្រុម​នេះ​ក្រោយ​ចូល​​មក​ដល់​កម្ពុជា​បាន​​ធ្វើដំណើរ​​រួម​គ្នា​ជា​មួយ​​ប្រតិភូ​​កម្ពុជា​ចុះ​សិក្សា​​ច្រក​ស្ទឹង​បត់ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ ​សង្កាត់​ផ្សារ​កណ្តាល ​ឈម​នឹង​ច្រក​​ណង​អៀនថៃ ​ស្ថិត​ក្នុង​ស្រុក​​អារញ្ញ​ ខេត្ត​ស្រះកែវ ​ជា​ចំណុច​ដែល​រដ្ឋា​ភិបាល​​នៃ​ប្រទេស​​ទាំង​២ ​នឹង​មាន​គម្រោង​​បើក​ច្រក​អន្តរ​ជាតិ​​ថ្មីនោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕