ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​​​បង្ខំ​​​ឱ្យ​​​កីឡា​​ករ​​​ណា​​​ដាល់​​​អវត្ត​​មាន​​ពី​​ក្រប​​ខណ្ឌ​ធំ ​U.S​ Open​នៅ​​អា​​មេ​រិក​

13 ឆ្នាំ មុន

តារា​​វាយ​​កូន​​បាល់​​អេ​ស្ប៉ាញ​​រ៉ា​​ហ្វា​​អែល ណា​​ដាល់​​ប្រ​កាស​​កាល​​ពី​​ថ្ងៃ​​ពុធ​​ថា ខ្លួន​​ត្រូវ​​បង្ខំ​​ចិត្ត​​មិន​​ទៅ​​ចូល​រួម​ការ​ប្រ​កួត​ក្រប​ខណ្ឌធំ U.S Openឆ្នាំ​នេះ​បន្ទាប់​ពី​របួស​ក្បាល​ជង្គង់​នៅ​មិន​ទាន់​ជា​សះ​ស្បើយ ។​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ French Open​រូប​នេះ​មាន​​
ប្រ​វត្តិឈឺ​ក្បាល​ជង្គង់​ជា​យូរ​​មក​ហើយ​។ បន្ទាប់​ពី​បរា​ជ័យ​ក្នុង​ជុំ​ទី​២​​ក្រប​ខណ្ឌ Wimbledonនៅ​ប្រ​ទេស​អង់​គ្លេស នា​ខែ​មិថុ​នា​មក ណា​ដាល់​មិន​បាន​ចូល​រួម​ប្រ​កួត​ក្នុង​កម្ម​វិធី​ណា​មួយ​ទេ​ ក្នុង​នោះ​រួម​ទាំង​ព្រឹត្តិការ​ណ៍​​អូ​ឡាំ​ពិក​ឆ្នាំ ២០១២​ផង​ដែរ ។​ ​ឯ​កម្ម​វិធី Rogers Cup​នៅ​ប្រ​ទេស​កា​ណា​ដា គេ​ក៏​មិន​អាច​ទៅ​ចូល​រួម​បាន​ដែរ ។

ណា​ដាល់​វ័យ​២៦​ឆ្នាំ​បាន​ថ្លែង​ថា ៖«ខ្ញុំ​សោក​ស្តាយ​ដែល​ត្រូវ​ប្រ​កាស​ថា ខ្ញុំ​មិន​អាច​ចេញ​ប្រ​កួត​បាន​និង​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ពី​ការ​ប្រ​កួត​ក្រប​ខណ្ឌ U.S Openនៅ​ទី​ក្រុង​ញូវ​យ៉ក​។ ជា​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែល​មិន​អាច​ទៅ​ចូល​រួម​ព្រឹត្តិការ​ណ៍​ដែល​ខ្លួន​ឯង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ពេល​កន្លង​មក ប៉ុន្តែ​ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ចូល​ប្រ​កួត​ក្នុង​លក្ខខណ្ឌ​សុខ​ភាព​ពេញ​បរិ​បូរ»។ កាល​ពី​សប្តា​ហ៍​កន្លង​ទៅថ្មី​ៗ​នេះ​​ គេ​បាន​ប្រ​កាស​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រ​កួត​កំ​ដៅ​សាច់​ដុំ​​ Cincinnati Mastersនៅ​សហ​រដ្ឋ​អា​មេរិក​ផង​ដែរ​ ។​

អវត្ត​មាន​របស់​គេ​គឺ​ជា​ការ​គម្រាម​កំ​ហែង​ធំ​បំ​ផុត​ដល់​ការ​ចូល​រួម​​​​ក្នុង​ក្រប​ខណ្ឌ US Open​ដែល​​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៧​ខែ​នេះ​ ។
​នៅ​ក្នុង​គេ​ហ​ទំព័រ ណា​ដាល់​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​មិន​អាច​ទៅ​ចូល​រួម​ការ​ប្រ​កួត​កម្ម​វិធី Cincinnati Mastersបាន​ទេ​។ ខ្ញុំ​នៅ​​​មិន​ទាន់​រៀប​ចំ​ខ្លួន​បាន​នៅ​ឡើយ ។ ខ្ញុំ​មិនអាច​បំ​ភ្លេច​បាន​នូវ​ហេតុ​ការ​ណ៍​កាល​ពី​ឆ្នាំ​២០០៨​នោះ​ឡើយ​» ។ណា​ដាល់​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​Cincinnati Mastersកាល​ពី​ឆ្នាំ​២០០៨ និង​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ១​ពិភពលោក​ពី​កី​ឡា​ករ​​ស្វ៊ីស​រ៉ូ​​ជើហ្វេដឺរ័រ​ ។

ការ​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រ​កួត​ដោយ​សារតែ​របួស​របស់​ណា​ដាល់ បាន​កើត​មាន​ជា​ហូរ​ហែពោល​គឺ​មិន​មែន​ទើប​តែ​ឆ្នាំ​នេះ​ទេ ។ កាល​ពី​ប្រ​កួត​ក្រប​ខណ្ឌ U.S Openឆ្នាំ​២០០៨ និង​ក្រប​ខណ្ឌ Davis Cupវគ្គ​ផ្តាច់​ព្រ័ត្រ​ ណា​ដាល់​ក៏​បាន​អ​វត្ត​មាន​ដោយ​មូល​ហេតុ​របួស​ដូច​ជា​ពេល​នេះ​ដែរ ។ ១ឆ្នាំ​ក្រោយ​មក គេ​ក៏​បាន​ដក​ខ្លួន​ពី​ក្រប​ខណ្ឌ Wimbledonបន្ទាប់​ពី​មាន​របួស​ក្បាល​ជង្គង់​ទាំង​សង​ខាង ។ ណា​ដាល់​បច្ចុប្បន្ន​គឺ​ជា​កីឡាករ​លំ​ដាប់​ទី​៣​ពិភពលោក ៕