ខេត្តសៀមរាប ៖ មន្ដ្រីអាជា្ញធរអប្សរាបានថ្លែងឱ្យដឹងថា គេកំពុងតែរៀបចំគម្រោងប្ដឹងមន្ដ្រីយោធាយោធភូមិភាគ៤មួយរូប ដែលបានប្រើតួនាទីបញ្ជាកម្លាំងរារាំងមន្ដ្រីអាជា្ញធរអប្សរាពេលកំពុងប្រតិបត្ដិការទប់ស្កាត់ការសាងសង់ដោយខុសច្បាប់នៅលើតំបន់ហាមឃាត់នៃឧទ្យានវប្បធម៌ប្រវត្ដិសាស្ដ្រអង្គរបេតិកភណ្ឌពិភពលោក។
ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្ដិការនៃអគ្គនាយកដ្ឋានអាជា្ញធរអប្សរា លោកព្រំ ករុណា កាលពីព្រឹកថ្ងៃទី២៤ មីនា បានថ្លែងឱ្យដឹងថា ថ្នាក់លើបានជួបពិភាក្សាគ្នារួចហើយថា នឹងរៀបចំឯកសារប្ដឹងទៅតុលាការប្រឆាំងទៅលើឈ្មោះអ៊ុក សឿម ភេទប្រុស អាយុ៥០ឆ្នាំ ជាយោធាថ្នាក់វរសេនីយ៍ទោបម្រើការនៅយោធភូមិភាគ៤ ដែលបានបញ្ជាកម្លាំងយោធារារាំងកម្លាំងប្រតិបត្ដិការរបស់អាជា្ញធរអប្សរា កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១១កន្លងទៅថ្មីៗនេះ។
កាលពីព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១១ កម្លាំងប្រតិបត្ដិការរបស់នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្ដិការ ដឹកនាំដោយអនុប្រធាននាយកដ្ឋាននេះមួយរូបបានចុះបេសកកម្មរុះរើសំណង់ប្រភេទគ្រោងឈើប្រក់ស្បូវ «ក្យូស» ចំនួន៨ ដែលក្យូសនីមួយៗមានទំហំ៣គុណ៤ម៉ែត្រ របស់ភោជនីយដ្ឋាន «មហាលាភ» ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប «តំបន់២» ដែលជួលដីពីឈ្មោះអ៊ុក សឿម ភេទប្រុស អាយុ៥០ឆ្នាំ ជាយោធាភូមិភាគ៤។
អនុប្រធាននាយកដ្ឋានដែលដឹកនាំកម្លាំងប្រតិបត្ដិការនៅពេលនោះបានថ្លែងថា ខណៈពេលកម្លាំងកំពុងរុះរើ ស្រាប់តែលោកអ៊ុក សឿម ជាម្ចាស់ដី ស្ថិតនៅក្នុងឯកសណ្ឋានយោធាបានចេញមុខមកឡូឡាជេរប្រមាថមកលើកម្លាំងសមត្ថកិច្ច រួចហើយទូរស័ព្ទហៅទាហានប្រមាណជាង១០នាក់មករារាំង និងថែមទាំងយករថយន្ដអង្គភាពយោធាពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ៨៥០១ ដែលដឹកទាហានទាំងនោះ មកដាក់បាំងពីមុខផ្លូវចូលមិនឱ្យកម្លាំងអាជា្ញធរចេញចូលបាន ។ ទោះជាយ៉ាងណានៅគ្រានោះពុំមានសេចក្ដីរាយការណ៍អំពីការប៉ះទង្គិចគ្នាដោយហិង្សារវាងកម្លាំងប្រតិបត្ដិការជាមួយកម្លាំងទាហានដែលលោកវរសេនីយ៍ទោ អ៊ុក សឿម ហៅមកនោះទេ ហើយទាហានទាំងនោះបានប្រាប់ថា គេមកតាមបញ្ជាតែប៉ុណ្ណោះ ។
លោកព្រំ ករុណា បានហៅការបញ្ជាឱ្យកម្លាំងយោធាមកធ្វើការរារាំងកម្លាំងអាជា្ញធរមិនឱ្យរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់ការពារនៃឧទ្យានវប្បធម៌ប្រវត្ដិសាស្ដ្រអង្គរពីសំណាក់ លោកអ៊ុក សឿម នេះ ថាជាទង្វើមួយប្រឆាំងទាំងស្រុងទៅនឹងព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ ឧសភា ឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និងចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៧០ សសរ ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៤ ស្ដីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និង២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ។
លោកបានបញ្ជាក់ផងដែរថា អ្វីដែលអាជា្ញធរអប្សរាកំពុងតែធ្វើសព្វថ្ងៃនេះ មិនមែនធ្វើដើម្បីបម្រើផលប្រយោជន៍បុគ្គលនោះទេ គឺជាកាតព្វកិច្ចក្នុងកិច្ចការពារ អភិរក្សរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌមនុស្សជាតិប្រកបដោយចីរភាព គឺធ្វើយ៉ាងណាការពារមិនឱ្យមានកំណើនខ្នងផ្ទះនៅក្នុងទំហំផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ទៅលើផ្នែកមួយចំនួននៃស្រុក-ក្រុងចំនួន៥ និងឃុំចំនួន២១ ភូមិប្រមាណ១១២ របស់ខេត្ដសៀមរាប ដែលត្រូវបានចាត់បញ្ចូលទៅជាតំបន់ទ្រនាប់នៃឧទ្យានអង្គរបេតិកភណ្ឌពិភពលោកកាលពីអំឡុងឆ្នាំ១៩៩២ កន្លងទៅ។ ដូច្នេះការបញ្ជាកម្លាំងយោធាមករារាំងប្រតិបត្ដិការរុះរើសំណង់ខុសច្បាប់នេះ ជាអំពើល្មើសនឹងច្បាប់ទាំងស្រុង ។
ទាក់ទិនជាមួយនឹងការមិនឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឧទ្យានអង្គរបង្កើតខ្នងផ្ទះថ្មី មានសំណួរជាច្រើនសួរថា តើឱ្យប្រជាពលរដ្ឋទៅរស់នៅទីណានៅពេលមានកូនចៅរៀបការរួចហើយត្រូវការបំបែកគ្រួសារនោះ? មន្ដ្រីអាជា្ញធរអប្សរាបានប្រាប់ថា គេបានគិតគូរបញ្ហាហ្នឹងរួចហើយ គឺយើងបានបង្កើតភូមិមួយនៅស្រុកបន្ទាយស្រី ដែលដាក់ឈ្មោះថា ភូមិធម្មជាតិរុនតាឯក មានផ្ទៃដីមួយពាន់ហិកតា ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋជាងមួយរយគ្រួសារហើយដែលបានដាក់ពាក្យសុំទៅតាំងទីលំនៅថ្មីនៅទីនោះ។ ជុំវិញបញ្ហានេះ ពេញមួយរសៀលថ្ងៃទី២៤ មីនា លោកវរសេនីយ៍ទោ អ៊ុក សឿម មន្ដ្រីយោធាយោធភូមិភាគ៤ មិនអាចទំនាក់ទំនងដើម្បីបំភ្លឺទាក់ទិនទៅនឹងការចោទប្រកាន់របស់មន្ដ្រីអាជា្ញធរអប្សរាដែលថា លោកបានបញ្ជាកម្លាំងទ័ពឱ្យមករារាំងប្រតិបត្ដិការរុះរើសំណង់ខុសច្បាប់នោះបានទេ៕





ចែករំលែកព័តមាននេះ