ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ដឹក​ដី​​​ពន្លះ​ម៉ូតូ​​2គ្រឿង​​​លើ​ស្ពាន​​របួស​ធ្ងន់​​ស្រាល​​6នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពត​​ ​៖ រថយន្ត​ម៉ាក​​កូរ៉េ​ដឹកដី​​ ពណ៌​ស​មួយ​គ្រឿង​ចំណុះ​២​តោន​កន្លះ​​​​​ដែល​អ្នកបើក​បរ​​មាន​សភាព​ស្រវឹង បើក​មក​ពី​ទិស​ខាងកើត​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​​៣ កំពត​-​ខេត្ត​ព្រះ​សីហនុ​ ​លុះមក​ដល់​ចំណុច​​​គល់​ស្ពាន​​​ព្រែក​​​កំពង់​​បាយ​ប៉ែក​ខាង​កើត​​ ក៏​បាន​បុក​ម៉ូតូ​​​ម៉ាក​វ៉េវ​​មួយ​គ្រឿង​​មាន​មនុស្ស​​ជិះ​​៣នាក់​​​បើក​បញ្ច្រាស​ទិសគ្នា​ ពីលិច​ទៅ​កើត​​បណ្តាលឱ្យ​ទាំង​​មនុស្ស​និង​ម៉ូតូ​ដួល​​ ​ដេក​រដូក​រណែល​​ពេញ​​ផ្លូវ​ រួច​រថយន្ត​​​​បាន​​ហួស​​​​ទៅមុខ​​ជិត​១០​ម៉ែត្រ​​​ជ្រុល​​ទៅ​បុក​​​ម៉ូតូ​សេ​១២៥ ស៊េរី​​២០០៨មួយ​គ្រឿង​​​ទៀត​ ជិះ​ឌុប​គ្នា​​​៣នាក់​​​​ បណ្តាល​ឱ្យ​ទាំង​ម៉ូតូ​​ និង​មនុស្ស​​​រង​របួស​និង​ខូច​ខាត​​យ៉ាង​ដំណំ​​រួច​រថយន្ត​កល់​ជាប់​ ​ខឿន​​ស្ពាន​​​ទៅមុខ​លែង​រួច​ ព្រម​ទាំង​​ក្អួត​ចេញ​​ស្រា​បៀរ​​​​មួយ​កេស​ពីកាប៊ីន​​រថយន្ត​ផង​ ។

​​ហេតុ​ការណ៍​​នេះ​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​​​​៨និង​២០នាទី​​​យប់​ថ្ងៃទី១៥ សីហា​ ​​​​នៅ​ចំណុច​​​លើ​ស្ពាន​​​ព្រែក​កំពង់​បាយ​​​​ប៉ែក​ខាង​កើត​ ​ក្នុងភូមិ​​កំពង់​បាយ​​ខាង​ជើង​ សង្កាត់​កំពង់​បាយ​ ក្រុង​កំពត ។ ក្រោយពេល​​កើត​​​ហេតុ​ភាគី​​ខាង​រថយន្ត​​​ជិះ​គ្នា​៣នាក់​​​​ ​តែ​សមត្ថកិច្ច​​ឃាត់​​​ខ្លួន​បាន​​ម្នាក់​នាំទៅ​កាន់​​ការិយាល័យ​​​​​ចរាចរ​​​ណ៍​នៃ​​ស្នងការ​ដ្ឋាន​​ខេត្ត​ដើម្បីសួរ​នាំ ។​ ម៉ូតូ​រងគ្រោះ​ទី​១ ម៉ាក​វ៉េវ​ ពណ៌​ក្រហម​ ​បើក​បរ​​​ដោយ​ឈ្មោះ ជា សុខា​ ភេទប្រុស​ អាយុ​​២១​ឆ្នាំ រស់នៅ​ភូមិត្រពាំង​​​សង្កែ ឃុំត្រពាំង​​​សង្កែ ស្រុក​ទឹក​ឈូ អ្នកជិះពីក្រោយ​​​២នាក់​​​ឈ្មោះ ឡេះ ឡាយ​ទី​ ភេទប្រុស​ អាយុ​​​​១៨​ឆ្នាំ ស្នាក់​​នៅភូមិកំពង់​បាយ​​ខាងជើង​ សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ និង​ម្នាក់​ទៀត​​​ឈ្មោះ ឈុន ចិត្រា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង​​ សង្កាត់​​ក្រាំង​អំពិល ក្រុង​កំពត ។

ចំណែក​​ម៉ូតូ​​១គ្រឿង​​ទៀត​ម៉ាក​​​សេ​​១២៥ សេ៊រី​​២០០៨ ​​ពណ៌​ខ្មៅ ​​អ្នក​រងគ្រោះ​​​​​​​១-ឈ្មោះ​ចាន់​ ​ស៊ី​ម៉ាក់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ របួស​ធ្ងន់ ​​​២-ឈ្មោះ​​​​សៅ​ សុធារិទ្ធ​​​ អាយុ​​២៥​ឆ្នាំ អ្នក​បើក​បរ​​​​ របួស​ធ្ងន់​​ត្រូវ​​បញ្ជូនទៅ​មន្ទីរពេទ្យ​​​ភ្នំពេញ​​អ្នក​​​ទាំង​​​២​រស់​នៅ​​ភូមិទ្វី​ខាង​ត្បូង​ សង្កាត់​​​អណ្តូង​ខ្មែរ​ ក្រុង​​កំពត​  ​​និង​​ទី​​៣-​ឈ្មោះ ម៉ៅ​ លីនីន​ ភេទ​ប្រុស​ ​អាយុ​១៥​ឆ្នាំ​ របួស​ស្រាល​ រស់នៅភូមិទ្វី​ខាងជើង​ សង្កាត់​​​​អណ្តូង​ខ្មែរ ក្រុង​កំពត ។

សរុប​​ហេតុការ​ណ៍​ខាងលើ​​អ្នក​រង​របួស​​​​ធ្ងន់​​មាន​២​នាក់​​​ មធ្យម​ និង​ស្រាល​​​៤នាក់ ។ រីឯ​យាន​យន្ត​​​ទាំង​​​​៣គ្រឿង​​ខូច​ខាត​​យ៉ាង​ដំណំ​​ត្រូវ​​សមត្ថ​​កិច្ច​​យក​ទៅរក្សា​ទុកនៅ​ការិយាល័យ​​ចរាចរណ៍​​ជើង​គោក​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​​​​ខេត្ត​​រង់​ចាំ​ភាគី​ទាំង​ពីរ​មក​​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់​​​ ៕