ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​ Metfone Cambodian League 2012 កាល​ពី​ថ្ងៃ​ពុធ ​​ ណា​ហ្គាខប លត់ បៀល​ប្រាយ​យូណា​យ​ធីត ក្នុង​លទ្ធ​ផល 2-1

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​ណា​ហ្គាខប បាន​លត់​ក្រុម​​បៀល​ប្រាយ​យូ​ណា​យ​ធីត ក្នុង​លទ្ធ​ផល 2-1 សម្រាប់​​ការ​​ជួប​​ប្រកួត​កាល​ពី​ថ្ងៃ​​ពុធទី​១៥ សីហា នៅ​លើ​ទី​​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ ក្នុង​ព្រឹត្តិ​​ការ​ណ៍​នៃ​ការ​ប្រកួត​​បាល់​ទាត់​ពាន​រង្វាន់​​ Metfone Cambodian League 2012 ជុំ​ទី​២ ​។

កាល​ពី​​ជុំ​ទី​១ ​ក្រុម​ណា​ហ្គា​ខប ធ្លាប់​លត់​​ក្រុម​បៀល​ប្រាយ​យូ​ណា​យ​ធី​ត​​ ឱ្យ​ចាញ់ 4-0 រួច​​ម្តង​មក​ហើយ សម្រាប់​​ឱ​កាស​ជួប​គ្នា​ជា​លើក​ទី​២ នេះ​លេង​បាន​២៩​នាទី​ដំបូង​​កីឡា​ករ​កូបអីសា ពាក់​អាវ​លេខ​៧​របស់​ក្រុម​ណា​ហ្គា​ខប​ មាន​ឱ​កាស​​ស៊ុត​​បាល់​បញ្ចូល​ទី​បាន​​១គ្រាប់​​នាំ​មុខ​មុន​ បន្ទាប់​​ពី​ទទួល​បាន​ការ​​បោះ​បាល់​យ៉ាង​ស្អាត​​ពី​ស្លាបខាង​ស្តាំ​​ គឺ​កីឡា​ករ​​ស៊ុន​ សុបញ្ញា ពាក់​អាវ​លេខ​២៣​ ។ ក្រុម​ណា​ហ្គា​​ខប ​នៅ​តែ​បន្ត​រក​បាន​គ្រាប់​​បាល់​នាំ​មុខ​​១​គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៤១ ​​រក​បាន​​ដោយ​​កីឡា​ករ​ជិន ជុំ ពាក់​អាវ​លេខ​ ៩ ដែល​ជា​​ការ​ស៊ុត​​បាល់​ប៉េណាល់​ទី​ចម្ងាយ​១១​ម៉ែត្រ ។

ចូល​ដល់​តង់​ទី​២ ក្រុម​ណា​ហ្គា​ខប មិន​អាច​​ដាក់​សម្ពាធ​​ទៅ​លើ​ក្រុម​បៀប​ប្រាយ​យូ​ណា​យធីត ដូច​តង់​ទី​១​​ទៀត​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​​ខ្សែ​ប្រយុទ្ធ​​ជន​ជាតិ​ជប៉ុន​ ITODAN ពាក់​អាវ​លេខ​៣៦​របស់​ក្រុម​​បៀ​ល​ប្រាយ​យូ​ណាយ​ធីត រក​បាន​​គ្រាប់​​បាល់​១​គ្រាប់​សង​​វិញ នៅ​នាទី​ទី​៩០​+៣​ ។ ក្រុម​ណា​ហ្គា​ខប ​ពេ​ល​នេះ​​លេង​បាន​១៧​ប្រកួត​ ឈ្នះ​១១ ស្មើ៤ និង​ចាញ់​២​លើក ​មាន​៣៧​​ពិន្ទុ ​រី​ឯ​ក្រុម​បៀល​ប្រាយ​យូណាយ​​ធីត ​លេង​បាន​១៧​​ប្រកួត​ដូច​គ្នា​​ឈ្នះ​៧ ស្មើ​៣ និង​ចាញ់៧​លើក មាន​២៤​​ពិន្ទុ ។ ពេល​នេះ​​​ក្រុម​ណា​ហ្គាខប ស្ថិត​នៅ​លេខ​​រៀង​ទី​១​នៃ​តារាង​​ដដែល​ ខណៈ​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​​ ស្ថិត​នៅ​លេខ​រៀង​ទី​៦​​នៃ​តារាង ។

នៅ​ថ្ងៃ​ដដែល​ក្រុម​ចំការ​កៅ​ស៊ូ​បឹង​កេត ប្រកួត​​ឈ្នះ​ក្រុម​​គិរី​វង់​សុខ​សែន​ជ័យ ក្នុង​លទ្ធ​ផល 3-2 ។ ក្រុម​ចំ​ការ​​កៅ​ស៊ូ​បឹង​កេត​ ពេល​នេះ​លេង​បាន​​១៧​ប្រកួត​​ ក្នុង​នោះ​ឈ្នះ​១០ ស្មើ​៣ និង​ចាញ់​៤​លើក មាន​​៣៣​ពិន្ទុ​​ ឡើង​មក​​ឈរ​នៅ​លេខ​រៀង​ទី​៣​​ក្នុង​តារាង ។ ចំណែក​ក្រុម​​គិរី​វង់​សុខ​សែន​ជ័យ វិញ លេង​​បាន​១៨​ប្រកួត​ក្នុង​​​នោះ​ឈ្នះ​៤​ ស្មើ​៥ និង​ចាញ់​៩​លើក មាន​តែ​១៧​ពិន្ទុ​ប៉ុណ្ណោះ ​ទោះ​បីជា​យ៉ាង​​ណា ក្រុម​​គិរី​វង់​សុខ​សែន​ជ័យ មាន​វាសនា​​អាច​គេច​ផុត​​ពី​តំបន់​​ដែល​ត្រូវ​កាត់​ចោល ៕