ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​សមត្ថ​កិច្ច​​នឹងបញ្ជូន​មេ​ខ្លោង​​ផលិត​គ្រឿងញៀន​​ ហុង អេនឌី និង​បក្ស​ពួក​​ទៅតុលាការ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​ប្រភពព័ត៌​មាន​​​ពី មន្ត្រី​​ប៉ូលិស​​ស្នងការ​ដ្ឋាន​​​រាជធានី បាន​ឱ្យ​​ដឹង​ថា ​មេ​ខ្លោង​​ផលិត-​​​ជួញដូរ​គ្រឿងញៀន​​ឈ្មោះហុង អេនឌី និងបក្សពួក​​២នាក់ ​ដែលទើប​ចាប់ខ្លួន​បាន​​ល្បី​កក្រើក​​រាជធានី​​​ភ្នំពេញ ​នាពេលថ្មីៗ​នេះ ​នឹង​ត្រូវ​បញ្ជូនទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ដើម្បីចាត់​ការ​តាមច្បាប់​​នា​វេលាព្រឹក​ថ្ងៃ​ទី​​៤ មីនា ២០១១ នេះ ។​ ទីតាំង​ផលិត​គ្រឿង​ញៀន​ដ៏ធំមួយ​​កន្លែង​​ដែលពួកគេ​ប្រព្រឹត្ត​នោះ​​ស្ថិត​នៅ​​ដីឡូត៍​​ គ្មាន​​លេខ​​ក្នុង​ភូមិ​សាស្រ្ត​​​​ភូមិ​​​ស្វាយ​តាអុក សង្កាត់​វាល​​ស្បូវ ខណ្ឌ​មានជ័យ​ ត្រូវ​បាន​​ឡោមព័ទ្ធ​​​កាលពី​វេលា​ម៉ោង​​១១​និង​៣០នាទី​យប់​ថ្ងៃទី​​២៨ កុម្ភៈ​ ​។

​ជន​​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ឈ្មោះ​​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១ឆ្នាំ ២-ឈ្មោះ​ណៃ ស្រីនី ភេទ​ស្រី អាយុ​​១៩ឆ្នាំ​ និង៣-ឈ្មោះ​ណៃ វ៉ាន់​ណែត ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ ។ ជនទាំង​៣​នាក់​នេះ​​​មាន​ឈ្មោះ​ហុង អេនឌី ​ជា​មេខ្លោង​ផលិត​ និងជា​ម្ចាស់​​ទីតាំង​ផលិត​ថ្នាំ​ញៀនចំតួ​   ​តែម្តង ។ ក្នុង​ការ​រុក​រក​​វត្ថុ​តាង និង​​​ឧបករណ៍​ផលិត​ថ្នាំ​ញៀន​ខាង​លើ​នេះ សមត្ថ​កិច្ច​ចម្រុះ​​​បាន​ដក​ហូត​រថយន្ត​២គ្រឿង​​ ម៉ាក​ទួរីស​​១២​កៅអី ១គ្រឿង ម៉ាក​មែរសឺដែស​​​​១គ្រឿង ។ លើស​ពីនេះ​​ទៅ​ទៀត​ ​​ដក​ហូត​បាន​ឧបករណ៍​​​ផលិត​ថ្នាំ​ញៀន​​មួយកំប្ល៉េ ។ ដោយ​​ឡែក ​សារធាតុ​​ផ្សំ​ដែល​​សមត្ថ​កិច្ច​​ដក​ហូត​បាន​មាន​ Pseudo ethed  Zine 210​ក្រាម​  Hydro Chloricacid ៥០​កេស​​ ស្មើ​នឹង​១.១០០​ដប Sodium Chloride ៥កេស​​ស្មើ​៦២​ដប ​Sulfuri acide ១៥២​កេស ស្មើ​​១៥​២០​​ដប អាវុធ​ខ្លី​ម៉ាក​​​ប្រា​ហា​១​ដើម​ បង់១មាន​​៣គ្រាប់​ ។ ម៉ូតូ​ម៉ាក​អាយខន​មួយ​គ្រឿង​ ​ម្សៅ​ខ្មៅ​លាយ​រួច​មួយ​ធុង ព្រម​ទាំង​សំភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​ទៀត​។

​លោក​ឧត្តម​សេនីយ៍​ត្រី​បែន ​រ័ត្ន​ ស្នង​ការ​រង​នគរ​បាល​​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​​ដល់​ក្រុម​អ្នក​កាសែត​ខណៈ​​ពេល​ចុះ​ប្រតិបត្តិការ​ឆែក​ឆេរ​ទីតាំង​ផលិត​​ថ្នាំ​ញៀន​ខាង​លើ​នេះ​នាព្រឹក​ថ្ងៃទី​១ មីនា ថា ​សមត្ថ​កិច្ច​ជំនាញ​បាន​សហការ​គ្នា​ជាសម្ងាត់​​​តាម​ដានទីតាំង​ខាង​លើ​នេះ អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​​ហើយ ​មុន​​ឈាន​ដល់​ការ​ចាប់​មេ​​ខ្លោង​ឈ្មោះ​ហុង អេនឌី នេះ​បាន​ជាក់​ស្តែង​នៅ​ក្នុង​ទីតាំង​ផលិត​ ។ លោក​បែន រ័ត្ន​ បាន​បន្ត​ថា ព័ត៌​មាន​ដែល​សមត្ថ​កិច្ច​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាង​លើ​នេះ​គឺ​ដោយ​មាន​​​បណ្តាញ​ព័ត៌​មាន​​ពិសេស​ផ្តល់​ដល់​សមត្ថ​កិច្ច​អំពី​ការប្រទះ​ឃើញ​ទិដ្ឋភាព​ប្លែក​គួរ​ឱ្យ​សង្ស័យ​នៅ​ក្នុង​ដីឡូត៍​ខាង​លើ​​ ដូចជា​​មាន​រថយន្ត​​ទំនើបៗ​ចេញ​ចូល​តែ​វេលា​រំលង​អធ្រាត្រ​​ ។ ជាង​នេះ ទៅទៀត​ គឺ​ការ​​​បង្ហូរ​កាក​សំណល់​​​ចេញ​មក​​ក្រៅ​​បាន​ជះ​ក្លឹន​​ស្អុយ ​​​ហើយ​ការ​​​បង្ហូ​រ​កាក​សំណល់​​នេះ​បាន​​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​ដល់​​លំនៅ​ដ្ឋាន​​ដាំដុះ​របស់​​​ប្រជាពលរដ្ឋ​ជិត​ខាងទៀតផង​ ។​

ចំពោះ​​ការ​​បង្ក្រាប​បាន​ទីតាំង​ផលិត​ថ្នាំញៀន​​នៅ​ចំណុច​ខាង​លើ​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​ជា​ការ​កាត់​ផ្តាច់​បំពង់​កអ្នក​​ជួញដូរ​ថ្នាំញៀន​​ផងដែរ ។ បច្ចុប្បន្ន​​ទាំង​វត្ថុតាង​​និង​មនុស្ស​​៣​នាក់​​ដែល​​​ឃាត់ខ្លួន​និង​​ឧបករណ៍​ដក​ហូតបាន​​នាំយក​មក​កាន់​ការិយា​ល័យ​ជំនាញ​ដើម្បី​​​​ចាត់​ការ​តាម​ច្បាប់​ ហើយ​​ព្រឹក​​ថ្ងៃទី​​៤ មីនា ២០១១ នេះ នឹង​ត្រូវ​​បញ្ជូនទៅ​​តុលា​ការ​ចាត់ការ​តាមច្បាប់​ហើយ ។ ចំពោះ​​ទីតាំង​ត្រូវ​បាន​តុលាការ​​​ចេញដីកា​​​បិទ​ចោល​មួយ​រយៈ​សិន ៕​