រាជធានីភ្នំពេញ ៖ ព្រះសង្ឃចំនួន៣០អង្គគង់នៅតាមបណ្តាវត្តនានាទូទាំង ខណ្ឌមានជ័យ បានប្រជុំពិភាក្សាការងាររួមមួយក្នុងគោលបំណងចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងពង្រឹងវិស័យសាសនាដែលជាសាសនារបស់រដ្ឋ។ ពិធីជួបជុំសំណេះសំណាលមន្រ្តីសង្ឃនេះបានរៀបចំឡើងនៅសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៦ សីហា ២០១២ ក្រោមអធិបតីភាពសម្តេចព្រះអរីយវង្ស សៅ ច័ន្ទថុល ព្រះបាឡាត់គណ រាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តលង្កា សម្តេចព្រះឧត្តម មន្នីយឿង យ៉ាត សមាជិកថិរសភាសង្ឃ និងលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ។
មានសង្ឃដីកាទៅកាន់មន្ត្រីសង្ឃខណ្ឌមានជ័យ និងគណៈកម្មការវត្តក្នុងឱកាសនោះសម្តេចព្រះអរីយវង្សសៅ ច័ន្ទថុល បានរំលឹកថា អ្វីៗគឺវាអាស្រ័យទៅលើសមត្ថភាព និងឆន្ទះថា តើយើងត្រូវចូលរួមធ្វើអ្វីៗខ្លះនៅតាមវត្តអារាមនីមួយៗ ហើយព្រះចៅអធិការវត្តត្រូវដឹកនាំគ្រប់គ្រងវត្តយ៉ាងដូចម្តេចខ្លះ? សម្តេចក៏បានមានសង្ឃដីកាពន្យល់ដល់មន្ត្រីសង្ឃក្នុងខណ្ឌមានជ័យ អំពីកិច្ចការសាសនាដែលព្រះតេជគុណគ្រប់ព្រះអង្គត្រូវយកទៅអនុវត្ត។
លោកគួច ចំរើន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះទឹកព្រះទ័យរបស់ព្រះចៅអធិការវត្តទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាមឱ្យមានការរីកចំរើនជាលំដាប់ និងលើសពីនេះទៅទៀតព្រះតេជគុណគ្រប់ព្រះអង្គសុទ្ធតែធ្លាប់បានចូលរួមឧបត្ថម្ភថវិកាចែកជូនដល់កងទ័ពនៅសមរភូមិមុខ និងចូលរួមចំណែកឧបត្ថម្ភថវិកា និងសម្ភារដល់កាកបាទក្រហមសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ៕


ចែករំលែកព័តមាននេះ