ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុង សំនៀង​ ទៅ​ប្រកួត​វាយកូន​បាល់​នៅ​វៀត​ណាម

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​កាលពីព្រឹកថ្ងៃទី១៦ សីហា​​ ម្សិលមិញ​ កីឡាករវ័យក្មេង ដែល​ល្បី​ល្បាញ​ខាងវាយកូន​បាល់ ឡុង​ សំនៀង បាន​ចាក​ចេញ​ពីប្រទេសកម្ពុជាហើយតាម​​រថយន្ត ​ទៅ​ប្រកួតនៅប្រទេស​វៀត​ណាម ក្នុងគម្រោង​ដណ្ដើម​យកពានយុវ​ជន​អាយុ​ក្រោម​១៨ឆ្នាំ ។ ដំណើរចាកចេញនេះ ថ្វីដ្បិតមាន​តែលោក​ម្នាក់ និង​គ្រូបង្វឹក​ម្នាក់ តែឡុង សំនៀង អះអាងថា ខ្លួន​នឹងមាន​សង្ឃឹម​​ច្រើនក្នុងការដណ្ដើមយក​ស្នា​ដៃមួយជូនប្រទេសកំណើតវិញ ។

​ចាប់តាំងពីថ្ងៃ​១៣​ សីហា​  កន្លង​មកបណ្ដា​ប្រទេស​នៅលើពិភពលោក ដែលមានកីឡាករ​ជើង​ខ្លាំង​ក្រោម​អាយុ១៨ឆ្នាំ បានបញ្ជូន​កីឡាករ​វាយ​កូនបាល់​ទៅកាន់ប្រទេស​វៀតណាម​ ជា​បណ្ដើរៗហើយ​ដើម្បីធ្វើការប្រកួតគ្នាដណ្ដើម​ពាន​រង្វាន់ Junior Future ប្រចាំឆ្នាំ២០១២ នៅ​ទី​ក្រុង An Cuu ​ប្រទេសវៀតណាម ។​ នេះជា​ការ​ប្រកួតធំមួយ​ដែលធ្វើឡើង​សម្រាប់​តែ​វិញ្ញាសា​​វាយកូន​បាល់យុវ​ជន​​អាយុ​​ក្រោម១៨​ឆ្នាំប៉ុណ្ណោះ ទើប​​ម្ចាស់មេដាយ​សំរឹទ្ធិនៅ​ស៊ីហ្គេម ឥណ្ឌូណេស៊ី ឆ្នាំ២០១១​ លោកឡុង​ សំនៀង បាន​​ក្លាយ​ជា​បេក្ខ​ភាពតែម្នាក់​គត់សម្រាប់​តំណាង​ឲ្យជាតិ ក្នុង​គម្រោងចេញទៅ​ប្រកួតនេះ ។

​លោកជា​ ពៅ​ គ្រូបង្វឹក និងជាអ្នក​ដឹកនាំ​កីឡាករ​ឡុង​ សំនៀង ចេញទៅប្រកួតបាន​ប្រាប់​នៅមុន​ថ្ងៃចេញ​ដំណើរ​ថា​ ការ​ប្រកួត​នេះគេធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយឆ្នាំខ្លះគេធ្វើនៅ​អឺរ៉ុប និង​ឆ្នាំខ្លះគេធ្វើនៅតាម​បណ្ដាប្រទេស​ផ្សេង​ទៀត ។​ ទោះយ៉ាងណា​ ខាងសហព័ន្ធរបស់លោកមាន​លទ្ធ​ភាព​ដឹក​នាំកីឡាករ​ជើង​ខ្លាំង​តែម្នាក់ ឬពីរ​នាក​់ប៉ុណ្ណោះ​ឲ្យចេញទៅ​ប្រកួតនៅពេល​ព្រឹត្តិ​ការណ៍​​នេះប្រារព្ធធ្វើឡើង​នៅក្នុង​បណ្ដា​ប្រទេស​ជិតៗ​ ដូចជាវៀតណាមនាឆ្នាំនេះ។ ការប្រកួត​កីឡា​​វាយ​កូន​បាល់​នេះភាគី​វៀត​ណាម​អត់​មាន​កំណត់ឲ្យកម្ពុជាបញ្ជូន​តែកីឡាករ​ម្នាក់បែប​នេះ ឲ្យ​ចេញប្រកួត​នោះ​ទេ ពោលគឺប៉ុន្មាន​នាក់ក៏​បាន​ដែរ​​ឲ្យតែ​ជាកីឡាករវ័យក្រោម​១៨​ឆ្នាំ ហើយ​ស្ថិត​ក្នុងវិញ្ញាសា​វាយ​កូន​បាល់​តែមួយ​មុខ ។

ប៉ុន្តែ​មកពីកម្ពុជាខ្វះ​ធនធានកីឡាករ​ជើង​ខ្លាំង​​អាយុ​ក្រោម​១៨ឆ្នាំ​ និងម្យ៉ាង​មិន​មាន​ថវិកា​បញ្ជូន​កីឡាករ​បានច្រើន​នាក់ផង ទើប​សម្រេច​បញ្ជូន​តែ​កីឡាករ​ឡុង​ សំនៀង ឲ្យចេញប្រកួត​សម្រាប់​ឆ្នាំនេះ ។​ លោក​ និង​កូនសិស្សបាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ តាម​រថយន្តតាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា​ ម្សិលមិញម៉្លេះ​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​ក្រុងហូជីមិញ​ឆ្ពោះទៅកាន់​ទីក្រុង​ An Cuu ដែល​​​ជាទីតាំងប្រារព្ធ​ពិធី ។​ ការប្រកួតនេះ លោក​មិនទាន់ច្បាស់ថា​នឹងមានការចូល​រួម​ប៉ុន្មាន​ប្រទេសនៅឡើយទេ​ ប៉ុន្តែ​យោង​តាម​ព្រឹត្តិ​ការណ៍​នេះ​បានធ្វើឡើងមុនៗ​ គឺមានសឹង​តែ​គ្រប់​ប្រទេស​ហ្នឹង ពិសេសប្រទេសដែល​មាន​បំណង​បញ្ជូន​កីឡាក​រ​អាយុ​ក្រោម១៨ឆ្នាំរបស់ខ្លួន​ឲ្យ​មក​ប្រកួត ។​

ព្រឹត្តិការណ៍​ប្រកួត​នេះមានរយៈពេល​៧ថ្ងៃ ប៉ុន្តែបើកម្ពុជា​ស៊យ​ត្រូវធ្លាក់មុន​ប្រកួតចប់នោះ​នឹង​ត្រូវវិលត្រឡប់​មុន​កាល​កំណត់​ក៏ថាបាន ។ ផ្ទុយ​ទៅវិញ បើការប្រកួតរបស់ឡុង សំនៀង បែរ​ជាមានលទ្ធផល​ឈ្នះៗ​រហូតនោះគឺរហូត​ដល់​ថ្ងៃ២៣​ សីហា ដែលជាថ្ងៃចែក​មេដាយ​ឯណោះ ទើបពួកលោកអាចវិលវិញ ។ លោកជា ពៅ ឲ្យ​ដឹង​ថា​ ទោះជាលទ្ធផលបែបណា ក៏កីឡា​ករ​ឡុង​ សំនៀង នឹងក្លាយជា​បេក្ខភាព​តែម្នាក់​គត់ ដែល​ខាង​សហព័ន្ធ​បានជ្រើស​ឲ្យចេញ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​វាយកូន​បាល់​​មួយផ្សេងទៀត ដែល​ធ្វើ​ឡើង​​នៅក្នុងប្រទេសវៀត​ណាម​ដូចគ្នាចាប់​ពីថ្ងៃ​ទី២៦​ សីហា​ រហូតដល់ថ្ងៃទី៩​ កញ្ញា សម្រាប់​តែ​យុវ​ជនអាស៊ាន​ វ័យក្រោម​១៨ឆ្នាំ ។ ​​ម៉្លោះ​ហើយ​ទើប​លោក​មិន​ទាន់​ច្បាស់​ថា តើត្រូវ​វិល​មកកាន់​កម្ពុជា​​មួយ​សា​សិន​ ឬបន្តចេញ​ទៅ​ប្រកួត​នៅ​ទី​ក្រុង​ Mind Doung តែម្ដង​ ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅទីក្រុង An Cuu នោះ ។

​ដោយឡែក​ កីឡាករឡុង​ សំនៀង ដែល​អះ​អាងថា​ ទើបតែមានវ័យ១៦ឆ្នាំ បានប្រាប់​កោះ​សន្តិ​ភាពនៅមុនថ្ងៃចេញដំណើរថា ការប្រកួត​នៅ​ប្រទេសវៀត​ណាម​លើកនេះ លោកហាក់​មាន​សង្ឃឹម​ច្រើន​ ដោយសារមុនពេលចាកចេញលោកបានហ្វឹកហាត់​ច្រើន​ ដែលអាចទុក​ចិត្ត​បាន​ពីសមត្ថភាព​របស់​ខ្លួន ។ គាប់ជួន​ជាការប្រកួត​នេះ តម្រូវសម្រាប់តែកីឡាករ​ក្មេងៗ​​អាយុ​ក្រោម​​១៨ឆ្នាំផង ទើប​លោកគិតថា​ វាមិនមែន​ជារឿង​តឹងតែងដូចកាល​លោកចេញប្រកួត​ស៊ី​ហ្គេម និងក្នុង​ព្រឹត្តិ​ការណ៍ប្រកួត​វាយ​កូន​បាល់​​ជាអន្តរជាតិ​ផ្សេង​ទៀត​នោះឡើយ ។​ កីឡា​ករ​ជម្រើសជាតិដែល​ទទួល​បាន​មេដាយ​មាស​ស្ទើរ​តែរាល់​ឆ្នាំនៅ​ក្នុង​ស្រុក​តាំងពីឆ្នាំ២០០៩រូបនេះ​ បញ្ជាក់ថា លោក​នឹង​ពុះ​ពារពាំនា​ំយក​លទ្ធ​ផល​ជា​វិជ្ជ​មានមួយមក​កាន់កម្ពុជាវិញ​ បើ​ទោះ​​ជា​ការ​រំពឹងនោះ​ វាមិន​អាច​ធ្វើឲ្យលោកឈាន​ដល់​ដណ្ដើម​​បានមេដាយ​មាស​ ពីព្រឹត្តិការណ៍ប្រកួត​ដ៏ធំទាំងពីរ​នេះយ៉ាង​ណា​ក្ដី ៕