ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ប្រពន្ធ​​​ត្រឡប់​​មក​ពី​ពិនិត្យ​​ផ្ទៃពោះ​វិញ​ជួប​គ្រោះថ្នាក់​​ចរាចរណ៍

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​​​​៦​ខែ​ម្នាក់​​បាន​ដួល​បែក​ក្បាល​​ និង​រលាត់​ចង្កេះ​​ ខណៈ​ពេល​ប្តី​ឌុប​​ត្រឡប់​មក​ពី​ពិនិត្យ​​​ផ្ទៃ​ពោះ​​​វិញ​បាន​បុក​ម៉ូតូ​​​មួយ​គ្រឿង​​​ទៀត​ដែល​បត់​ចូល​​​ក្នុងបន្ទាយ​​​ទាហាន​​ដោយ​អត់​ស៊ី​ញ៉ូ​បណ្តាលឱ្យ​ដួល​ កាល​ពី​វេលាម៉ោង​​​៤និង​២០​នាទី​រសៀល​ថ្ងៃទី​​១៥ សីហា លើកំណាត់​ផ្លូវ​ជាតិ​​លេខ​៤ មុខ​បន្ទាយ​ទាហាន​​​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច ។ ស្ត្រី​រងគ្រោះ​​ឈ្មោះ ឆាំ ស្រី​លក្ខណ៍​​ អាយុ​២៥​ឆ្នាំ និងប្តី​ឈ្មោះ រី​ សារិទ្ធិ​ អាយុ​​២៦​ឆ្នាំ ​ជា​កសិករ​​ ស្នាក់​នៅ​តំបន់​​អភិវឌ្ឍន៍​សម្តេច​តេជោ​​យោធិនពិការ​​កោះស្លា​៣១៧ ផ្ទះលេខ​​១៥៦ជួរ​ខ្សែ​​ទី​១ ​​​ស្រុក​ឈូក ខេត្ត​កំពត ។

តាម​​សម្តី​ឈ្មោះ រី សារិទ្ធិ​ ជាប្តី​បាន​​ឱ្យ​ដឹងថា​ មុនពេល​កើត​ហេតុ​​រូប​គេ​បានជិះម៉ូតូ​​ស្មាស​​​ស៊េរី​២០០៨ ពណ៌ខ្មៅ ឌុប​ប្រពន្ធ​​ទៅ​ពិនិត្យ​​ផ្ទៃពោះ​​​នៅ​មណ្ឌលសុខ​ភាព​​ខេត្ត​កំពង់​ស្ពឺ បន្ទាប់​ពី​​ពិនិត្យ​ហើយគ្រូពេទ្យ​​បានឱ្យ​ថ្នាំ​​យក​ទៅ​ទុក​​​លេប​រួច​ក៏​ឌុប​ប្រពន្ធ​​ត្រឡប់​មក​ផ្ទះ​​វិញ ។ ពេល​​​កំពុង​ជិះម៉ូតូ​ស្រាប់​តែ​មាន​ម៉ូតូ​​​នាយ​ទាហាន​ម្នាក់បើកខាង​មុខ​​បត់​ឆ្វេង​ចូលក្នុងបន្ទាយ​​​ដោយ​មិនបាន​​ស៊ីញ៉ូទេ ធ្វើឱ្យ​ម៉ូតូ​​របស់គេ​ជាន់​ហ្វ្រាំង​មិនទាន់​​​ក៏ជ្រុល​ទៅ​បុក​​ម៉ូតូ​​នោះ​បណ្តាលឱ្យ​ដួល​បែកក្បាល​​​ប្រពន្ធ​ និង​​រលាត់​​ចង្កេះ ឯគាត់​​ជាប្តី​មិន​មាន​រង​របួស​​ទេ រី​ឯនាយ​ទាហាន​​នោះ​បាន​លើកម៉ូតូ​​ជិះ​ចូល​ទៅ​ក្នុង​​បន្ទាយ​​​ទាហាន​បាត់ បន្ទាប់​មក​ទើប​មាន​នាយ​​​ទាហាន​ដទៃ​​ទៀត​មកប្រាប់​ថា ចាំគេ​ចាប់​អ្នក​បើក​ម៉ូតូ​បង្កនោះឱ្យ​​ទទួល​ខុស​ត្រូវ ។

ប្រភព​​បន្ត​ថា ដោយសារ​តែ​ភិត​ភ័យ​​ប្រពន្ធ​មាន​​របួស​មិនបានគិត​​​​ពី​រឿង​​ចាប់​អ្នក​បង្កទេ ក៏​បញ្ជូន​​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ​​ខេត្តកំពង់​ស្ពឺ​​​រួច​បញ្ជូន​​បន្ត​​ទៅ​ព្យាបាល​​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ​រាជ​ធានី​ភ្នំពេញ ។ ពេល​មកដល់​មន្ទីរ​ពេទ្យ​​​​បាន​ថត​​អេកូ​ពិនិត្យ​​មើល​ផ្ទៃពោះ​បាន​ដឹងថា មិនមាន​ប៉ះពាល់​​ដល​់​ទារក​​ក្នុង​ផ្ទៃ​ទេ តែត្រូវ​ថត​​​ស្គែន​មើល​ក្បាល​​​ដែល​បែក​នោះ​​ទៀត​ ប៉ុន្តែបុរស​ជាប្តី​​មិនមាន​លុយ​ទេ សូម​​ជំពាក់​​​មន្ទីរ​ពេទ្យ​សិន​រង់​ចាំ​​បង​ប្អូន​​យក​ប្រាក់​មក​​តាមក្រោយទើប​សង តែ​មិន​មាន​គ្រូពេទ្យ​​ណា​ហាន​ចេញ​មុខ​ធានា​​ទេ ដោយ​​​សារ​ម៉ាស៊ីន​​ស្គែន​​នោះ​មិនមែន​​ជារបស់​​មន្ទីេពទ្យ​គឺជារបស់​ក្រុម​ហ៊ុន ។​ ដោយ​សារ​គ្មាន​លុយ​​សម្រាប់​ព្យាបាល​របួស​ឱ្យ​ប្រពន្ធ​ បុរស​ជាប្តី​​នៅអង្គុយ​​ទាំង​​មិនអស់​ចិត្ត​ ចេះតែ​និយាយ​ថា គ្រូពេទ្យ​មិនជួយ​​ព្យាបាល​​ប្រពន្ធ​របស់​គាត់​ ។

គ្រូពេទ្យ​បាន​ប្រាប់​ថា ការ​ចាក់ថ្នាំ​ និងមើល​មុខ​​របួស​ខាងក្រៅ​ជួយ​ព្យាបាល​​រួច​រាល់​ហើយ​ ចំណែក​​ពាក់​ព័ន្ធ​​នឹងការ​​ស្គែន​​​​ខួរ​ក្បាល​​មន្ទីរ​ពេទ្យ​​មិនអាច​ជួយ​​បានទេ​​ពី​ព្រោះ​ម៉ាស៊ីន​​ស្គែន​​​នោះ​ជារបស់​ក្រុម​ហ៊ុន​​មិនអាច​​ជំពាក់​បាន​ឡើយ ហើយ​ក៏​មិន​ពាក់​ព័ន្ធ​ជា​មួយ​មន្ទីរពេទ្យ​ដែរ​៕