ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ចក្ររអិល​​ធ្លាក់​ពី​រថយន្ត​ស្ទូច​ សង្កត់​​​លើ​​កាម​រី​​បាឡែន​​ខ្ទេច​​ដំបូល

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​​​កាម​រី​​បាឡែន​​​ ពណ៌ខ្មៅ ​​មួយ​គ្រឿង​ ​បាន​រង​ការ​​ខូច​ខាត​​​ធ្ងន់​​​ធ្ងរ​​​គឺ​ខ្ទេច​ដំបូល​​ដោយ​សារ​​គ្រឿង​​​ចក្រ​មួយទម្ងន់​​រាប់​តោន​​​បាន​​រអិល​​​ធ្លាក់​ពី​​​រថយន្ត​​​​​ស្ទូច​​​មក​​សង្កត់​​ពី​លើ ​កាលពីវេលា​ម៉ោង​​​១០ព្រឹក​​​​​ថ្ងៃទី​​​១៥ សីហា ​​នៅ​មុខ​​យាន​ដ្ឋាន​​មួយ​​កន្លែង​តាម​​ផ្លូវ​​លេខ​៥៩៨ ​ក្នុង​​ភូមិ​​​​​​ទួល​គោក ​​​​សង្កាត់​​​​​ទួល​សង្កែ​​​ ​ខណ្ឌ​ឫស្សី​កែវ ​។ ​ទោះ​​បីជា​យ៉ាង​ណា​​​ ពុំ​​បង្ក​​​ឱ្យ​មនុស្ស​​​​​​ដែល​ជិះ​​​ក្នុង​​​រថយន្ត​​​រង​របួស​​​​ឡើយ ​​។ ​​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង ​ម្ចាស់​គ្រឿង​​​​ចក្រ​​​បានស្ទូច​គ្រឿង​ចក្រ​ចេញ​ពី​​​រថយន្ត​​​​​ហើយ​ដោះ​ស្រាយ​​​​សង​ការ​ខូច​ខាត​​​ ជាមួយ​​​​ម្ចាស់​​​​រថយន្ត​​​​​កាមរី​​​បាឡែន​ ​​។​

​តាម​​​សម្តី​​​បុរសឈ្មោះ ​វ៉ាន ​នី ​អាយុ​៤៣​ឆ្នាំ ជា​អ្នក​បើក​​បរ​​រថយន្ត​ស្ទូច​មាន​លំ​នៅ​​ស្រុក​​កៀន​ស្វាយ​ ខេត្ត​កណ្តាល​​​បាន​ឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​​​ ខ្លួន​បាន​​​ដឹក​គ្រឿង​ចក្រ​​​មួយ​គ្រឿង ​មក​ពី​​តំបន់​​​​ស្រែ​​ពក ខេត្ត​​រតនគិរី​​​ ក្នុង​​​​​គោល​បំណង​យក​​ទៅ​​ដាក់​នៅ​​យាន​ដ្ឋាន​​មួយ​កន្លែង​​​ ។​ នៅ​ពេល​បើក​​មក​ដល់មុខ​​យាន​ដ្ឋាន​​ស្រាប់​តែ​​​​រថយន្ត​ដឹក​គ្រឿងចក្រផ្អៀង​បណ្តាល​ឱ្យ​គ្រឿង​ចក្រ​​​នោះ​​រអិល​​ធ្លាក់​ទៅ​​ខាង​ឆ្វេង​​​​ដៃ​សង្កត់​​លើ​ដំបូល​​រថយន្ត​​កាមរី​បាឡែន​​​​​​​ដែល​កំពុង​បើក​បរ​ក្បែរ​គ្នា បណ្តាល​​ឱ្យ​​​​​រង​ការ​ខូច​ខាត​​​​​​ស្រុញ​​ដំបូលតែ​ម្តង​ ។ ​បន្ទាប់​ពី​​​មាន​គ្រោះ​ថ្នាក់​​​ម្ចាស់​​យាន​យន្ត​​បាន​​នាំ​គ្នា​​​ស្ទូច​​គ្រឿ​ង​ចក្រ​​​ចេញ​រួច​ដោះ​ស្រាយ​​​​​សង​ការ​ខូច​​ខាតទៅ​ខាង​​រថយន្ត​​បាឡែន​​​​តែ​ពុំ​​ដឹ​ង​ថា ​សង​ប៉ុន្មាន​ឡើយ ។

នេះ​ជា​​មេរៀន​​មួយ​ ចំពោះ​​​​យាន​យន្ត​​គ្រប់​ប្រភេទ​​ដែល​​​​​​ផ្ទុក​​​សម្ភារ​ធ្ងន់​​ៗ​​​​ គប្បី​​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​​​​​ខ្ពស់​​ពេល​ធ្វើ​ចរាចរណ៍​​​ ព្រោះ​​បើ​យើងធ្វេ​ស​ប្រហែសតែ​​​បន្តិច​​​​​​បញ្ហា​​​នឹង​កើត​​​មាន​ភ្លាម  ។ ជាក់​ស្តែង​​​ដូច​ករណី​​ខាងលើ​​​ដែល​​​ចាត់​ថា ជា​​ការ​ធ្វេស​ប្រហែស​​មួយ​ក្នុង​​​ការ​ផ្ទុក​គ្រឿង​ចក្រ​​ដែល​មាន​​​ទម្ងន់​​រាប់​តោន​​​​រអិល​​ធ្លាក់​​មក​ដែល​​ករណី​​​​នេះកម្រ​​​នឹង​កើត​​មាន​ណាស់​។ ​សំណាង​​ដែរ គ្រឿង​ចក្រ​​​​នោះ​រអិល​​​ធ្លាក់​​មក​ត្រូវ​រថយន្ត​​មិន​បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​ តែ​បើ​​ធ្លាក់​​មក​ចំហ្វូង​​មនុស្ស​​វិញ  ​ច្បាស់​ជា​​​មាន​អ្នក​សោក​​សង្រេង​​មិន​តិច​ទេ ។ ចំណែក​​​អ្នក​បង្ក​ក៏​ត្រូវ​​មាន​ទោស​​ផង​ដែរ ៕