ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​​អំពាវ​នាវ​​​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​កាល​បរិច្ឆេទ គ.ជ.ប

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សម្តេ​ចអគ្គ​មហា​សេនា​បតី​​តេជោ​​​​​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​​បាន​​​មាន​ប្រសាសន៍​​អំពាវ​នាវ ដល់និស្សិត​ និងប្រជា​ពលរ​ដ្ឋ​​​​នៅ​ទូ​ទាំង​ប្រទេស​សូមអញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​តាម​កាល​បរិច្ឆេទ​​​​​កំណត់​របស់​គណៈ​​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោ​ត ​​ដែល​នឹង​ចាប់​ផ្តើមពី​ថ្ងៃទី​​​១ កញ្ញា ​​រហូត​​ដល់​ថ្ងៃទី​​​១០ តុលា ​​ឆ្នាំ​២០១២ ។

សម្តេ​ចអគ្គ​មហា​សេនា​បតី​​តេជោ​​​​​ ហ៊ុន សែន ​បាន​អំពាវ​នាវ​​​​​​​បែ​បនេះ​​​​​ នាព្រឹក​​ថ្ងៃទី​១៥ សីហា ​​​​នៅមជ្ឈមណ្ឌល​សន្និ​បាត​ និង​ពិព័រណ៍កោះ​ពេជ្រ​ក្នុង​ឱកាស​​​អញ្ជើញ​​​​ជា​អធិតី​ភាព​​​ដ៏​​ខ្ពង់​ខ្ពស់​​​​ក្នុង​​​​ពិធី​ប្រគល់​​​​ញ្ញា​បត្រ​​​ដល់​និស្សិត​​ជ័យ​លាភី​​ ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​​បរិញ្ញាបត្រ​​​​ ថ្នាក់​បរិញ្ញាបត្រ​​ជាន់​ខ្ពស់ ​​​​​និង​ថ្នាក់​​​បណ្ឌិត​ ​​នៃ​​សាកល​វិទ្យា​ល័យបៀ​លប្រាយ​ចំនួន​​​ ៥.៥៥៩នាក់  ។

សម្តេ​ចអគ្គ​មហា​សេនា​បតី​​តេជោ​​​​​ ហ៊ុន សែន ​​មាន​ប្រសាសន៍​​​ថា ​យុវជន​​ និស្សិត​​ដែល​​ត្រូវ​​​ដល់​អាយុ​​​បោះ​ឆ្នោត​​​ត្រូវទៅ​ចុះឈ្មោះ​​​ ។ សូម​​​អំពាវ​នាវ​​ដល់យុវជន ​​​ដែល​ដល់​អាយុ​​​​​​បោះ​ឆ្នោត​​ យុវ​ជន​​​ដែល​មិន​ទាន់​​​មាន​​ឈ្មោ​ះ​បោះ​ឆ្នោត​​​​ ​​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​​ទីកន្លែង​​​​​ណាដែល​ខ្លួន​​រស់​នៅ​​​​ ។ សូម​មេត្តា​​​​ចុះ​ឈ្មោះ​​​តែ​មួយ​​បាន​ហើយ​​​ កុំ​​ចុះ​​ឈ្មោះ​​​ច្រើន​កន្លែង​​​ផ្ទួន​គ្នា ​​​ដែល​ធ្វើ​ឱ្យ​​​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​​មានការ​លំបាក​​​ក្នុង​​​រឿង​  ឈ្មោះ ។​ បើ​​យើង​ទៅ​ចុះ​ឈ្មោះ​​​​នៅ​​កន្លែង​​​​ថ្មី យើង​ត្រូវ​​លុប​ឈ្មោះ​​​នៅ​កន្លែង​​ចាស់​​​​ ហើយ​​សូមទៅ​​​ផ្ទៀង​ផ្ទាត់​​​​​​​មើល​​​​ឈ្មោះ​​​​​របស់ខ្លួន​​ផង​ដែរ ​​ដើម្បី​​​​យើង​​សំអាង​​​​ និង​ជួយ​​​សម្រួល​​​​​​ដល់​ការ​​​បោះ​ឆ្នោត​​​ ។ ​​​សូមកុំ​​បន្ទោស​​​គណៈ​កម្មាធិការ​​​​ជាតិ​រៀប​​ចំ​ការ​បោះឆ្នោត​(គ.ជ.ប​) ព្រោះ​​មនុស្ស​​​​រាប់​លាន​នាក់ ​​ហើយ​​​​​​​​​​យើង​​តែ​ម្នាក់​ឯង ​​គ្រាន់​តែ​ទៅ​ផ្ទៀង​ឈ្មោះ​មិន​​​​​ព្រម​ទៅ​​​​ ​បែរជា​​​​​​​បន្ទោស​​​​ គ.ជ.ប ​ដែល​ត្រូវ​​​​ទទួល​បន្ទុក​​​​​​ខុស​​ត្រូវ​​​​មនុស្ស​​​រាប់​​​​លាន​នាក់​ ​។

​សូម​ប្រយ័ត្ន​​​​​ឈ្មោះ​​ក្នុង​អត្ត​សញ្ញាណប័ណ្ណ និង​ឈ្មោះ ​​​នៅក្នុង​​​​​​​​បញ្ជី​​​​ គ.ជ.ប ​​ហើយ​សំឡេង​​​​សូរ​​សៀង​ដូចគ្នា​ ​​តែ​​សរសេរ​ខុស​​​គ្នា ក៏​មាន​​​ការ​ពិបាក​​​ផង​ដែរ ។​ ឧទាហរណ៍ ​​ដ​ូចជា ​​ឈ្មោះ ​​សំណាង ​ក្នុង​​អត្ត​សញ្ញាណ​ប័ណ្ណសរសេរ​​​​ សំណាង ​​​ប៉ុន្តែ​​ស្រាប់​​ ​​តែ​​​​បញ្ជី​​​​​របស់​គ.ជ.ប ​​ចេញ​​​សំនៀង​​​​សូរ​​របស់​លោក​កេង​ វា៉ាន់ សាក់ ​​​​សរ​សេរ​ទៅជា​​​​(សំនាង) ទៅ វិញ ​​។ ដូច្នេះ​​​ហើយ​​​​នៅពេល​​​ចូលទៅ​​​បោះ​​ឆ្នោត​​​​មាន​​​​​ការពិបាក​ហើយ​​។ ​ទោះ​បី​​​​មាន​ឈ្មោះហើយ​​​​ក៏​ដោយ​​​គឺ​យើង​​ត្រូវ​​​​ទៅផ្ទៀង​​មើល​រវាង​​​អត្ត​សញ្ញាណប័ណ្ណ​របស់​ខ្លួន​​​ជាមួយ​​​​ឈ្មោះ​​នៅ​ក្នុង​​បញ្ជី ។​​

សម្តេ​ចតេជោ​​​​​​នាយក​រដ្ឋ​​​​មន្ត្រី​​​មាន​ប្រសាសន៍​​​​​ថា ​​ទង្វើ​បែប​នេះ ​គឺ​ជា​ការ​​​ចូល​​​រួម​​នៃ​ដំណើរ​​​​​​ការ​ប្រជា​ធិប​តេយ្យ​​​នៅ​កម្ពុជា ​តាម​​​រយៈ​ការ​​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​​​​ ​​ការ​ផ្ទៀង​ផ្ទាត់​​​​​ ដោយ​​ត្រឹម​ត្រូវ​​​​រវាង​​​​អត្ត​សញ្ញាណប័ណ្ណ​​ជាមួយ​ឈ្មោះ​​​នៅ​ក្នុង​​​បញ្ជី​បោះ​ឆ្នោត​​និង​ឈ្មោះ​​​​មាន​តែ​មួយ​​​ ដើម្បី​​​ចៀសវាង​​​​កុំ​​ឱ្យ​​​មនុស្ស​​​ម្នាក់​​​មានឈ្មោះ​​រហូត​ដល់​​​​​ទៅ​ពីរកន្លែង​​​​​ ឬ​បី​កន្លែង​​​​ដោយមិន​បាន​​លុប​ឈ្មោះ​​​​​​ចោល ដែលធ្វើ​ឱ្យ​​​​ការ​បោះ​​​ឆ្នោត​​​មានផល​លំបាក​ ។​ ​ដូច្នេះ​​​ សូម​អំពាវនាវ​​​​​​​ឱ្យ​មាន​ការ​​​​ចូល​រួម​​ពី​ប្រជាពលរដ្ឋ​​​​​ ជា​ពិសេស​​​​ក្មួយៗ​​​​​ជា​យុវជន​​​ដែល​ត្រូវ​​​ដល់​អាយុ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​​​​ហើយ​ ​អ្នក​ដែល​​មានឈ្មោះ​​​ហើយ​​​​ទៅ​ផ្ទៀងផ្ទាត់​​​​ដើម្បី​​ធានា​​ភាព​​ទៀងទាត់​​​​​​របស់​យើង​​នៃ​ការ​បោះ​ឆ្នោត​​​​​ដែ​លនឹង​ប្រព្រឹត​្ត​ទៅ​​នៅ​ថ្ងៃទី២៨ កក្កដា ​ឆ្នាំ​២០១៣ ខាងមុខ​នេះ ។

ទាក់​ទិន​នឹង​និស្សិតស្ម័គ្រ​ចិត្ត​​ចុះ​វាស់​វែង​ដី​ធ្លី ជូន​ប្រជា​ពលរដ្ឋ​​ សម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​គួរ​តែ​​ត្រូវ​បន្ថែម​មួយ​ថ្ងៃ​ទៀត​​ ក្នុង​ការ​​ចុះ​ឈ្មោះ​​ និង​មាន​ឱកាស​​ផ្ទៀង​ផ្ទាត់​ឈ្មោះ ។ ​​និស្សិត​​ទាំង​​នោះ​គួ​រ​តែ​ត្រូវ​បាន​​ផ្ទេរ​ឈ្មោះ​មក​កាន់​ទី​ក្រុង​ភ្នំពេញ​​តែ​ម្តង​​ទៅ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​លំបាក​​ពេល​បោះ​ឆ្នោត​​ ​ប៉ុន្តែ​ត្រូវ​លុប​ឈ្មោះ​​តាម​ខេត្ត​​ ទាំង​ព្រះ​សង្ឃ​ក៏​ចុះ​​ឈ្មោះ​ដែរ ​ព្រោះ​គេ​អត់​បាន​ហាម​ឃាត់​ព្រះ​សង្ឃ​មិន​ឱ្យ​បោះ​ឆ្នោត​​ឯ​ណា ។

សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ​ចំពោះ​ប្រជា​ពលរដ្ឋ​​ថា នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​រាំង​ស្ងួត​នៅតំបន់​មួយ​ចំនួន​នេះ កុំ​អាល​អស់​សង្ឃឹម​ជា​មួយ​នឹង​ការខ្វះ​​ទឹក ។​ឆ្នាំ​នេះ​គឺ​បាតុ​ភូត​​ធម្ម​ជាតិ​ចម្លែក​ណាស់​ មិន​ថា​តែ​ក្នុង​ប្រទេស​​យើង​ទេ ​សូម្បី​តែ​ប្រទេស​​ហ្វ៊ី​លី​ពីន​​​​ទឹកជំនន់​លិច ​នៅ​ប្រទេស​ចិន ទី​ក្រុង​​ប៉េ​កាំង​៦០​ឆ្នាំ​ ហើយ​មិន​ដែល​មាន​ទឹក​ជំនន់​ទេ ស្រាប់​តែ​មាន​ទឹក​ជំនន់ ។ ឯ​កម្ពុជា​យើង​​​មាន​តំបន់​មួយ​ចំនួន​​មាន​ទឹក​ច្រើន តំបន់​មួយ​ចំនួន​ខ្វះ​ទឹក ។ ​ក្រសួង​​ធន​ធាន​ទឹក​ និង​ឧតុនិយម និង​មន្ទីរ​​ធន​ធាន​ទឹក​កំពុង​​តែ​ប្រឹង​​ប្រែង​អន្តរាគមន៍​ជា​មួយ​នឹង​ផ្នែក​កសិកម្ម​ទៅ​លើ​តំបន់​ដែល​មាន​ប្រភព​ទឹក ​។ ​សម្តេច​តេជោ​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ សូមចូល​រួម​គ្រប់​សកម្ម​ភាព​​ដើម្បី​​បូម​ទឹក​​នៅតំបន់​​​ដែល​មាន​ប្រភព​ទឹក​ ត្រូវយក​ម៉ាស៊ីន​​ទៅ​​ជួយ​អន្តរាគមន៍ មិន​ត្រូវ​ឱ្យ​ស្រូវ​ ឬ​សំណាប​ងាប់​ ​ដោយ​​ទី​កន្លែង​​ដែល​មាន​ប្រភព​ទឹក​ហើយ យើង​​មិន​បាន​បូម​ទឹក​ជួយ​នោះ​ទេ ។

​តាម​ការ​ព្យាករណ៍​នៅ​ឆ្នាំ​នេះ ចិន​លើក​ខែ​កម្ពុជា​ក៏​លើក​ខែ​ដែរ ​​​ដូច្នេះ​រដូវ​វស្សា​ឆ្នាំ​នេះ អាច​អូស​បន្លាយរហូត​ដល់​ចុង​ឆ្នាំ​​គឺខែ​ធ្នូ​ឯ​ណោះ ឯ​ព្យុះ​ដែល​ឆ្លង​កាត់​កម្ពុជា​យើង​​មាន​ព្យុះ​​បី ដែល​​អាច​មាន​ឥទ្ធិ​ពល​​​មក​កម្ពុជា​​បែរ​ជា​ទាញ​ទៅ​​ភាគខាង​ជើង​​ទៅ​វិញ ។ ប៉ុន្តែ​កម្ពុជា​យើង​​នៅ​ប៉ះ​​ព្យុះ​ប្រមាណ​ជាង​២០​ទៀត​ ដែល​ព្យុះ​ទាំង​នោះ​នឹង​មាន​ឥទ្ធិ​ពល​​មក​ដល់​កម្ពុជា ។ ដូច្នេះ​ឱកាស​នៅ​មាន​ពេល​វែង​ ទោះ​បី​ជា​យ៉ាង​ណា ​ក៏​យើង​អាច​​បង្កើត​​សំណាប​ថ្មីបាន ។ ​ប៉ុន្តែ​​យើង​មិន​ចង់​ឱ្យ​មាន​​ការ​រង​គ្រោះ​នៅ​តំបន់​​ដែល​​​មាន​ប្រភព​ទឹក​ ​បែ​រ​ជា​មិន​បាន​ដាក់​ម៉ាស៊ីន​បូម​ទឹក​​ទៅ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​សំណាប​ និង​សន្ទូង​របស់​ប្រជា​ពលរដ្ឋ​ ។

ការ​ចូល​ព្រះ​វស្សា​បាន​មក​ដល់​ហើយ​ សម្តេច​តេ​ជោ មាន​ប្រសាសន៍​សូម​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចាក់​ផ្សាយ​ទំនួញ​ប្រេត​​ពេល​ភ្ជុំ ដើម្បី​រំលឹក​ដាស់​តឿន​កូន​ចៅ​ឱ្យប្រឹង​ធ្វើ​បុណ្យ ។ ពិត​មែ​ន​​តែ​អ្នក​ស្មូត​​បាន​ធ្វើមរណ​កាល​ទៅ​ហើយ​ តែ​សំឡេង​របស់​គាត់​ដាស់​តឿន​ពី​ឥឡូវ​…៕