ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ជន​​​ស្និទ្ធ​​​ចិន​​14​នាក់ត្រូវ​​​ចាប់​ខ្លួន​​​នៅកោះ​​មាន​ជម្លោះ​​ជាមួយ​ជប៉ុន​

13 ឆ្នាំ មុន

អាជ្ញាធរ​​និងម៉ាស៊ីន​​ឃោសនា​​ជប៉ុន​​រាយ​ការណ៍​ថា សកម្ម​ជន​ស្និទ្ធ​​​ចិន​១៤​នាក់​​បាន​ត្រូវ​​​ប៉ូលិស​​​ជប៉ុន​​ចាប់​ខ្លួន​​​កាលពី​ថ្ងៃទី​១៥ សីហា​ ក្រោយពី​ពួកគេ​ចុះ​​ទូក​មក​លើ​​កោះ​មាន​ជម្លោះ​​មួយ​​រវាង​ចិន​និង​ជប៉ុន​នៅសមុទ្រ​​​ចិន​ខាងកើត ។​អ្នក​ទទួល​​ខុស​ត្រូវ​​​នៃកង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​​នៅ​កោះ​​​អូគីណាវ៉ា គូសបញ្ជាក់​ថា  យើង​បាន​ចាប់​ខ្លួន​មនុស្ស​​៩​នាក់​ថែមទៀត​​​ពីបទ​ចូលក្នុង​ដែនដី​ជប៉ុន​ដោយ​ខុស​ច្បាប់ ។ មុន​នេះ​​ប៉ូលិស​ជប៉ុន​​រាយ​ការណ៍​ពីការចាប់ខ្លួន​ពួក​សកម្មជន​​ចិន​៥​នាក់​​​​រួច​​​ហើយ ។

យោងតាម​​​​ទូរទស្សន៍​រដ្ឋ​ជប៉ុន​ NHK​ថា កង​ឆ្មាំ​​ឆ្នេរ​​​សមុទ្រ​​​​ក៏​បាន​ចាប់​​ផងដែរ​​​នូវ​នាវា​នេសាទ​​​​មួយគ្រឿង​​​ដោតទង់​​ជាតិ​​ចិន ​ហើយ​ត្រូវ​បញ្ជូន​​​​បណ្តា​មនុស្ស​ដែល​ចាប់​ខ្លួន​មក​កាន់​កោះ​អូគីណាវ៉ា ដើម្បី​ធ្វើ​ការ​ស៊ើប​​​អង្កេត ។​នាយករដ្ឋ​​មន្ត្រី​​​ជប៉ុន​លោកយ៉ូ​ស៊ីហុីកូ ណូដា ដក​ស្រង់​​​​សំដី​​ដោយ​​ទីភ្នាក់​ងារ​ព័ត៌​មាន​​ជប៉ុន​ JIJI ថ្លែង​​​​​ថា​​លោក​​​​​នឹង​​​ដោះ​ស្រាយ​​​​​ឧប្បត្តិ​ហេតុ​​​​នេះ​ដោយ​​យោង​​ទៅ​តាម​ច្បាប់​ ។​ ឯកអគ្គ​​​​​រដ្ឋទូត​​​​ចិន​ ​ប្រចាំ​ក្រុង​តូក្យូ​​ត្រូវ​បាន​​​កោះអញ្ជើញ​ភ្លាមៗ​​​ដោយ​ក្រសួង​​​ការ​បរទេស​​ជប៉ុន​​ដោយ​អនុរដ្ឋមន្ត្រី​​ក្រសួង​​នោះលោក​កីនីជីរ៉ូសាសាអឺ បាន​​ធ្វើ​ការ​តវ៉ាយ៉ាង​ខ្លាំងមួយ​ដំពោះឯកអគ្គ​​​រដ្ឋទូត​​​ចិន​រូបនេះ ។​

​ចំណែក​​​​​នៅក្រុង​ប៉េកាំង​វិញ ឯក​អគ្គ​​រាជទូត​​​ជប៉ុន​​លោក​​អ៊ូអុីជីរ៉ូ នីវ៉ា ​ត្រូវ​បាន​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​​មួយរូប​​​កោះ​អញ្ជើញ​​​​ដោយ​​អះអាង​​​ជាថ្មី​ពីអធិបតេយ្យ​​ភាព​របស់​​​​ក្រុង​​​ប៉េកាំង​​​លើ​​​ប្រជុំ​កោះ​​​មាន​ជម្លោះ​​នេះ ហើយ​ទាមទារ​ឱ្យ​​ដោះ​លែង​ជាបន្ទាន់​នូវ​​មនុស្ស​ទាំងអស់​ដែល​ជប៉ុន​ចាប់​ខ្លួន ។​

​ពួក​សកម្មជន​​ទាំងនេះ​​ដែលជា​អ្នក​​​ជាតិ​និយម​​​​មកពី​​​ក្រុង​ហុង​កុង​​និង​ម៉ាកាវ​​ ជា​សមាជិក​​​គណៈ​កម្មាធិការ​​​​​សកម្មភាព​​ដើម្បី​ការពារ​​​ប្រជុំ​កោះ​​ DIAOYU ​បាន​ធ្វើ​​សកម្ម​ភាពនេះ​​កាលពី​ថ្ងៃទី​​១៥ ​​សីហា ជា​ថ្ងៃ​ខួបនៃ​ការ​សុំ​ចុះ​​ចាញ់​របស់​ជប៉ុន​​កាលពី​ឆ្នាំ១៩៤៥ ។ ​គោល​​​បំណង​​​ពួកគេ​​​គឺ ប្រឆាំង​​គម្រោង​ទស្សនកិច្ច​​​​របស់​​​​បណ្តា​សមាជិក​​​សភា​​ជប៉ុន​​នៅ​​​ប្រជុំ​​កោះ​នោះ  ។ ចាក​ចេញពី​ក្រុង​ហុង​កុង​​​ពួក​គេ​អាច​ទៅ​ដល់​កោះមួយ​ក្នុង​ប្រជុំ​កោះ​​នោះ​ហើយ​ក៏ត្រូវ​ជប៉ុន​ចាប់​ខ្លួន ៕​