ប្រភពព័ត៌មានសន្តិសុខរាយការណ៍កាលពីថ្ងៃទី១៥សីហាថា ភាពតានតឹងមានការកើនខ្ពស់នៅតាមព្រំដែនអុីស្រាអែល-លីបង់។ យោងតាមប្រភពនេះថា កងទ័ពអុីស្រាអែលបានបង្កើនការល្បាតនិងបេសកកម្មសង្កេតការណ៍របស់ខ្លួននៅតាមបណ្តោយព្រំដែន ចំណែកក្រុមហេសប៊ុលឡា ស៊ីអុីត លីបង់ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ។
ភាពតានតឹងនោះកើតមានពេលមានសង្គ្រាមពាក្យសម្តីរបស់បណ្តាមេបញ្ជាការកងទ័ពអុីស្រាអែលនិងបណ្តាអ្នកទទួលខុសត្រូវរបស់ក្រុមហេសប៊ុលឡាហ៍ ។ អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ហេសប៊ុលឡាហ៍ លោកស៊ិកណាប៊ីល កាអូក និយាយកាលពីថ្ងៃទី១៤សីហាកន្លងមកនេះ ក្នុងសុន្ទរកថាមួយនាឱកាសទិវាហ្សេរុយសាឡឹម ថា បណ្តាមីស៊ីលរបស់ពួកហេសប៊ុលឡាហ៍ អាចបាញ់ទៅដល់គ្រប់ទីក្រុងនិងទីតាំងទាំងអស់នៅអុីស្រាអែល ។
លោកកាអូកថ្លែងថា ហេសប៊ុលឡាហ៍ នឹងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់អុីរ៉ង់ប្រសិនបើអុីស្រាអែលសម្រេចវាយប្រហារអុីរ៉ង់ពីព្រោះអុីរ៉ង់ជួយដល់ការតស៊ូនៅលីបង់និងប៉ាឡេស្ទីនជាមួយនឹងការផ្តល់អាវុធ ។ ចំណែកអ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់ម្នាក់របស់កងទ័ពអុីស្រាអែលបានឆ្លើយតបវិញថា ពួកហេសប៊ុលឡាហ៍ កុំប៉ុនប៉ងសាកល្បងកម្លាំងជាមួយកងទ័ពអុីស្រាអែលពីព្រោះកងទ័ពអុីស្រាអែលមានការរីកចម្រើនខ្លាំងណាស់កុំចង់សាកអី ។
ចំណែកប្រទេសអារ៉ាប់៥ នៅតំបន់ឈូងសមុទ្រពែរ្ស៍កាលពីថ្ងៃទី១៥ សីហា បានអំពាវនាវដល់ជនជាតិពួកគេឱ្យនាំគ្នាចាកចេញពីលីបង់ ដោយសារការគំរាមកំហែងនានាទាក់ទិនដល់ជម្លោះនៅស៊ីរី ។អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន និងកូវ៉ែត បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានធ្វើការអំពាវនាវនោះហើយណែនាំឱ្យជនជាតិពួកគេនៅលីបង់ដែលមិនចង់ចាកចេញឱ្យប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ