រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនពណ៌ខ្មៅ មួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ដោយសារត្រូវគ្រឿងចក្រមួយគ្រឿងរអិលធ្លាក់សង្កត់ពីលើ ។ ទោះបីជាយ៉ាងណាពុំបង្កឱ្យមនុស្សដែលជិះនៅក្នុងរថយន្តរងរបួសឡើយ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ សីហា ២០១២ នៅមុខយានដ្ឋានមួយកន្លែងតាមផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមសម្តីឈ្មោះវ៉ាន នី ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកបើករថយន្តស្ទូច មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកគ្រឿងចក្រមួយគ្រឿងមកពីស្រែពក ខេត្តរតនៈគិរី ក្នុងបំណងយកទៅដាក់នៅយានដ្ឋានមួយកន្លែងក្បែរកន្លែងកើតហេតុខាងលើ ដើម្បីសាងដាក់ឱ្យរថយន្តស្ទូចមួយគ្រឿងទៀតដឹកទៅត្រែងតាយឹង ខេត្តកំពង់ស្ពឺ ។ ខណៈពេលបើកមកដល់មុខយានដ្ឋាន ស្រាប់តែគ្រឿងចក្រនោះបានរអិលធ្លាក់ទៅសង្កត់ពីលើរថយន្តកាមរីបាឡែនដែលបើកមកក្បែរ បណ្តាលឱ្យរងការខូចខាតស្រុញដំបូល។ បន្ទាប់ពីមានគ្រោះថ្នាក់ម្ចាស់យានដ្ឋានបាននាំគ្នាស្ទូចគ្រឿងចក្រនោះចេញរួចដោះស្រាយសងការខូចខាតតែពុំដឹងថា សងប៉ុន្មានឡើយ ៕


ចែករំលែកព័តមាននេះ