ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកវគ្គ​បណ្តុះ​បណ្តាល​តួនាទី ភារ​កិច្ច និង​ក្រម​សីល​ធម៌​អាចារ្យ​ខ្មែរ​ជំនា់​ទី​១១​ ដើម្បី​ឱ្យ​ចេះ​​រៀប​​កិច្ច និង​សាមគ្គី​គ្នា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាចារ្យ-អាចារិន​ីខែ្មរ​ចំនួន​៣៩៧អង្គ-នាក់បានមក​ជួបជុំគ្នានៅ​ក្រសួង​ធម្មការ និងសាសនា ដើម្បី​ទទួល​​ចំណេះ​ដឹង​បន្ថែម​ក៏ដូចជា​ការតម្រង់​ទិសអាចារ្យ​ទាំងនោះ​ឲ្យ​ឯក​ភាពគ្នាក្នុង​ការដឹកនាំ​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋានឲ្យយល់ដឹង​ពីតម្លៃវប្បធម៌​ដ៏ល្អផូរ​ផង់​របស់​ខ្មែរយើង កាលពីរសៀលថ្ងៃទី១៥ សីហា  ២០១២ នៅក្រសួង​ធម្មការ​និងសាសនា។

លោក​មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនាមានប្រសាសន៍ថា ការ​បើកវគ្គ​បណ្តុះ​បណ្តាល​នេះពិតជា​ផ្តល់​ឱកាស​​យ៉ាងល្អ​ចំពោះ​អាចារ្យ-អាចារិនី​ទាំងអស់បាន​ជួបជុំផ្លាស់​ប្តូរ​យោ​បល់ពីគ្នាទៅវិញទៅមក និងបាន​យល់ដឹង​ពីវិធី​សាស្ត្រ​ក្នុងការដឹក​នាំការងារ​មង្គលបុណ្យ​ទាន និងពិធី​បុណ្យ​ផ្សេងៗ។ លោកមិន ឃិន ក៏បាន​កោត​សរសើរ​ដល់លោក​អាចារ្យ និង​អាចារិនី​​ដែល​បាន​លះបង់ពេល​វេលាដ៏មមា​ញឹក​ក្នុងរដូវ​វស្សា​មក​សិក្សា​នូវចំណេះដឹងបន្ថែម ហើយ​​បាន​ជំរុញ​ឲ្យ​លោក​ឧទ្ទេ​សាចារ្យ​ទាំងអស់​ខិត​ខំពន្យល់​ឲ្យ​បានពិស្តារនូវរាល់មេរៀន​នីមួយៗ។

លោកឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ មាន​ប្រសាសន៍​​ថា ក្រសួង​ធម្មការ និងសាសនា​បាន​បើក​វគ្គបណ្តុះ​បណ្តាល​នេះបាន​ចំនួន​​១០​វគ្គ រួច​មក​ហើយសរុប​អាចារ្យទាំង​អស់ចំនួន​៣.០៨៩​នាក់។ តាមរយៈការ​បណ្តុះ​បណ្តាល​ចំនួន១០​វគ្គ​រួច​មក​ហើយ​​នោះ​ឃើញ​ថា អាចារ្យ​ទាំង​អស់ចេះ​សាមគ្គីគ្នា ស្រលាញ់គ្នា និងរាប់អានគ្នា និង​បាន​ចង​ក្រងជាសមា​គម​អាចារ្យខ្​មែរផងដែរ។

តាមរយៈ​ការផ្តល់​កិច្ចសំភាសន៍​លោក​តា​អាចារ្យ​នៅវត្តស្អំ ស្ថិតនៅស្រុកពញាក្រែក ខេត្ត​កំពង់​ចាម បានមាន​ចំណាប់​អារម្មណ៍​ថា រូប​គាត់​មាន​សេចក្តីរីក​រាយ​ណាស់ ដោយបាន​ក្រសួង​ធម្ម​ការ និង​សាសនាបាន​បើកវគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង គឺដើម្បីឲ្យ​អាចារ្យ​គ្រប់រូប​ត្រូវ​យក​ចិត្តទុក​ដាក់​ដឹកនាំការងារនេះឲ្យបានឯកភាពគ្នាក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន។

លោកអំ ជា​សុផាន អាចារ្យវត្តត្រពាំង ស្ថិត​នៅ​ស្រុកពញាក្រែក ខេត្តកំពង់ចាម មាន​ចំណាប់​អារម្មណ៍​ដោយ​ទឹកមុខ​រីក​រាយ​ថា ការ​បណ្តុះ​បណ្តាល​នេះ គឺស្ថិតនៅ​ក្រោមការ​បង្ហាត់បង្រៀន​ពី​ព្រះឧទ្ទេសាចារ្យ និងឧទេសា​ចារ្យ​ទាំងអស់ ហើយ​​នៅពេលដែលលោកអំ ជាសុផាន ត្រលប់​ទៅ​កាន់មូលដ្ឋានវិញនោះ​លោកអំនឹង​យក​ទៅ​ដឹក​នាំប្រជា​ពុទ្ធបរិស័ទ​លើការងារ​ទាក់ទង និង​ប្រពៃណីដ៏​ល្អផូរផង់​របស់បុព្វ​បុរស​យើង​ឲ្យ​សម​ស្រប​ទៅតាម​ច្បាប់៕