ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ឃាត់ខ្លួនកាលពីថ្ងៃទី១៤ សីហា ២០១២ ក្រោយពីទទួលពាក្យបណ្តឹងនារីរងគ្រោះចោទពីបទឆបោក ខណៈនាំគ្នាទៅដេកនៅផ្ទះសំណាក់ ។
លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែង ឱ្យដឹងថា ជនសង្ស័យឈ្មោះណី កុសល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ២០ឆ្នាំ មានទីលំនៅស្រុកលើកដែក ខេត្តកណ្តាល ជានារីបម្រើស្រាបៀរនៅហាងនាងពួន ស្ថិតក្នុងភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានមកប្តឹងថា កាលពីថ្ងៃទី២ សីហា ២០១២ វេលាម៉ោង៦ល្ងាចឈ្មោះណី កុសល និងបក្សពួក២នាក់ទៀតបានជិះម៉ូតូ១គ្រឿងមកផឹកស៊ីនៅហាងនាងពួន លុះពេលផឹកស៊ីបានបន្តិចឈ្មោះណី កុសល បានបបួលនាងទៅដេកនៅផ្ទះសំណាក់មួយក្នុងតម្លៃ៥០.០០០រៀល ។
ប្រភពបន្តថា ខណៈពេលធ្វើសកម្មភាពបានសម្រេចហើយជនសង្ស័យក៏បានយកលុយពីក្នុង ហោប៉ៅនាងចំនួន៥០.០០០រៀលវិញ រួមនឹងទូរស័ព្ទដៃ១គ្រឿងទៀត ជិះម៉ូតូមកមុន ដោយទុកឱ្យនារីរងគ្រោះនៅទីនោះតែម្នាក់ឯង ហើយឌុបមិត្តភក្តិរបស់ខ្លួនទៅផ្ទះបាត់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ