កីឡាករលំដាប់ទី២ពិភពលោកណូវ៉ាក់ យ៉ូកូវិចសម្រេចបានជោគជ័យជំហ៊ានទី១នៅក្នុងយុទ្ធនាការដណ្តើមយកពានជើងឯកកម្មវិធី Western & Southern Openលើទឹកដីសហរដ្ឋអាមេរិកខណៈកាលពីថ្ងៃពុធទី១៥សីហា គេបានឆ្លងផុតជុំទី២បន្ទាប់ពីឈ្នះកីឡាករអុីតាលី Andreas Seppi ។
នៅលើទីលាន Lindner Family Tennis Centerស្ថិតក្នុងក្រុង Masonរដ្ឋអូហៃយ៉ូ យ៉ូកូវិចបានបំបាក់ Seppiក្នុងលទ្ធផល២សិតទល់នឹងសូន្យគឺ ៧-៦និង៦-២ ។ សម្រាប់យ៉ូកូវិច នេះជាការសាកល្បងដ៏លំបាកមួយក្នុងខណៈរូបគេកំពុងរៀបចំខ្លួនចូលរួមក្របខណ្ឌធំដំណាច់រដូវកាល US Open ។ អ្វីដែលតឹងតែងបំផុតនោះគឺនៅសិតទី១ដែលនៅសិតនេះ រូបគេដណ្តើមបានជ័យជម្នះដោយពឹងលើវគ្គបន្ថែមម៉ោងប៉ុណ្ណោះ ។
កីឡាករវ័យ២៥ឆ្នាំរបស់ស៊ែប៊ីរូបនេះបានថ្លែងថា៖«ខ្ញុំមិនសប្បាយចិត្តចំពោះការប្រកួតលើកនេះសោះ ។ ដើម្បីនៅក្នុងកម្មវិធីនេះឱ្យបានយូរ ខ្ញុំត្រូវតែប្រកួតឱ្យបានល្អជាងនេះ ។ ទាំងខ្ញុំទាំងSeppiសុទ្ធតែបានធ្វើឱ្យមានកំហុស unforced errorsច្រើន។ នេះមិនមែនជាការប្រកួតដែលល្អមួយនោះទេ »។
ដោយឡែកម្ចាស់មេដាយមាសអូឡាំពិកទីក្រុងឡុងឆ្នាំ ២០១២ អ៊ែនឌី មូរ៉េក៏បានមកចូលរួមការប្រកួតនេះផងដែរ ។ កីឡាករអង់គ្លេសរូបនេះនៅតែរក្សាបាននូវភាពខ្លាំងរបស់ខ្លួនជាដដែលដោយបានយកឈ្នះកីឡាករដៃខ្លាំងរបស់អាមេរិក Sam Querreyក្នុងលទ្ធផល២សិតទល់នឹងសូន្យ ៦-២និង៦-៤ ។
គេមិនដឹងថា តើយុទ្ធនាការស្វែងរកជ័យជម្នះរបស់មូរ៉េនៅទីនេះអាចសម្រេចបានឬយ៉ាងណាទេ ដ្បិតកាលពីប្រកួតនៅកាណាដាសប្តាហ៍កន្លងទៅ គេបានប្រកាសដកខ្លួនបន្ទាប់ពីរបួសចាស់បានរើឡើង ។ តែក្នុងការប្រកួតលើកនេះ គេសង្កើតឃើញ រូបគេមានចំណុចខ្លាំងលើការវាយសឺវីសនិងការការពារ ។
លទ្ធផលប្រកួតគូផ្សេងទៀតមានដូចជា កីឡាករម្ចាស់ផ្ទះ Mardy Fishយកឈ្នះកីឡាករអាហ្សង់ទីន Carlos Berlocqក្នុងលទ្ធផល ៦-៣និង៦-១ ខណៈកីឡាករ James Blakeត្រូវវេចសម្ពាយដើរចេញបន្ទាប់ពីចាញ់ក្រោមថ្វីដៃកីឡាករវ័យ២២ឆ្នាំរបស់ជប៉ុន Kei Nishikoriក្នុងលទ្ធផល ២-៦,៦-៤និង៦-៤ ។
លទ្ធផលផ្នែកនារីវិញសាម៉ាន់ថា ស្តូសួក្នុងនាមជាកីឡាការិនីការពារជើងឯកបានយកឈ្នះកីឡាការិនីអេស្ប៉ាញ Anabel Medina Garriguesក្នុងលទ្ធផល ៦-៣,៦-៧និង៦-៤ ។ ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួតដែលមានរយៈពេល២ម៉ោងនិង៣៧នាទី ស្តូសួបានបញ្ជាក់ថា ៖«ខ្ញុំគិតថា ខ្ញុំនៅតែអាចលុបចោលចន្លោះប្រហោងនោះបានតិចតួចប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ល្អនៅទីនេះ ដោយសាតែទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមហាជន » ៕


ចែករំលែកព័តមាននេះ