ដើម្បីជ្រើសរើសយកបុរសម្នាក់មកធ្វើជាឧត្តមស្វាមី គឺជារឿងមួយលំបាកខ្លាំងណាស់ វាហាក់ដូចជារាវរកម្ជុលនៅក្នុងបាតសមុទ្រអញ្ចឹង ។ ការជ្រើសរើសស្វាមី តែខុសម្តងគឺខុសមួយជីវិត មិនដូចជាបង្កបង្កើនផល ធ្វើស្រែចម្ការខុស២-៣ឆ្នាំអាចត្រូវវិញនោះទេ ។ នេះគឺជាសុភាសិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងដែលបានបន្សល់ទុករាប់តំណមកហើយ ដើម្បីធ្វើជាទឡ្ហីករណ៍សម្រាប់មនុស្សជាតិជំនាន់ក្រោយទុកធ្វើជាដើមទុន មេរៀនជីវិត ជាពិសេសស្ត្រី ដើម្បីជ្រើសរើសយកស្វាមីឱ្យបានសមតាមបំណងប្រាថ្នារបស់ខ្លួន ។
មុននឹងចូលទៅដល់ប្រភេទស្វាមី ស្ត្រីទាំងឡាយគប្បីយល់នូវពាក្យថា«ស្វាមី»នេះឱ្យបានច្បាស់លាស់ជាមុនសិន ។ តើពាក្យនេះមានន័យដូចម្តេច?
យោងទៅតាមវចនានុក្រមរបស់សម្តេចសង្ឃជួនណាត «ស្វាមី»មានន័យថា ម្ចាស់, ប្តី, ប្រុសជាម្ចាស់ផ្ទះ, អ្នកឃុំគ្រងដែលគេហៅថា ស្វាមីភរិយា ។
តើស្វាមីជំពូកណាខ្លះដែលស្ត្រីគួរចៀសវាងដាច់ខាតកុំយកខ្លួនបៀត ?
យោងទៅតាមសៀវភៅរបស់ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា ដែលមានចំណងជើងថា «ជីវិតអាពាហ៍ពិពាហ៍»បានបែងចែកស្វាមីជា៧ជំពូក គឺ ៖
១-ស្វាមីដូចពេជ្ឈឃាត
២-ស្វាមីដូចចោរ
៣-ស្វាមីដូចចៅហ្វាយ
៤-ស្វាមីដូចបងប្រុស
៥-ស្វាមីដូចមិត្តភក្តិ
៦-ស្វាមីដូចឪពុក
៧-ស្វាមីដូចទាសា
ក្នុងចំណោមស្វាមីទាំង៧ជំពូកដូចរៀបរាប់ខាងលើនេះ ស្ត្រីគួរចៀសវាងកុំសេពគប់ឱ្យសោះចំពោះស្វាមី៣ជំពូកខាងលើ ។ តើស្វាមី៣ជំពូកខាងលើនេះ មានគុណវិបត្តិអ្វីខ្លះ ?
-ស្វាមីដូចពេជ្ឈឃាត គឺជាប្រភេទស្វាមី
ដែលចូលចិត្តប្រើអំពើហិង្សាមកលើប្រពន្ធកូន គិតតែពីរឿងវាយដំច្រំធាក់រករឿងសម្លាប់ប្រពន្ធរបស់ខ្លួនដែលជាទង្វើមួយសង្គមកំពុងតែស្អប់ខ្ពើម និងលុបបំបាត់ ។ ស្វាមីជំពូកនេះ គឺមិនសូវមានចិត្តចង់ប្រកបមុខរបរអ្វីដើម្បីឱ្យគ្រួសារចម្រុងចម្រើននោះទេ ផ្ទុយទៅវិញក្នុងអារម្មណ៍របស់គេដក់ជាប់ជាមួយនឹងអំពើហិង្សាតែប៉ុណ្ណោះ ។
-ស្វាមីដូចចោរ ៖ ស្ត្រីទាំងឡាយប្រហែលជាយល់ហើយថា ចោរគឺជាមនុស្សប្រភេទណា ? ស្វាមីជំពូកនេះ ក៏គួរកុំសេពគប់ដែរ ពីព្រោះតទៅថ្ងៃអនាគត គឺមិនអាចធ្វើឱ្យក្រុមគ្រួសារមានសុភមង្គលបានទេ ផ្ទុយទៅវិញភរិយាត្រូវតែត្រៀមខ្លួនទុកជាស្រេច ដើម្បីហែលក្នុងសមុទ្រទឹកភ្នែក ។ ស្វាមីដូចចោរ មានន័យថា ស្វាមីដែលគ្មានភាពស្មោះត្រង់ជាមួយប្រពន្ធកូន ។ ពេលរកទ្រព្យបានមិនគិតទុកដាក់បម្រុងសម្រាប់ប្រពន្ធកូន បែរជាលាក់ទុកចាយម្នាក់ឯង ឬយកទៅចិញ្ចើមសហាយ ស្រីក្មេង ឬក៏ទុកលេងល្បែងអបាយមុខផ្សេងៗ ភ្លេចប្រពន្ធ ភ្លេចកូន ។ លើសពីនេះទៀត ស្វាមីដូចចោរ គឺមិនត្រឹមតែកិបកេងប្រាក់កាសដែលខ្លួនឯងរកបានប៉ុណ្ណោះទេ សូម្បីតែប្រាក់ប្រពន្ធ ឬកូនខំសន្សំទុកក៏ហ៊ានលូកដៃលួចដែរ ។ ដូច្នេះគួរចៀសឱ្យឆ្ងាយពីស្វាមីប្រភេទនេះ សុខចិត្តនៅក្រមុំចាស់ប្រសើរជាងឱបភ្នំភ្លើងស្វាមីដូចចោរនេះ ។
-ស្វាមីដូចចៅហ្វាយ ៖ បច្ចុប្បន្នសង្គមរបស់យើងកំពុងតែប្រឹងប្រែងអប់រំបញ្ជ្រាបពីបញ្ហាយេនឌ័រ ដើម្បីឱ្យមានសមភាពរវាងស្ត្រី និងបុរស កុំឱ្យមានរើសអើង និងបែងចែកចំពោះកិច្ចការធ្វើទាំងអស់ ។ ស្វាមីដូចចៅហ្វាយមានន័យថា ចាំតែស្តីបន្ទោសប្រពន្ធ មិនជួយធ្វើកិច្ចការក្នុង-ក្រៅ មើលថែរក្សាកូនចៅ ពោលគឺអង្គុយចាំតែបញ្ជា ។ ស្វាមីប្រភេទនេះ ជារឿយៗជាមនុស្សឈរតែចង្អុល ហើយប្រើប្រពន្ធដូចជាទាសករ និងមិនឱ្យតម្លៃគ្រប់គ្រាន់សម្រាប់ភរិយារបស់ខ្លួនឡើយ ។
យោងតាមការរៀបរាប់ខាងលើនេះ ស្ត្រីទាំងឡាយត្រូវចេះបែងចែកស-ខ្មៅ ល្អ-អាក្រក់ ចៀសឱ្យឆ្ងាយពីស្វាមីទាំង៣ជំពូកខាងលើនេះ ហើយងាកមកជ្រើសរើសយកស្វាមី៤ជំពូកខាងក្រោមជំនួសវិញ ទើបញ៉ាំងឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នក ឆ្លងផុត
មហាសមុទ្រទុក្ខឥតល្ហែនេះបាន ហើយកសាងក្រុមគ្រួសារមួយដែលពោរពេញទៅដោយសុភមង្គល និងក្លាយជាមនុស្សមានតម្លៃក្នុងសង្គម ៕
ចែករំលែកព័តមាននេះ