យោងតាមការសិក្សាថ្មីមួយបានរកឃើញថាការចុះទម្ងន់អាចជួយធ្វើឲ្យបុរសធាត់ដុះពោះកំប៉ោងជាមួយនឹងរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ២មានសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ ។ អំឡុងពេលធ្វើពិសោធ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានឲ្យបុរសធាត់ដុះពោះកើតជំងឺទឹកនោមផ្អែម៣១នាក់ទទួលអាហារដែលមានកាឡូរីទាប(មានខ្លាញ់តិច) និងអាហារមានប្រូតេអុីនខ្ពស់ ។
ការពិសោធនេះមានន័យថា ពួកគេត្រូវបានកាត់បន្ថយការទទួលទានកាឡូរីដល់៦០០ក្នុង១ថ្ងៃ។ អ្នកដែលចុះទម្ងន់៥ភាគរយគឺមានភាពងាយស្រួលដល់អវយវៈភេទឆាប់ឡើងរឹងព្រមទាំងបានជួយសម្រួលចំណង់ផ្លូវភេទក្នុងរយៈពេល៨សប្តាហ៍ ហើយជួនកាលភាពប្រសើរឡើងវិញនេះអាចបន្តដល់១២ខែ។
លោកហ្គារី វីតធ័រមកពីសាកលវិទ្យាល័យUniversity of Adelaide បានថ្លែងថា៖«ការរកឃើញរបស់យើងគឺវាមានភាពជាក់លាក់ដោយមានភស្តុតាងដែលបានបញ្ជាក់ថា វាមិនត្រឹមតែធ្វើឲ្យប្រដាល់ភេទឆាប់ងើបឡើងនោះទេ ប៉ុន្តែថែមទាំងបានជួយធ្វើឲ្យល្អប្រសើរឡើងនូវមុខងារបំពង់បង្ហូរនោមទៀតផង»។ ការរកឃើញលើកមុនបានបង្ហាញថា ការផ្លាស់ប្តូរបែបបទរស់នៅក៏អាចជួយបង្កើនសមត្ថភាពផ្លូវភេទបានដែរ ។ ការសិក្សាលើកនេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិប័ត្រ The Journal of Sexual Medicine ៕
ចែករំលែកព័តមាននេះ