រាជធានីភ្នំពេញ ៖ ទីតាំងស្ថានីយប្រវត្តិសាស្ត្រ ឬទីទួលបុរាណជាច្រើនត្រូវមន្ត្រីផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាស្រាវជ្រាវរកឃើញនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសុទ្ធសឹងតែជាទីតាំងឡផលិតកុលាលភាជន៍ (ក្អម ឆ្នាំង ចានធ្វើពីដី) ពីសម័យបុរាណ មានអាយុកាលរាប់រយឆ្នាំមុន។
មន្ត្រីផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា បានធ្វើកំណាយរុករកតឹកតាងនានានៅលើទីទួលបុរាណទាំងនោះចាប់ពីថ្ងៃទី១៣ សីហាមក ។
លោកផុន កសិកា ប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា ទីទួលប្រវត្តិសាស្ត្រនេះសម្បូរទៅដោយឡផលិតកុលាលភាជន៍កាលពីសម័យបុរាណមានអាយុកាលចំណាស់ ហើយមានទីតាំងស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ លោកបានចាប់ផ្តើមស្រាវជ្រាវតាំងពីអំឡុងឆ្នាំ២០០០មកម៉្លេះ ដែលពេលនោះរកឃើញឡចំនួន២៣ និងទីទួលប្រាសាទបុរាណមុនសម័យអង្គរ។ ការស្រាវជ្រាវនោះគឺតាមរយៈឯកសាររបស់លោកហ្សង់ បូសលីយេ ជនជាតិបារាំង ដោយលោកបានចងក្រងឯកសារស្រាវជ្រាវ និងបានយកសសរពេជ្រ ព្រមទាំងសិលាចារិកពីតំបន់នោះទៅទុកនៅសារមន្ទីរជាតិភ្នំពេញ ។
លោកផុន កសិកា បន្តថា នៅក្នុងឆ្នាំ២០០៤ ស្រាវជ្រាវរកឃើញឡផលិតកុលាលភាជន៍ចំនួន៦១ និងទីទួលប្រាសាទបុរាណចំនួន១១បន្ថែមទៀត នៅក្នុងភូមិសាស្ត្រសង្កាត់ជើងឯក និងសង្កាត់ដង្កោ ជាពិសេសគឺបានរុករកឃើញភូមិបុរាណមួយឈ្មោះថា «ភូមិមូល» ដែលមនុស្សជំនាន់នោះលើកដីជាទំនប់បន្ទាយ និងមានគូទឹកនៅខាងក្នុងព័ទ្ធជុំវិញទៀតផង។ កន្លងមកតាមរយៈការថតរូបភាពពីលើអាកាសឃើញយ៉ាងច្បាស់ពីទ្រង់ទ្រាយភូមិបុរាណនេះ ។
ប្រភពដដែលឱ្យដឹងថា នៅក្នុងឆ្នាំ២០១២នេះ ដោយមានមូលនិធិ Friendsofkhmerculture ជួយទើបការស្រាវជ្រាវបានបញ្ចប់ ហើយពេលនេះលោកដឹកនាំធ្វើកំណាយនៅលើទីតាំងទួលបុរាណចំនួន៣ស្ថិតនៅក្បែរគ្នា ក្នុងគោលបំណងសំខាន់គឺដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ រចនាបថ ទំហំរូបរាងរបស់ឡ អាយុកាលរបស់ឡ និងការរៀបចំទីតាំង ព្រមទាំងប្រភេទកុលាលភាជន៍។ ក្រោយពេលធ្វើកំណាយនេះរួចមកនឹងយកទៅពិសោធន៍ទើបបានដឹងពីអាយុកាល និងសម័យកាលរបស់ទីតាំងនោះ ។តាមរយៈការរកឃើញអំបែងកន្លងមកដឹងបានថា ជំនាន់នោះអាចមានការជួញដូរ ឬដោះដូរទំនិញនេះទៅដល់តំបន់មួយចំនួនដូចជាតំបន់អង្គរ ឧដុង្គ ស្ថានីយប្រវត្តិសាស្ត្រស្រែអំពិល ក្នុងស្រុកកៀនស្វាយ និងស្ថានីយបុរាណកំភ្លុង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាដើម ។
លោកផុន កសិកា ថ្លែងថា ទីតាំងចំនួន៣ដែលកំពុងធ្វើកំណាយនោះ ទីតាំងទី១ត្រូវគេជីកកកាយអស់ហើយ ឯទីតាំងទី២នៅសល់រូបរាងពាក់កណ្តាលប៉ុណ្ណោះ។ ចំពោះទីតាំងទី៣គឺនៅសល់រូបរាងដើមទាំងស្រុង ហើយទីតាំងទី៣នេះក្រុមការងារមានសង្ឃឹមថា នឹងអាចរកឃើញតឹកតាងនានាច្រើន តែពេលនេះទើបតែចាប់ផ្តើមជីកនៅមិនទាន់បានឃើញអ្វីគួរឱ្យកត់សម្គាល់ទេ។
ក្រុមការងារត្រូវប្រើពេល៤សប្តាហ៍ក្នុងការជីកកាយនេះ ដោយមានការចូលរួមពីលោកវៀន វុទ្ធី អនុប្រធាននាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឆាយ រចនា អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតបុរាណវិទ្យាបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន៣នាក់ និស្សិតកំពុងសិក្សា៧នាក់ និងប្រជាពលរដ្ឋនៅក្នុងភូមិស្រុកចេក៥នាក់ទៀត ។
លោកប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យចូលរួមជួយអភិរក្សតំបន់ស្ថានីយប្រវត្តិសាស្ត្រទាំងនោះផង ព្រោះវាជាទិន្នន័យដ៏សំខាន់មួយសម្រាប់បំពេញការខ្វះខាតប្រវត្តិសាស្ត្រសម័យមុនអង្គរ ៕


ចែករំលែកព័តមាននេះ