យោងទៅតាមប្រភពព័ត៌មានស៊ី អិន អិន ចេញផ្សាយកាលពីថ្ងៃពុធទី១៥ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា កីឡាករជម្រើសជាតិបារាំង២រូប គឺហ្វ្រង់ រីប៊ើរី និងប៊ិន ហ្ស៊ីម៉ា នឹងត្រូវឡើងទៅបំភ្លឺនៅតុលាការនាដើមឆ្នាំក្រោយពីបទចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយពេស្យាចាអនីតិជន ។កីឡាករហ្វ្រង់ រីប៊ើរី និងប៊ិន ហ្ស៊ីម៉ា ធ្លាប់ត្រូវបានតុលាការកោះហៅទៅសាកសួរម្តងរួចទៅហើយកាលពី២ឆ្នាំមុន ពីបទជាប់ពាក់ព័ន្ធជាមួយក្រុមស្ត្រីពេស្យាចាមិនទាន់គ្រប់អាយុ ។
លោក Andre Dondo ចៅក្រមស៊ើបអង្កេតបាននិយាយប្រាប់ទូរទស្សន៍ស៊ី អិន អិន ថា ជនជាប់ចោទទាំង២រូបនេះអាចនឹងមានម្នាក់ត្រូវជាប់ទោស ក៏ប៉ុន្តែខ្ញុំមិនទាន់ហា៊នបង្ហើបប្រាប់ឱ្យដឹងបានទេនៅពេលនេះ ។ លោកបានបន្តទៀតថា ការកាត់ក្តីនៅសល់ពេលវេលាវែងឆ្ងាយជាច្រើនខែទៀត គឺអាចនឹងធ្វើឡើងនៅដើមឆ្នាំ២០១៣ ដូច្នេះខ្ញុំត្រូវការស៊ើបអង្កេតបន្ថែមទៀតមុននឹងធ្វើអត្ថាធិប្បាយ ។
ដោយឡែក មេធាវីរបស់កីឡាករហ្វ្រង់ រីប៊ើរី វិញបាននិយាយការពារកូនក្តីរបស់ខ្លួនថា កីឡាករហ្វ្រង់ រីប៊ើរី គឺគ្មានទោសកំហុសនោះទេ ពីព្រោះគាត់មិនបានដឹងថាស្ត្រីរកស៊ីផ្លូវភេទទាំងនោះជាអនីតិជនទេ ។គួររំលឹកដែរថា ករណីកីឡាករទាំង២នាក់នេះបានកើតឡើងមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ នៅពេលប៉ូលិសបានឆ្មក់ចូលក្នុងរង្គសាលមួយកន្លែងក្នុងទីក្រុងបារីស ដែលមានកីឡាករជម្រើសជាតិបារាំងជាច្រើនរូបនៅទីនោះ ហើយក្រោយមកមានស្ត្រីម្នាក់ឈ្មោះ Zahia Dehar ចេញមុខចោទប្រកាន់កីឡាកររីប៊ើរី និងប៊ិនហ្ស៊ីម៉ា ថា បានរួមភេទជាមួយនាងដែលមិនទាន់គ្រប់អាយុ ៕


ចែករំលែកព័តមាននេះ