បណ្តាមន្ត្រីនានាបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់ពី០,៥%ទៅ២%នៅឆ្នាំនេះ ដោយសារតែការនាំចេញរបស់ប្រទេសនេះបន្តធ្លាក់ចុះ ។ ឧស្សាហកម្មសំខាន់ៗជាច្រើនកំពុងដាំក្បាលធ្លាក់ចុះ ប៉ុន្តែខ្លះទៀតក៏មានស្ថានភាពនៅនឹងនៅឡើយ ។ ការលក់ដូរនៅតាមហាងទំនិញនានានៅតែមានអតិថិជនច្រើនដោយឡែកហាងលក់ភេសជ្ជៈជាច្រើនហាក់ដូចជាធ្លាក់ចុះខ្លាំងដែរ ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន 7-eleven របស់តៃវ៉ាន់ទទួលបាន៤១០លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងខែកក្កដា កើន១៤% ។
លោក Lin Chu Chua សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ National Chengchi បានពន្យល់ថា អ្នកត្រូវតែហូប និងរស់នៅបើទោះបីស្ថិតនៅក្នុងពេលវេលាមិនល្អក៏ដោយ ។ ហេតុដូច្នេះហើយវិស័យសេវាកម្មគឺអាចនឹងវិលទៅរកភាពល្អប្រសើរវិញ ព្រមទាំងមានស្ថិរភាពបើប្រៀបធៀបនឹងឧស្សាហកម្មផ្សេងៗទៀត។ ឧស្សាហកម្មសំខាន់ៗរបស់តៃវ៉ាន់ហាក់ដូចជាកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសាកលខ្លាំងដែរ ។ ការបញ្ជូនព័ត៌មាន និងទូរគមនាគមន៍សម្រាប់ខែកក្កដាធ្លាក់ចុះ៣៥% ដែលនេះជាហេតុធ្វើឱ្យការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសដីកោះមួយនេះធ្លាក់ចុះដល់ទៅ៥ខែពេញ ។
ចំណែកលោកសាស្ត្រាចារ្យ Kenneth Lin មកពីសាកលវិទ្យាល័យជាតិតៃវ៉ាន់បាននិយាយថា ឧស្សាហកម្មព័ត៌មានរបស់យើងពឹងផ្អែកសំខាន់លើការនាំចេញទៅកាន់អាមេរិក និងអឺរ៉ុបម៉្លោះហើយការនាំចេញវាផ្អែកលើឧស្សាហកម្មសំខាន់ៗទាំងអស់នេះ ។ ដូច្នេះនៅពេលដែលសេដ្ឋកិច្ចពិភពលោកបែរទៅរកការធ្លាក់ចុះនោះ សេដ្ឋកិច្ចរបស់យើងក៏ទទួលរងផលប៉ះពាល់ភ្លាមៗ ដែរ ។ នៅពេលដែលវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបនៅតែបន្តកើតមាន នេះជាពេលវេលាមួយសម្រាប់តៃវ៉ាន់ដើម្បីបង្វែរការចាប់អារម្មណ៍មកលើសេដ្ឋកិច្ចរបស់ខ្លួន ។ នៅក្នុងឆ្នាំនេះមានភ្ញៀវទេសចរចិនប្រមាណ៤លាននាក់មកលេងតៃវ៉ាន់ ហើយបានផ្តល់ចំណូលដល់វិស័យទេសចរណ៍ចំនួន៧ពាន់លានដុល្លារអាមេរិក ។ កំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់នៅឆ្នាំនេះទំនងជាល្អប្រសើរជាងមុនប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រសិនបើរដ្ឋាភិបាលឆ្លៀតឱកាសងាកមកអភិវឌ្ឍឧស្សាហកម្មសេវាកម្មនោះ វានឹងជួយឱ្យតៃវ៉ាន់គេចផុតពីវិបត្តិសេដ្ឋកិច្ចសាកល ក៏ដូចជាសម្រេចបានកំណើនប្រកបដោយចីរភាពផងដែរ ៕
ចែករំលែកព័តមាននេះ