តម្លៃប្រេងបានកើនឡើងលើសពី៩៣ដុល្លារក្នុង១ធុងកាលពីថ្ងៃចន្ទនៅអាស៊ី ក្រោយពីទីភ្នាក់ងារថាមពលអន្តរជាតិទម្លាប់ការព្យាករតម្រូវការប្រេងឆៅ និងចំពេលដែលបណ្តាក្រុមវិនិយោគិនរង់ចាំការបង្ហាញតួលេខលក់រាយរបស់អាមេរិក ។ តម្លៃប្រេងឆៅសម្រាប់ខែកញ្ញារបស់ក្រុមហ៊ុន New York Merchantile Exchange កើន២៣សេនដល់៩៣,១០ដុល្លារក្នុង១ធុង ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុន Brent អង់គ្លេសកើន៧៤សេនដល់១១៣,៦៨ដុល្លារក្នុង១ធុង ។
លោក Mark Pervan អ្នកយុទ្ធសាស្ត្រជាន់ខ្ពស់ម្នាក់ប្រចាំធនាគារ ANZ នៅទីក្រុងមែលប៊ឺន និយាយថា នៅសប្តាហ៍នេះអ្វីដែលយើងផ្តោតសំខាន់គឺទៅលើការលក់រាយរបស់អាមេរិកសម្រាប់ខែកក្កដា ជាសូចនាករមួយថា តើតម្រូវការប្រេងឆៅនឹងកើនឡើង ឬមួយក៏ធ្លាក់ចុះ? លោកថា ទិន្នន័យនៃការលក់រាយនឹងផ្តល់ឱ្យយើងនូវសន្ទស្សន៍នៃតម្រូវការដ៏ល្អមួយ ។ តួលេខនៃតម្លៃលក់រាយខ្លាំងនឹងជួយឱ្យតម្លៃប្រេងឡើងថ្លៃដែរ ហើយទិន្នន័យសេដ្ឋកិច្ចផ្សេងទៀតរបស់អាមេរិកនៅសប្តាហ៍នេះក៏រួមបញ្ចូលទាំងតួលេខផលិតផលឧស្សាហកម្មសម្រាប់ខែកក្កដាដែរ ។
គួររំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ទីភ្នាក់ងារថាមពលអន្តរជាតិបានទម្លាក់ការព្យាករតម្រូវការប្រេងពិភពលោកពី៨៩,៩លានធុងមកនៅត្រឹម៨៩,៦លានធុងវិញ ។ ទីភ្នាក់ងារនេះក៏បានកាត់បន្ថយការព្យាករតម្រូវការប្រេងសម្រាប់ឆ្នាំ២០១៣ពី៩០,៩លានធុងក្នុង១ថ្ងៃមកនៅ៩០,៥លានធុងក្នុង១ថ្ងៃ ។ ទីភ្នាក់ងារនេះនិយាយថា ការកាត់បន្ថយគឺវាកើតចេញមកពីស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ និងតម្លៃប្រេងចេះតែឡើងថ្លៃឥតឈប់ឈរ ៕
ចែករំលែកព័តមាននេះ